ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងតែធ្វើការស្ទង់មតិពីប្រជាពលរដ្ឋ​ ពីតម្លៃ នៃសេវាផ្តល់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសំរាប់ម៉ូតូ ដែលតម្លៃខ្ពស់បំផុតរហូតដល់ទៅ១២លានរៀល និងទាបបំផុត១០ម៉ឺនរៀល។

ការស្ទង់មតិពលរដ្ឋនេះបានធ្វើឡើងចាប់ពីថ្ងៃទី១២ កុម្ភៈនេះមកនៅលើផេកផ្លូវការរបស់ក្រសួង បន្ទាប់ពីក្រសួងបានបង្ហើបឱ្យដឹង កាលពីខែមករា កន្លងមក ពីគម្រោងផ្តល់សេវាចុះបញ្ជីផ្លាកលេខពិសេស​ផ្ទាល់​ខ្លួន​សម្រា​ប់​ម៉ូតូនេះ នា​ពេល​ឆាប់ៗ នៅក្នុងឆ្នាំ២០២៥នេះ។

ការស្ទង់មតិពលរដ្ឋបានសរសេរថា បើសិនមានលេខពិសេសផ្ទាល់ខ្លួនសំរាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន? ក្នុងនោះ ក្រសួងបានផ្តល់ជម្រើសទី១ គឺតម្លៃចាប់ពី ២០០.០០០រៀល ដល់ ៨.០០០.០០០រៀល។ ចំណែកឯជម្រើសទី២ គឺចាប់ពី​ ១០០.០០០រៀល ដល់ ១២.០០០.០០០​រៀល។ សាធារណជនអាចជ្រើសរើស ឬបញ្ចេញមតិនៅក្នុងខមិន (comment)។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន​ រីមបានមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតឱ្យមាន សេវាផ្តល់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសំរាប់ម៉ូតូនេះ គឺធ្វើឡើងក្នុងគោល​បំណងផ្តល់ជំរើសកាន់តែល្អ និងសំបូរបែបដល់ពលរដ្ឋ។

លោកបានបញ្ជាក់ថា៖«ចំពោះតម្លៃ យើងនឹងយកធាតុចូលបន្ថែមពីការស្ទង់មតិពលរដ្ឋ និងការសម្រេចចុងក្រោយ ដោយគណៈកម្មការអន្តរក្រសួង»។

សេ​វាចុះបញ្ជីថ្មី​ ដែលដើម្បីបំរើតម្រូវការរបស់ប្រជាពលរដ្ឋនេះ គម្រោងនឹងធ្វើឡើង ​បន្ទាប់​ពី​សាធា​រណ​ជ​នមា​ន​ការ​គាំ​ទ្រ​ និង​ប្រើប្រា​ស់ជាច្រើន នូវសេវាចុះបញ្ជីផ្លាកលេខពិសេស និង​ផ្ទាល់​ខ្លួន​ស​ម្រាប់​រថ​យ​ន្ត។

លោកបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី លិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូនផ្លូវគោកជាច្រើន។

ក្រសួងបានចុះបញ្ជីយានយន្ដចំនួន ៣៧៣ ០៦៩គ្រឿង ក្នុងនោះមានម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង។

ចំនួននេះមានការ កើនឡើងចំនួន២ ៤៩២ គ្រឿង បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង។

បន្ថែមពីនេះ ក្រសួងក៏បានចុះបញ្ជីរថយន្ដបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនចំនួន ៣០ ៣៧១គ្រឿង ដែលទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក។ ចំនួននេះបានកើនឡើង ០,០១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាមេរិក។

លើសពីនេះ ក៏បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៣ ១២២គ្រឿង កើនឡើង ៣១២ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង៕