
ពិធីបូជាព្រះសិវលិង្គដែលអនុវត្តក្នុងពិធីអាពាហ៍ពិពាហ៍ កាលពីពេលថ្មីៗនេះ។ Cambodiamyhome
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ ដែលរៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ កុំឲ្យបន្តយក«ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដោយហេតុថា ការអនុវត្តនេះប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។
នៅក្នុងសេចក្ដីសេចក្ដីអំពាវនាវនៅថ្ងៃទី៦ ខែមីនានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា កាលពីថ្មីៗនេះ ក្រសួង បានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ក្រសួងបញ្ជាក់ថា ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។
ក្រសួងពន្យល់ថា៖ «ជាទូទៅគេធ្វើ នៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេ ធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ»។
ក្រសួងបន្តថា សម្រាប់ពិធីអាពាហ៍ពិពាហ៍ វិញ គឺជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូស្វាមីភរិយា។
ពិធីនេះក៏ទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនាខ្លះដែរ តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។
អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។
ក្រសួងបញ្ជាក់ថា៖ «កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ»។
កាលពីប៉ុន្មានថ្ងៃមុននេះ សំអាងការមួយបានយកពិធីបូជាព្រះសិវលិង្គទៅអនុវត្តក្នុងពិធីអាពាហ៍ពិពាហ៍ ដោយបានបង្ហោះនៅលើបណ្ដាញសង្គម Instagram៕