
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ អមដំណើរដោយរដ្ឋមន្រ្តីទេសចរណ៍ រដ្ឋមន្រ្តីបរិស្ថាន និងអភិបាលខេត្ដកំពង់ស្ពឺ។ រូបថត វីដេអូនាយករដ្ឋមន្ដ្រី
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទិវានារីអន្ដរជាតិ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចំណាយពេលវេលាឡើងភ្នំខ្នងផ្សារ និងខ្នងសំពៅ ក្នុងគោលបំណងទទួលបទពិសោធ ជាពិសេសផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ធម្មជាតិ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍។
លោកបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៩ ខែមីនានេះថា៖ «កាលពីថ្ងៃម្សិលមិញ ខ្ញុំបានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម»។
លោកនាយករដ្ឋមន្រ្តីបានបន្ដថា ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ពេលអង្គុយជជែកជាមួយប្រជាសហគមន៍ លោកបានបន្ថែមថា ការបើកផ្លូវរថយន្ដត្រូវបានអនុញ្ញាតត្រឹមចំណុចជើងភ្នំប៉ុណ្ណោះ។ ភ្ញៀវទេសចរត្រូវបន្ដដើរថ្មើរជើង ដើម្បីទទួលបាននូវបទពិសោធដំណើរផ្សងព្រេង ក៏ដូចជាគយគន់ទេសភាពធម្មជាតិ៕