
អាជ្ញាធរមីនកំពុងព្រៀងឯកសារសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ា ដើម្បីបោសសម្អាតមីនប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ២០៣០។
ការពិភាក្សាជាលក្ខណៈអន្តរក្រសួងលើឯកសារព្រាងនេះធ្វើឡើងនៅថ្ងៃទី៦ ខែមីនានេះ នៅទីស្នាក់ការអាជ្ញាធរមីន ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទីមួយនៃអាជ្ញាធរមីន។
កម្ពុជាជារដ្ឋភាគីនៅឆ្នាំ២០០០ និងបានស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩ និងលើកទី២ ឆ្នាំ២០២០-២០២៥។
សំណើសុំលើកទី២ បានដាក់គោលដៅបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែ កម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ខ្វះធនធាន និងការកើនឡើងទំហំផ្ទៃដីសង្ស័យមានមីន ដែលត្រូវបានស្រាវជ្រាវរកឃើញថ្មី ក្នុងតំបន់មួយចំនួន ជាពិសេសនៅតាមបណ្តោយខេត្តជាប់ព្រំដែនថៃ។
អាជ្ញាធរមីនបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «កត្តាទាំងនេះ ជំរុញឱ្យកម្ពុជា ត្រៀមរៀបចំស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ២០២៦-២០៣០។ អាជ្ញាធរមីន នឹងរៀបចំលិខិតគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លើសំណើសុំពន្យារពេលបោសសម្អាតមីន លើកទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ នេះ»។
កិច្ចប្រជុំក៏បានពិភាក្សាទៅលើសេចក្តីព្រាងឯកសារគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ផងដែរ បន្ទាប់ពីសិក្ខាសាលាពិភាក្សាផ្តល់យោបល់ ប្រមូលធាតុចូលត្រូវបានធ្វើជាងច្រើនលក់។
អាជ្ញាធរមីនថ្លែងថា គោលនយោបាយជាតិសកម្មភាមីន ២០២៦-២០៣៥ នឹងត្រូវរៀបចំឱ្យបានរួចរាល់ និងបញ្ជូនឆ្លងគណៈរដ្ឋមន្រ្តី ដើម្បីដំណើរតាមនីតិវិធី ដាក់ឆ្លងជូននាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច យ៉ាងយូរចុងឆ្នាំ២០២៥ នេះ។
យោងតាមអាជ្ញាធរមីន គិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន មានចំនួន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៥៤៧ គីឡូម៉ែត្រក្រឡា៕