
កងកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ស្ថិតក្នុង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីខែ កុម្ភៈកន្លងមក។ រូបថត Royal Cambodian Army
ភ្នំពេញៈ អាជ្ញាធរថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិកំពុងតែជំរុញឱ្យពលរដ្ឋនៅតំបន់បឹងទន្លេសាប បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយងាកមកប្រើប្រាស់ឧបករណ៍ ដែលត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នសិន ក្នុងអំឡុងពេលរង់ចាំច្បាប់ជលផលថ្មីចេញជាផ្លូវការ។
ការជំរុញនេះធ្វើឡើង ក្រោយពេលដែលអាជ្ញាធរទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិបានរកឃើញថា ប្រជានេសាទជាច្រើនបាននិងកំពុងតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេស គឺនៅតំបន់បឹងទន្លេសាប។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកទា គឹមសុទ្ធបានឱ្យដឹងនៅថ្ងៃអង្គារ ទី១ ខែមេសាថា យ៉ាងហោចណាស់បទល្មើសនេសាទ ដែលឧបករណ៍នេសាទខុសច្បាប់ជិត១៤០ករណី ត្រូវបានរកឃើញ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥នេះ។
ហេតុនេះ អាជ្ញាធរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ នៃក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងអាជ្ញាធរមូលដ្ឋានបាននិងកំពុងតែចុះជួបប្រជានេសាទជាបន្តបន្ទាប់ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ។
លោកគឹមសុទ្ធបានបញ្ជាក់ថា៖«ជាទូទៅ គាត់រកមិនសូវបាន អ៊ីចឹងគាត់ច្រើនតែប្រើឧបករណ៍នេសាទខុសច្បាប់។ យើងចុះជួបនេះ ដើម្បីណែនាំគាត់ ឱ្យប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់វិញ»។
លោកបានលើកឡើងថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ គឺក៏ដូចជាការបំផ្លាញមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ដែរ។
ផ្ទុយទៅវិញ ការចូលរួម ការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេសាទខុសច្បាប់ គឺជាការធានាដល់និរន្តរភាព នៃផលនេសាទ ដែលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសន្តិសុខស្បៀងនៅកម្ពុជាផងដែរ។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងលុបបំបាត់ឧបករណ៍នេសាទខុសច្បាប់ នៅតាមបណ្តាស្រុកក្នុងដែននេសាទ ចាប់ពីស្រុកជីក្រែង រហូតដល់ស្រុកក្រឡាញ់។ ក្នុងនោះ មានឧបករណ៍ជាច្រើនប្រភេទដូចជា ឧបករណ៍ស្បៃមុង ដាក់សម្រាស់ ឆក់ត្រី លបរ៉ាវ សាច់អួនក្រឡាញឹក និងលើសប្រវែង ឆ្នុករួមផ្សំ អំពូលភ្លើង សរុប១៣៩ករណី។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាប។
គណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក បានឱ្យដឹងថា ក្នុងត្រីមាស១ ឆ្នាំ២០២៥នេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់ ក្នុងនោះមានជនជាតិវៀតណាម៤៧នាក់។
ឡុកចំនួន ៧ ២២៥គ្រឿង, ស្បៃមុងគ្រប់ប្រភេទជាង២លានម៉ែត្រ, ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន ១ ១៩៤ក្បាល, ឡុកនិងអ៊ុយ ចំនួន ៧ ៤០៦មាត់/លប និងបង្គោលចម្រឹង ជាងកន្លះលានដើម ក៏ត្រូវបានរកឃើញ រឹបអូស និងបំផ្លាញផងដែរ។
ក្រៅពីនោះ ក៏បានប្រលែងត្រីចំនួន ២៧ ៣៦៥គីឡូក្រាម, ប្រលែងលៀសចំនួន ៧២៥តោន ហើយពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន ៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន១ដើម, ដកហូតទូកចំនួន៥៦គ្រឿង រថយន្តចំនួន២គ្រឿង ម៉ាស៊ីនទូកចំនួន១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន៨គ្រឿង ម៉ាស៊ីនប៉ូមខ្យល់ចំនួន៤គ្រឿង និងកាំភ្លើងច្នៃចំនួន១ដើម។ បន្ថែមពីនោះ ក៏មានឧបករណ៍ឆក់ត្រជាក់ចំនួន១៥គ្រឿង និងអាគុយចំនួន ២១គ្រាប់ជាដើម។
ប្រជាពលរដ្ឋចំនួន ១១ ៨៧នាក់ ត្រូវបានអប់រំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងបានធ្វើកិច្ចសន្យាជាមួយប្រជានេសាទចំនួន ៤៤១នាក់ ដែលមានទូកចំនួន៩៨គ្រឿង។
របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុង កិច្ចប្រជុំនៅខេត្តពោធិ៍សាត់ ស្តីពីវឌ្ឍភាពក្នុងការបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ កាលពីថ្ងៃទី២៤ ខែមីនាកន្លងមក។
ស្មារតីនៃកិច្ចប្រជុំនេះ បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវឧបករណ៍នេសាទមួយចំនួន។ ក្នុងនោះរួមមាន របាំងលបរ៉ាវប្រវែង២៥០ម៉ែត ក្រឡា០,០៣ម៉ែត្រ, កាណូតអូស ឬរុញលៀសដោយម៉ាស៊ីនកម្លាំង១៨សេះ ក្រឡាឈ្នាង ០,០៣ម៉ែត្រ និងម៉ាស៊ីនរែងលៀសកំលាំង៦សេះ ហើយករណីមងរាយក្រឡា០,០២ម៉ែត្រ ប្រវែង២០០ម៉ែត្រ។ ចុងក្រោយគឺ មងអូសដោយដៃ មានក្រឡា០,០១៥ម៉ែត្រ ប្រវែង១០០ម៉ែត្រប៉ុណ្ណោះ។
ក្នុងពេលជួបជាមួយប្រជានេសាទជាង៩០០នាក់ ក្នុងស្រុក-ក្រុងចំនួន៣ ក្នុងខេត្តសៀមរាប រយៈពេល២ថ្ងៃ (២៧-២៨ ខែមីនា) លោកប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានណែនាំដល់ប្រជានេសាទ ឱ្យប្រើប្រាស់ឧបករណ៍នេសាទ ដែលត្រូវបានអនុញ្ញាតទាំងនេះ។
ការអនុញ្ញាតនេះគ្រាន់តែជាការសាកល្បងក្នុងអន្តរកាលនេះ ក្នុងអំឡុងពេលរង់ចាំ ច្បាប់ថ្មី ស្តីពីជលផល ចូលជាធរមាន ដាក់ឱ្យអនុវត្តជាផ្លូវការ។
ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម លោក អ៊ុក វិបុលបានឱ្យដឹង នៅថ្ងៃទី១ ខែមេសាថា ច្បាប់ថ្មី ស្តីពីជលផល កំពុងតែស្ថិតនៅរដ្ឋសភាជាតិ។ នៅពេលដែលរដ្ឋសភា បញ្ចប់វិស្សមកាល (ចូលកងវិញ) នៅខែឧសភាខាងមុខ នឹងចាប់ផ្តើមកិច្ចពិភាក្សា លើច្បាប់ថ្មីនេះ៕