
វណ្ណដា ចូលរួមក្នុងសន្និសីទសារព័ត៌មាននូវកម្មវិធីកិច្ចសហការដៃគូរវាង វណ្ណដា ផលិតកម្មបារមី និងក្រុមហ៊ុន Tiger កាលពីថ្ងៃទី៧ ខែមីនា នៅ Factory Phnom Penh។ រូបថត សហការី
ភ្នំពេញ៖ ឥឡូវនេះ កម្ពុជាដើរដល់ចំណុចថ្មី ជាប្រវត្ដិសាស្ដ្រដែលវប្បធម៌កម្ពុជារីកសាយភាយទៅកាន់ប្រទេសជិតខាង ដោយគេចាប់អារម្មណ៍មកលើកម្ពុជាកាន់តែច្រើន។ នេះជាការលើកឡើងរបស់តារាចម្រៀងរ៉េប វណ្ណដា ឬម៉ាន់ វណ្ណដា។
វណ្ណដា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននូវកម្មវិធីកិច្ចសហការដៃគូរវាង វណ្ណដា ផលិតកម្មបារមី និងក្រុមហ៊ុន Tiger ថា៖ «ស្របពេលមានការចាប់អារម្មណ៍មកលើកម្ពុជា យើងព្យាយាមបញ្ចូលអ្វីដែលជារបស់ខ្មែរយើងរឹតតែច្រើន រឹតតែល្អ។ យើងត្រូវតែទៅមុខរួមគ្នា ហើយអ្វីដែលខ្ញុំអាចនិយាយបានថា ប្រវត្ដិសាស្ដ្រតន្ដ្រីរបស់ខ្មែរយើង មិនដែលធ្លាប់មានពីមុនមកទេ យើងកំពុងតែខ្លាំងមែនទែន»។
យោងតាមផលិតកម្ម បារមី បានបង្ហាញថា នៅក្នុងពិធីនៃកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុនស្រាបៀរនេះ វណ្ណដានឹងបញ្ចេញអាល់ប៊ុមចម្រៀងទី ៣ ដែលមានឈ្មោះថា ត្រីវិស័យ (Treyvisai or Compass)។
អាល់ប៊ុមទីមួយ TREYVISAI I: The Search For Light ដែលនឹងចេញផ្សាយថ្ងៃទី ១៤ ខែមីនា អាល់ប៊ុមទីពីរ TREYVISAI II: នៅថ្ងៃទី ២១ ខែមីនា ខណៈអាល់ប៊ុមទី ៣ TREYVISAI III: នៅថ្ងៃទី ១ ខែឧសភា ខាងមុខ។

ការបង្ហាញវីដេអូចម្រៀង “Smoke Up” ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េប ២រូប គឺលោក VannDa នៃប្រទេសកម្ពុជា និងលោក Young Ohm មកពីប្រទេសថៃ ហើយនឹងចេញជាផ្លូវការនាថ្ងៃទី១៣ ខែមីនា។ រូបថត ហុង រស្មី
បារមី បានបន្ដថា៖ «យើងក៏មានជាមួយការប្រគំតន្ត្រីខ្នាតធំ និងមានស្តង់ដារសម្រាប់អាល់ប៊ុមទី ៣ នេះ ដែលមាន Tiger ជាម្ចាស់ឧបត្ថម្ភធំ។ ការប្រគំន្ត្រីនឹងធ្វើឡើងនៅ ២ ទីតាំងគឺ: Treyvisai Legacy - ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នៅខេត្តបាត់ដំបង និង Treyvisai Sovannaphum – ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៥ នៅភ្នំពេញ»។
ផលិតកម្មចម្រៀងបានបន្ដថា៖ «នេះគឺជាឆ្នាំដែលមិនអាចបំភ្លេចបានសម្រាប់វិស័យតន្ត្រីនៅកម្ពុជា ហើយយើងពិតជារំភើបមែនទែនដែលអាចសហការជាមួយ Tiger ក្នុងដំណើរតន្ត្រីដ៏មានន័យនេះ»។
