ភ្នំពេញ៖ គណៈបញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃបាន​ប្រកាស​ច្រានចោល​គណនី​បណ្តាញ​សង្គម Weibo របស់​ប្រទេស​ចិន មួយរូប​ឈ្មោះ Tie Xiao Jun ដែល​ចោទប្រកាន់​នគរបាលជាតិ​កម្ពុជា​ពាក់ព័ន្ធ​ថា បាន​លក់​ព័ត៌មាន​ទៅឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ។

អគ្គស្នងការ​នគរបាលជាតិ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​០៣ ខែមីនានេះថា​៖ «ជនជាតិ​ចិន ដែល​ប្រើ​គណនី Weibo ឈ្មោះ​ Tie Xiao Jun បានធ្វើការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត ចោទប្រកាន់​មកលើ​ស្ថាប័ន​នគរបាលជាតិ​កម្ពុជា បង្កើតឱ្យមាន​ការភ័ន្តច្រឡំ​ដល់​មតិសាធារណៈ​ជាតិ​និង អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ និង​បង្កឱ្យមាន​ការភ័យខ្លាច​ដល់​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគទុន​បរទេស​»។

សេចក្ដីប្រកាសបានបន្ដថា ការ​ផ្សព្វផ្សាយ​នោះ​ចោទប្រកាន់ថា ​នគរបាលជាតិ​កម្ពុជាលក់​ព័ត៌មានឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ពី​ករណី​ពលរដ្ឋ​ចិន​កំពុង​រងគ្រោះ​ដោយ​ការធ្វើ​ទារុណកម្ម​ក្នុង ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដែលគណនី​ឈ្មោះ Tie Xiao Jun​ ជា​អ្នកដើរ​ប្រមូល​ព័ត៌មាន​ពី​ពលរដ្ឋ​ចិន ដែល​កំពុងធ្វើការ​ក្នុង​ទីតាំង​អន​ឡាញ​នៅ​កម្ពុជា​ដោយផ្ទាល់​។

អង្គភាពរបស់​ក្រសួង​មហាផ្ទៃនេះ បាន​បញ្ជាក់ថា៖ «​ពុំមាន​ជនបរទេស​រងគ្រោះ​ដូច​ការលើកឡើង ដោយ​សមត្ថកិច្ច​មិនបាន​យកចិត្តទុកដាក់​ជួយ អន្តរាគមន៍ ក្រោយពេល​ទទួលបាន​ព័ត៌មាន​នោះឡើយ​»។

​គណៈបញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទបាន​បង្ហាញ​ទិន្នន័យ​ថា ​ក្នុង​ឆ្នាំ​២០២៤ និង​ដើមឆ្នាំ​២០២៥ សមត្ថកិច្ច​នគរបាល​កម្ពុជា​បានធ្វើការ​ស្រាវជ្រាវ តាម​សំណើសុំ​អន្តរាគមន៍​របស់​ជន​បរទេស​ពី​គ្រប់​ប្រភព ដោយបាន​បើក​ប្រតិបត្តិ​ការស្វែងរក បាន​ចំនួន​១,៧៨៣​សំណើ រកឃើញ​ជនបរទេស ៣,៣០៤​នាក់​។ 

ក្នុងនោះ​មាន​សំណើ​ចំនួន​១,៣៩៥​ករណី ជា​ករណី​ប្រឌិត​ព័ត៌មាន​ក្នុង​គោលបំណង លាឈប់​ពី​ការងារ​មុន កិច្ចសន្យា (​ចំនួន​៦៧៣​សំណើ​) និង​ករណី​ជនបរទេស​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​គ្មាន​លទ្ធភាព​ត្រឡប់ ទៅ​ប្រទេស​កំណើត​វិញ (​ចំនួន​៦៨៣​សំណើ​) ជាដើម។

​​សំណើ​ចំនួន​៣២​ករណី ត្រូវបាន​រៀបចំឡើង​ដោយ​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​សាមីខ្លួន​ក៏​មិនបាន​ស្នើសុំ​នោះដែរ​។

សំណើ​ចំនួន ​៣៧៣​ ករណី​ផ្សេងទៀត មាន​ជនបរទេស​ចំនួន​៨១១​នាក់ មិនត្រូវ​បាន​រកឃើញ​ដោយ​មូលហេតុ បុគ្គល​ក្នុង​សំណូមពរ​អន្តរាគមន៍​បាន​លាឈប់​ពី​ការងារ​និង​បាន​ចាក​ចេញពី​ទីតាំង (​ចំនួន​៣០៩​សំណើ​) និង សំណើ​មិន​ពិតប្រាកដ​គ្មាន​តម្រុយ​ច្បាស់លាស់ (​ចំនួន​៦៤​ករណី​)​។

អង្គភាព​នេះ បាន​លើកឡើងថា​៖ «​​ក្រៅពី​ការស្រាវជ្រាវ​តាម​សំណើ​ជនបរទេស ចាប់តាំងពី​ឆ្នាំ​២០២៤ រហូតមកដល់​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​អន​ឡាញ​ខុសច្បាប់​បាន​ចំនួន ១៨​ទីតាំង និង​បាន​ឃាត់ខ្លួន ជនបរទេស​ដើម្បី​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចំនួន ៣,៧២៤​នាក់ មាន​ចំនួន ១៦​សញ្ជាតិ ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាន​ចំនួន ១៥​ករណី និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​បាន ចំនួន ៧៦​នាក់»​៕