កង់ឡាន​ចាស់ៗ​ជាង ​៧៨​តោន ​ដែល​ជា​មុខ​សញ្ញា​នៃ​ការ​នាំ​ចូល​យក​មក​បោះ​បង់​ចោល​នៅ​កម្ពុជា​តាម​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ ខណៈ​ដែល​អ្នក​នាំ​ចូល​ត្រូវ​បាន​ផាក​ពិន័យ​ទៅ​តាម​ច្បាប់។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។

អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា អគ្គនាយកដ្ឋាន​បាន​ចាត់​ការ​តាម​នីតិវិធី តម្រូវ​ឲ្យ​ម្ចាស់​នាំ​ចូល​កង់ឡាន​ចាស់ៗ​ចំនួន ៤ ​កុងតឺន័រ​ដែល​មាន​ទម្ងន់​សរុប​ជាង​ ៧៨តោន (៧៨.៦៤០​គីឡូក្រាម) នាំ​ត្រឡប់​ចេញ​ពី​កម្ពុជា​​វិញ ក្រោយ​ពេល​អាជ្ញាធរ​ត្រួត​ពិនិត្យ​ឃើញ​ថា វា​​ករណី​បទល្មើស​ច្បាប់​ស្តី​ពី​គយ ហើយ​ការ​នាំ​ចូល​នេះ​ក្នុង​គោល​បំណង​យក​មក​បោះ​ចោល​នៅ​កម្ពុជា។

បើ​តាម​អគ្គនាយកដ្ឋាន ​កង់​ឡាន​ទាំង​នេះ​ត្រូវ​បាន​ម្ចាស់​នាំ​ចូល​បញ្ជូន​ចេញ​កាល​ពី​ថ្ងៃ​ទី២៦​ខែកុម្ភៈ ឆ្នាំ​២០២៥​​កន្លង​ទៅ បន្ទាប់​ពី​បាន​នាំ​ចូល​មក​កម្ពុជា​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​មន្ត្រី​អគ្គនាយកដ្ឋាន​ឃាត់​ទុក ដើម្បី​ត្រួត​ពិនិត្យ។​

វិធានការ​នេះ​ធ្វើ​ឡើង​តាម​អនុសញ្ញា​អន្តរជាតិ​បាសែល​ស្តី​ពី​ការ​ត្រួតពិនិត្យ​ការដឹក​ជញ្ជូន​អន្តរជាតិ និង​ការបោះបង់​ចោល​សំណល់​គ្រោះ​ថ្នាក់​ ឆ្នាំ​១៩៨៩។

អគ្គនាយកដ្ឋាន​ថ្លែង​ថា៖ «អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​តែង​តែ​យក​ចិត្តទុក​ដាក់​លើ​បញ្ហាស​ន្តិសុខ និង​សុវត្ថិភាព ចំពោះ​ទំនិញ​នាំ​ចេញ នាំចូល និង​ឆ្លង​កាត់។ ​ជាក់​ស្ដែង ​ក្នុង​ឆ្នាំ​២០២៤ នេះ អគ្គនាយកដ្ឋាន​ បង្ក្រាប​បាន​ការ​នាំចូល​ដោយ​ខុស​ច្បាប់​នូវ​ទំនិញ​ហាម​ឃាត់​មួយ​ចំនួន​រួម​មាន សាច់​បង្កក​និង​ផលិត​ផល​ពី​សាច់​សត្វ​ខូច​គុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម ​និង​គ្រឿង​ញៀន​ទម្ងន់សុទ្ធ​ ៦៦ ៣០០,៩៤ ​ក្រាម»។

បន្ថែម​ពី​លើ​នេះ ​ទំនិញ​ល្មើស​ច្បាប់ និង​ទំនិញ​ខូច​គុណភាព​ចំនួន ១០៧ មុខ ដែល​មាន​ទម្ងន់​សរុប​ប្រមាណ ៥០៧ តោន ត្រូវ​បាន​អគ្គនាយកដ្ឋាន​​កម្ទេច​ចោល​នៅ​ថ្ងៃទី២៨ ខែ​កុម្ភៈ​កន្លង​ទៅ៕