ភ្នំពេញៈ ក្រុមហ៊ុនជិត២០០ត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករខ្មែរទៅធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសចំនួន៤ ហើយក្រៅពីនេះ គឺជាទីភ្នាក់ងារជ្រើសរើសឯកជនមិនស្របច្បាប់ ដែលត្រូវមានចំណាត់ការតាមនិតីវិធីច្បាប់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃពុធ ទី៥ ខែមីនាបានជូនដំណឹងដល់សាធារណជន ពីក្រុមហ៊ុន ដែលត្រូវបានអនុញ្ញតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ (ឬកម្មសិក្សាការី) ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស។

ក្នុងនោះ ប្រទេសជប៉ុនមាន ភ្នាក់ងារជ្រើសរើសឯកជនច្រើនជាងគេ គឺរហូតដល់ទៅ១០៩, ប្រទេសថៃចំនួន៧៧, សិង្ហបូរីចំនួន៤ និងតំបន់រដ្ឋបាលពិសេសហុងកុងចំនួន១ផងដែរ។

ប្រជាពលរដ្ឋ ដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសទាំងនេះ អាចពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​www.mlvt.gov.kh។

ក្រៅពីនេះ ក៏អាចជ្រើសរើសទីភ្នាក់ងារជ្រើសរើសឯកជន និងចុះឈ្មោះស្វែងរកការងារ ដោយផ្ទាល់តាមកម្មវិធីទូរស័ព្ទដៃ "MLVT Services” ឬតាមទូបញ្ជារសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាននៅក្រសួងការងារ, ស្ថាប័នផ្សេងៗ, ផ្សារទំនើប, ហាងកាហ្វេ ម៉ាតធំៗ និងទីប្រជុំជនសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ថា៖«រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលមិនមានឈ្មោះក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថា ជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់»។

ហេតុនេះ ក្រសួងការងារបាន អំពាវនាវ ឱ្យសាធារណជន រាយការណ៍ជាបន្ទាន់ទៅក្រសួងតាមរយៈ Hotline លេខ១២៨៦/១២៩៧ លេខទូរស័ព្ទ ០៨៩ ៩៥៧ ៧៨៩ ឬក្រុមតេលេក្រាម សម្រាប់ "ពលករទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬទំនាក់ទំនង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ។

ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារការផ្សព្វផ្សាយ ពាណិជ្ជកម្មពាក់ព័ន្ធនឹងការជ្រើសរើស ឬផ្តល់សេវារកការងារឱ្យធ្វើនៅបរទេសដល់ពលករខ្មែរនៅតាមបណ្តា សារព័ត៌មានណាមួយ ជាពិសេសតាមបណ្តាស្ថានីយ៍វិទ្យុ ត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន។

កាលពីឆ្នាំ២០២៤កន្លងមក ក្រសួងបានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសចំនួន ៤៤ ៨៦២នាក់ (ស្រី ១៧ ២៧០នាក់) ហើយមានពលករកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ចំនួន ១៨ ៥៦១នាក់ ដែលក្នុងនោះ មានស្រី ៦ ៩៣៤នាក់។

ពលករកម្ពុជា ដែលបានចេញទៅធ្វើការ និងកំពុងស្នាក់នៅ ធ្វើការនៅបរទេស បានកើនឡើងពីប្រមាណ ១,៣៥លាននាក់ នៅឆ្នាំ២០២៣ ដល់ប្រមាណ ១,៣៨លាននាក់ នៅឆ្នាំ២០២៤ ហើយធ្វើឱ្យប្រាក់បញ្ញើត្រឡប់មកប្រទេសវិញ បានកើនពីប្រមាណ ២,៩៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ដល់ប្រមាណ ២,៩៥ពាន់លាន ដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។

ក្រសួងក៏បានឱ្យដឹងផងដែរថា សហគ្រាស គ្រឹះស្ថាន បានកើនឡើងចំនួន៣ ៨២៣ ពី ចំនួន៤០ ៩៧៥ នៅឆ្នាំ២០២៣ ដល់ចំនួន ៤៤ ៧៩៨សហគ្រាស នៅឆ្នាំ២០២៤នេះ។

រីឯចំនួនកម្មករនិយោជិតវិញបានកើនឡើង ចំនួន ១០១ ០១៧នាក់ (ពី១ ៧១៥ ០២៩នាក់ ដល់ចំនួន ១ ៨១៦ ០៤៦នាក់) ដែលបានផ្តល់ប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៦ពាន់លានដុល្លារអាម៉េរិក។

ក្រសួងក៏បានបង្ខិតមធ្យោបាយផ្តល់សេវា ដោយបានបង្កើតសាខាមជ្ឈមណ្ឌលការងារចំនួន ៣ នៅផ្សារទំនើបអ៊ីអនម៉ល។ បច្ចុប្បន្នមានមជ្ឈមណ្ឌលការងារចំនួន១៤, មជ្ឈមណ្ឌលការងារចល័តចំនួន៧ និងបញ្ជារសេវា សាធារណៈចល័តតាមប្រព័ន្ធអេឡិចត្រូនិកចំនួន១០០គ្រឿងផងដែរ៕