វណ្ណដា បានឱ្យដឹងថា លោក និងក្រុមការងារបានចំណាយពេលវេលាយ៉ាងច្រើនលើអាល់ប៊ុមត្រីវិស័យ ជាញើសឈាមគ្រប់បែបយ៉ាង និងផ្លាស់ប្ដូរបែបបទគ្រប់អាល់ប៊ុមទាំងអស់។
លោកបាននិយាយថា៖ «យើងដើរមកដល់ចំណុចនេះដោយសារតែមានការគាំទ្រ និងមានជំនឿចិត្ដលើសំឡេងតន្ដ្រីរបស់ខ្មែរ ក៏ដូចជាសិល្បករ ជារៀមច្បង និងប្អូនៗ ដែលខិតខំទាំងអស់គ្នាដើម្បីវិស័យមួយនេះ ក្នុងការបើកទ្វារទៅកាន់អន្ដរជាតិ និងបង្កើតឱកាសអភិវឌ្ឍតន្ដ្រីបន្ថែមទៀត»។
វណ្ណដា បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមីនា នៅ Factory Phnom Penh ថា៖ «ខ្ញុំមានកិត្ដិយស និងសប្បាយរីករាយដែលក្រុមហ៊ុន Tiger មើលឃើញពីឆន្ទះតន្ដ្រីរបស់ខ្ញុំ ក៏ដូចជាផលិតកម្មបារមី រួមដំណើរជាមួយពួកយើងក្នុងនាមជាដៃគូសហការដើម្បីជំរុញវិស័យតន្ដ្រីយើងឈានទៅមុខ និងឱ្យខ្លាំងបន្ដទៀត ហើយបន្ដកាន់តែឆ្ពោះលើឆាកអន្ដរជាតិ»។

តារាចម្រៀងរ៉េបកម្ពុជា វណ្ណដា និងដៃគូសហការមកពីក្រុមហ៊ុនស្រាបៀរក្នុងស្រុក។ រូបថត សហការី
លោកបន្ដខិតខំផលិតតន្ដ្រី និងបង្ហាញវប្បធម៌ខ្មែរទៅលើឆាកអន្ដរជាតិដើម្បីឱ្យបរទេសបានយល់ បានស្គាល់ និងបានឮសំឡេងរបស់ខ្មែរ។
វណ្ណដា បាននាំយកតន្ដ្រីខ្មែរទៅកាន់ជប៉ុន ប៉ារីស អាមេរិក តៃវ៉ាន់ និងទីកន្លែងជាច្រើនទៀត។ ទាំងនេះចាប់ផ្ដើមពីត្រីវិស័យ ដែលត្រូវបានបង្ហាញនៅក្នុងអាល់ប៊ុមចម្រៀងរបស់ វណ្ណដា។
លោកបានបញ្ជាក់ពីការដាក់ឈ្មោះអាល់ប៊ុមចម្រៀងជាត្រីវិស័យ ពីព្រោះធ្វើឱ្យលោកអាចរកខ្លួនឯងបាន ស្វែងរកគោលដៅថ្មី ដោយប្រើវិស័យ។
វណ្ណដា បានបន្ថែមថា៖ «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាស្ដាប់អាល់ប៊ុមនេះហើយ អ្នកទាំងអស់គ្នា នឹងយល់បន្ថែមថា ហេតុអ្វីខ្ញុំបង្កើតវាឡើង ដោយសារតែវាដំណើរជីវិត ជាពេលវេលាដែលខ្ញុំចាយទៅលើចម្រៀង ហើយវាជាបទពិសោធថ្មីមួយទៀតសម្រាប់ស្រុកខ្មែរ ដែលបានស្គាល់អាល់ប៊ុមតន្ដ្រីមួយត្រូវបានចែកចេញជា ៣ផ្នែក»។
គួរបញ្ជាក់ថា The Rapper Cambodia រដូវកាលទី ២ និងទី ៣ នឹងត្រឡប់មកវិញ ដែលខាងផលិតកម្មអះអាងថា វាកាន់តែអស្ចារ្យជាងមុន។
បារមី បានបង្ហើបថា៖ «ក្នុងការចាប់ផ្តើមភាពជាដៃគូរបស់យើង Tiger បានចូលរួមគាំទ្រឧបត្ថម្ភវីដេអូចម្រៀង “Smoke Up” ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េប ២រូប គឺលោក VannDa នៃប្រទេសកម្ពុជា និងលោក Young Ohm មកពីប្រទេសថៃ ហើយនឹងចេញជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ខាងមុខនេះ»៕