ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ប្រព្រឹត្ត​ដោយ​ជន​បរទេស បាន​ទៅ​ដល់​ខេត្ត​មណ្ឌល​គិរី។ នៅ​ថ្ងៃទី៦​ ខែមីនា កម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​អគារ​មេគង្គ៧៤ ​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ​ឃាត់​ខ្លួន​ជនបរទេស​២៥៨​នាក់។

ការ​បង្ក្រាប​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​រាយការណ៍​ចូល​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រក​ឃើញ​ជនជាតិ​ចិន​ចំនួន ២៤៧​នាក់ មីយ៉ាន់ម៉ា ៩​នាក់ ម៉ាឡេស៊ី​ម្នាក់ និង​វៀតណាម​ម្នាក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ហ្វ្រេសញូវ​ដែល​ទទួល​បាន​របាយការណ៍​ពី​សមត្ថកិច្ច។

យ៉ាងណា​ក៏ដោយ ក្នុង​ចំណោម​ពួក​គេ សមត្ថកិច្ច​កំណត់​ជនសង្ស័យ​ចំនួន ១៤​នាក់ ក្នុង​នោះ​ចិន ៧ នាក់ និង​មីយ៉ាន់ម៉ា ៧​នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​សកម្មភាព​ប្រើ​អំពើ​ហិង្សា និង​បង្ខំ​ឲ្យ​ធ្វើការ និង​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី ដើម្បី​សាកសួរ​បន្ត។

ចំណែក​ជន​បរទេសចំនួន ២៤៣នាក់​ទៀត​ ត្រូវ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី ដែល​ជាទូទៅ​ពួក​គេ​នឹង​ត្រូវ​បណ្ដេញ​ពី​កម្ពុជា។

បទ​ល្មើស​អនឡាញ កំពុង​រីក​រាល​ដាល​នៅ​លើ​ពិភពលោក។ នៅ​អាស៊ី ទីក្រុង​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទីតាំង​នៅ​ប្រទេស​ភូមា ជាប់​ព្រំដែន​ថៃ។ ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចាប់​ផ្ដើម​ចាត់​វិធានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ។

នៅ​កម្ពុជា ការ​ទប់ស្កាត់​បទ​ល្មើស​ប្រភេទ​នេះ​ក៏​កំពុង​ធ្វើ​ឡើង​ ដោយ​កាល​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​បង្ក្រាប​សកម្មភាព​នេះ ដោយ​រូប​លោក​ជា​ប្រធាន​គណៈកម្មការ​នេះ​​ផ្ទាល់​តែ​ម្ដង។

អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ថា អ្នក​ដែល​ចូល​រួម​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អ៊ីនធឺណិត ​ភាគច្រើន​ធ្លាក់​ខ្លួន​ក្នុង​សកម្មភាព​នេះ​តាម​រយៈ​ការ​ចាញ់​បោក​ក្រុម​ឧក្រិដ្ឋជន​ដែល​សន្យា​ផ្ដល់​ការងារ​មាន​ប្រាក់​ខែ​ខ្ពស់ ប៉ុន្តែ​ទីបំផុត​ពួក​គេ​ក្លាយ​ជា​ជនរងគ្រោះ​ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ជា​អ្នក​លួង​លោម ឬ សកម្មភាព​ឆបោក​ផ្សេងៗ​នៅ​តាម​អនឡាញ។

អ្នក​ជំនាញ​នៅ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​កាល​ពី​កន្លង​ទៅ​ថា អំពើ​ឆបោក​តាម​អនឡាញ​ប្រព្រឹត្ត​ដោយ​ជន​បរទេស​នៅ​កម្ពុជា មិន​បង្ក​ហានិភ័យ​ផ្ទាល់​ដល់​ភ្ញៀវ​ទេសចរ​នោះ​ទេ ប៉ុន្តែ វា​ប៉ះពាល់​​វិស័យ​ទេសចរណ៍ និង​មុខ​មាត់​ប្រទេស​ជាតិ៕