
ការបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ ប្រជាពលរដ្ឋ ដែលខ្វះខាតទឹក នៅក្នុង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ រូបថត NCDM
ភ្នំពេញៈ វិធានការចំពោះមុខ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ គឺតាមរយៈ ការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជា ត្រៀមបម្រុងធនធានហិរញ្ញវត្ថុ សម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់។
ការដាក់ចេញវិធានការចំពោះមុខនេះ គឺជាលទ្ធផល នៃកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ស្តីពី "ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម” នាថ្ងៃទី ៥ ខែមីនានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំ ដែលផ្សព្វផ្សាជាសាធារណៈនៅថ្ងៃទី៦ខែមីនា។
កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធាន គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាអំពី “ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យ កសិកម្ម”។ កិច្ចប្រជុំ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បានផ្តោតលើស្ថានភាព និងបញ្ហាប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម។
ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ អង្គប្រជុំក៏បានកំណត់ វិធានការរយៈពេលខ្លី។ វិធានការនេះ គឺសម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញ លើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម។
ចំពោះ វិធានការរយៈពេលមធ្យម និងវែង គឺផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និង ពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួងស្ថាប័នដែលពាក់ព័ន្ធ ។
សេចក្តីប្រកាសបានលើកឡើងថា “ធនធានទឹក” គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៥ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ក្នុងនោះរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាម ទិសដៅនេះ ការធានាបាននូវសន្តិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព ត្រូវបានកំណត់ជាអាទិភាព។
ជាចលនការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាអាទិ៍ ការកើនឡើងផ្ទៃដីដាំដុះ, ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃមូលដ្ឋានឧស្សាហកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ជាពិសេស នៅក្នុងរដូវប្រាំង តម្រូវជាការចាំបាច់ឲ្យបង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បាន។
ស្ថានភាពដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងនេះ ទាមទារឱ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃ ការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹក ក្នុងកម្រិតសុភបរមា ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុងសង្គមសេដ្ឋកិច្ច ។
អង្គប្រជុំ បានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជាស្ថានភាព បច្ចុប្បន្ននៃការគ្រប់គ្រងទឹក និងបញ្ហាប្រឈម។ ក្នុងនោះរួមមាន៖ ភាពមានកម្រិត នៃប្រសិទ្ធភាពនៃការបែងចែកធនធានទឹក, កង្វះលិខិតបទដ្ឋានគតិយុត្ត, ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័យ ប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន៕