
អ្នកបើកបររថយន្តក្រុង កម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ឆ្លងកាត់ខេត្តព្រៃវែងជាច្រើនរូប ត្រូវបានឃាត់ធ្វើការអប់រំ បញ្ឈប់ការបំពានច្បាប់ចរាចរណ៍។ រូបថត Chhoeun Bunchhorn
ព្រៃវែងៈ ស្នងការនគរបាលខេត្តព្រៃវែង បានតាំងចិត្តទប់ស្កាត់សកម្មភាពបំពានច្បាប់ របស់អ្នកបើកបររថយន្តក្រុងវៀតណាម-កម្ពុជា ឱ្យបាន ក្នុងរយៈពេល១ ឬ២ខែខាងមុខ ដោយមិនឱ្យពួកគេបន្តធ្វើតាមទំនើងចិត្តទៀតនោះទេ។
ការតាំងចិត្តលុបបំបាត់បញ្ហា ដែលបង្កឡើងដោយអ្នកបើករថយន្តក្រុង កម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជានោះ ធ្វើឡើងនាថ្ងៃទី៦ ខែមីនានេះ បន្ទាប់ពី អ្នកបើកបរទាំងនោះ ត្រូវបានឃាត់ ដើម្បីធ្វើការអប់រំជាបន្តបន្ទាប់ ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ កាលពីពេលថ្មីៗនេះ។
លោកឧត្ដមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានធ្វើការកត់សំគាល់ថា រថយន្តក្រុង កម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ជាច្រើនគ្រឿង ដែលបើកបរឆ្លងកាត់ខេត្តព្រៃវែង ហើយមានខ្លះល្មើសច្បាប់ចរាចរណ៍ និងខ្លះត្រឹមត្រូវនោះ ត្រូវបានឃាត់ធ្វើការអប់រំយ៉ាងហ្មត់ចត់ ឱ្យបានគ្រប់ៗគ្នាតែម្តង។ ក្នុងនោះ គឺមិនមានការផាកពិន័យនោះឡើយ។
លោកបន្តថា រឿងរថយន្តក្រុងលើផ្លូវជាតិលេខ១ គឺមិនមែនរឿងថ្មីនោះឡើយ។ ការពិតទៅបញ្ហាបានកើតមានរាប់ឆ្នាំមកហើយ ដែលភាគច្រើន តៃកុងរថយន្តក្រុងដឹកជនជាតិវៀតណាមបើកបរលឿនៗ មិនគោរពច្បាប់ និងវ៉ាជែងព្រហើនៗណាស់។ ទាំងនោះ គឺជារឿងពិត ដែលមិនអាចប្រកែកបាន។
លោកបានន្ថែមថា ពីមុន លោកក៏តែងតែណែនាំមន្ត្រី ឱ្យធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចំពោះរថយន្តទាំងនោះដែរ ប៉ុន្តែការអនុវត្ត គឺធ្វើបាន«ដូចភ្លើងចំបើង ដូចខ្យល់ព្យុះ មួយប្រ៉ាវៗក៏ស្ងាត់ទៅវិញ ហើយអ្នកមិនគោរពច្បាប់នៅតែមិនគោរពច្បាប់»។
លោកស្នងការបានលើកឡើងនៅលើបណ្តាញសង្គមរបស់លោកដូច្នេះថា៖«លើកនេះ ថ្ងៃនេះ ខ្ញុំតាំងចិត្តថា លើទឹកដីខេត្តព្រៃវែង ក្រុមឡានក្រុងនេះនឹងមិនអាចបន្តធ្វើអ្វីស្រេចតែចិត្តនឹកឃើញបានបន្តទៀតឡើយ ហើយមន្ត្រីណាដែលអនុវត្តមិនត្រឹមត្រូវ ឬមិនយកចិត្តទុកដាក់ចំពោះរឿងនេះនឹងត្រូវទទួលរងទណ្ឌកម្ម។ សង្ឃឹមថា ១ខែ ឬ២ខែទៀតប្រជាជនដែលប្រើប្រាស់ផ្លូវជាតិលេខ១នឹងទទួលយកបានអ្វីដែលពួកយើងខ្ញុំប្រឹងប្រែង»។

ប៉ុន្តែនៅថ្ងៃក្រោយ បើពួកគាត់នៅតែល្មើសទៀត នោះការអនុវត្តច្បាប់យ៉ាងតឹងរឹង នឹងត្រូវតែធ្វើ ហើយសូមកុំឱ្យមានការប្រមាថដល់មន្រ្តីនគរបាល ចំពោះការអនុវត្តច្បាប់។
ទោះយ៉ាងណា លោកក៏បានលើកឡើងផងដែរថា៖«ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។
យ៉ាងណាក៏ដោយ ខ្ញុំជឿថា អ្នកចូលចិត្តប្រព្រឹត្តល្មើសនៅតែល្មើសកែពិបាកឡើង។ ម្យ៉ាងនគរបាលយើងក៏គ្មានលទ្ធផលឈរប្រចាំការមើល ១០០ម៉ែត្រមួយៗនោះដែរ ។ ទាមទារការចូលរួម»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទង លោកឧត្ដមសេនីយ៍ទោឈឿន ប៊ុនឆន ដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេនា ថ្ងៃទី៦ ខែមីនានេះ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការ លើករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បន្ទាប់ពីក្រុមការងារបានប្រមូលព័ត៌មានពីសាធារណជន ទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១ ក្នុងខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ពីក្ដីព្រួយបារម្ភរបស់ពួកកាត់ ចំពោះសកម្មភាពបើកបរ វ៉ាជែង មិនគោរពសិទ្ធអាទិភាព ហើយដែលជារឿយៗបង្កគ្រោះថ្នាក់។
ក្រសួងមហាផ្ទៃបានលើកឡើងថា តបតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការមួយចំនួនបន្ថែមទៀត។
ក្នុងនោះមានជាអាទិ៍ការបំពាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពរថយន្តដឹកអ្នកដំណើរ ក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរលើសល្បឿនកំណត់។
ចំណាត់ការនេះ ក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ ចំពោះការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ មកពីប្រទេសវៀតណាម, ភ្ញៀវទេសចរណ៍កម្ពុជាទៅវៀតណាម និងភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរទៅមក តាមមធ្យោបាយរថយន្តក្រុងភ្នំពេញវៀតណាមនេះដែរ៕