
ឯកអគ្គរដ្ឋទូតចិន Wang Wenbin ថ្លែងក្នុងពេលសម្ពោធគម្រោងគាំទ្រកុមារតូច នៅថ្ងៃទី៥ ខែមីនា។ Unicef Cambodia
កម្ពុជា ចិន និង អង្គកាយូនីសេហ្វ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់គុណភាពការអប់រំប្រកដោយបរិយាបន្ន សុខភាព អាហារូបត្ថម្ភ និងអនាម័យ សម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា។
ភាពជាដៃគូនេះធ្វើឡើងដើម្បីលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់សិស្សានុសិស្សវ័យក្មេងៗនៅក្នុងប្រទេស។ គម្រោងនេះនឹងផ្តល់សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន ១ម៉ឺននាក់ និងសិស្ស ៨ម៉ឺន នាក់នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា។
កុមារមានពិការភាពចំនួន ៦០០ នាក់ ក៏នឹងទទួលបានការគាំទ្រផងដែរដើម្បីធ្វើឲ្យការសិក្សាកម្រិតបឋមសិក្សា និងការរៀនសូត្រប្រកបដោយបរិយាបន្នមានភាពប្រសើរឡើង។
គម្រោងនេះក៏នឹងលើកកម្ពស់ការផ្តល់អាហារដល់ទារក និងកុមារតូច ការត្រួតពិនិត្យការលូតលាស់ និងការរកឃើញការកុមារដែលមានបញ្ហាស្គមស្គាំង។
សេចក្ដីប្រកាសព័ត៌មានរួមនៅថ្ងៃទី៥ ខែមីនា បានបញ្ជាក់ថា ជំនួយពីប្រជាជនចិនក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០ នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន ២០០ កន្លែង និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០ នាក់ ដើម្បីផ្តល់សេវាសុខភាព និងអាហារូបត្ថម្ភប្រកបដោយគុណភាព។
គម្រោងនេះនឹងនឹងជួយបុគ្គលិកសុខាភិបាល និងគ្រូបង្រៀនចាប់យកឥរិយាបថថែទាំមានសុខភាពល្អ និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ៥ ឆ្នាំចំនួន ៦ម៉ឺន ៥ពាន់នាក់ និងសិស្សានុសិស្ស ៣ម៉ឺននាក់ ។
ការគាំទ្ររួមមេះ ក៏នឹងដោះស្រាយគម្លាតជាបន្ទាន់ក្នុងការទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) សម្ភារៈអនាម័យចាំបាច់សម្រាប់ការសម្អាតដៃនឹងត្រូវបានផ្តល់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយដែលហានិភ័យនៃការចម្លងរោគ និងការរីករាលដាលនៃជំងឺ។
បន្ថែមពីលើនេះ គម្រោងក៏ផ្ដល់សម្ភារៈអនាម័យសម្អាតនិងសម្ភារៈសិក្សា និងបង្រៀនផ្សេងទៀតដល់មត្តេយ្យសិក្សាសហគមន៍ចំនួនជាង ៣ពាន់ ទីតាំង នៅក្នុងប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារប្រមាណ ៦ម៉ឺន នាក់។
លោក វ៉ាងវ៉ិនប៊ីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្លែងថា៖ «យើងសង្ឃឹមថា តាមរយៈគម្រោងនេះ កុមារនៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជាអាចមានអារម្មណ៍កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ពីប្រជាជនចិន។ កុមារគឺជាអនាគតរបស់ប្រទេស និងប្រជាជាតិ»។
លោកបន្តថា៖ «យើងគួររួមគ្នាថែទាំដល់ការលូតលាស់របស់កុមារឱ្យមានសុខភាពល្អ។ កុមារគឺជាអ្នកស្នងមរតកនៃមិត្តភាពប្រពៃណីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និងជាអ្នកបន្តវេននៃការអភិវឌ្ឍពិភពលោក»៕