
ពីមុនមក ទាំងគ្រូ និងសិស្ស នៅសាលាបឋមសិក្សាមួយ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទ្រាំទ្រនឹងការរង់ចាំជាយូរដោយគ្មានបង្គន់ប្រើប្រាស់ ដោយពឹងផ្អែកបង្គន់អ្នកភូមិដែលនៅក្បែរ ឬងាកទៅរកការបន្ទោបង់ពាសវាលពាសកាល។ រូបថត សហការី
ខេត្ដបន្ទាយមានជ័យ៖ យោងតាមការលើកឡើងរបស់អភិបាលខេត្ដបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រជាពលរដ្ឋទាំងអស់ ២០១,៣៨១គ្រួសារ ឬ៦៦៤ភូមិ សុទ្ធតែមានបង្គន់ប្រើប្រាស់ ដែលប្រែក្លាយជាខេត្ដទី១៨ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) របស់កម្ពុជា។
លោក រាត្រី បានឱ្យដឹងថា៖ «ប្រជាជនចំនួន ២០១,៣៨១គ្រួសារ ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០,២៩៩ខ្នងផ្ទះ ស្មើនឹង១០០ភាគរយ។ ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦៣,០៤៩ខ្នងផ្ទះ ស្មើនឹង ៩៥,៧៤ភាគរយ ហើយខ្នងផ្ទះប្រើបង្គន់រួមចំនួន ៧,២៥០ខ្នងផ្ទះ ស្មើនឹង ៤,២៦ភាគរយ។
លោកបានបន្ដថា៖ «ដោយឡែក ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២ក្រុង ៧ស្រុក ស្មើនឹង១០០ភាគរយ ៦៧ឃុំ សង្កាត់ ស្មើនឹង ១០០ភាគរយ៦៦៨ភូមិ ស្មើនឹង១០០ភាគរយ»។
តាមកម្មវិធីអានាម័យទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកក្នុងខេត្តបន្ទាយមានជ័យតែមួយ បង្គន់អនាម័យចំនួនជាង ៣០៦៦ ត្រូវបានសាងសង់នៅតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងទីសាធារណៈ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារចំនួនជាង ១៨៧០០០គ្រួសារ ក្នុងភូមិចំនួន៦១២ ក្នុងនេះមានកុមារជាង ២៤៩៧០០នាក់ ។
ការចម្លងរោគទឹក អាហារ និងដីដោយលាមកមនុស្ស ដែលជាលទ្ធផលផ្ទាល់នៃការបន្ទោបង់ពាសវាលពាសកាល បង្កឱ្យមានការរីករាលដាលនៃជំងឺជាច្រើន។
ជំងឺរាគរូស កើតព្រូន គ្រុនពោះវៀន និងរលាកថ្លើមប្រភេទអា គឺជាហានិភ័យទូទៅបំផុត ដែលអាចបណ្តាលឱ្យកុមារប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ដូចជា កង្វះអាហារូបត្ថម្ភ និងបញ្ហាការលូតលាស់។

ជាមួយនឹងការទទួលបានទឹកស្អាត និងបង្គន់អនាម័យ សិស្ស ជាពិសេសសិស្សស្រី អាចចូលរៀនបានទៀងទាត់ជាងមុន និងផ្តោតលើការសិក្សារបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីសុខភាព។ រូបថត សហការី
លោក នង ដាវីត អ្នកជំនាញជាន់ខ្ពស់ផ្នែកទឹក អនាម័យ និងអនាម័យ (WASH) នៃអង្គការទស្សនៈពិភពលោកកម្ពុជា បានឱ្យដឹងថា៖ «បង្គន់អនាម័យមិនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធទេ វាជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសុខភាព ការអប់រំ និងវឌ្ឍនភាពសង្គមរបស់ប្រជាជនកម្ពុជា»។
អង្គការទស្សនៈពិភពលោកបានឱ្យដឹងថា សមិទ្ធផលនេះរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។
តាមរយៈការកែលម្អអនាម័យ និងការទទួលបានទឹកស្អាត ផ្តើមពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជួយការពារជំងឺ និងគាំទ្រអនាគតដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា។
អង្គការបានបន្ដថា៖ «ពីមុនមក ទាំងគ្រូ និងសិស្ស នៅសាលាបឋមសិក្សាមួយ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទ្រាំទ្រនឹងការរង់ចាំជាយូរដោយគ្មានបង្គន់ប្រើប្រាស់ ដោយពឹងផ្អែកបង្គន់អ្នកភូមិដែលនៅក្បែរ ឬងាកទៅរកការបន្ទោបង់ពាសវាលពាសកាល»។
ការខ្វះខាតបង្គន់អនាម័យនេះនាំឱ្យមានអនាម័យមិនល្អ ជំងឺញឹកញាប់ និងការរំខានដល់ការសិក្សា។ ឥឡូវនេះ ជាមួយនឹងការទទួលបានទឹកស្អាត និងបង្គន់អនាម័យ សិស្ស ជាពិសេសសិស្សស្រី អាចចូលរៀនបានទៀងទាត់ជាងមុន និងផ្តោតលើការសិក្សារបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីសុខភាព។
អ្នកគ្រូ សៀង គី ជាគ្រូបង្រៀនថ្នាក់ទី៤ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចែករំលែកថា៖ «ឥឡូវនេះយើងសប្បាយចិត្ត និងមានសុខភាពល្អជាងមុន។ ការមានបង្គន់ស្អាតនៅសាលារៀនមានន័យថាសិស្សអាចរៀនដោយមិនមានការលំបាក ហើយមិនមានជំងឺរាករូសដូចមុន»។

លោក នង ដាវីត អ្នកជំនាញជាន់ខ្ពស់ផ្នែកទឹក អនាម័យ និងអនាម័យ (WASH) នៃអង្គការទស្សនៈពិភពលោកកម្ពុជា ទទួលពានកិត្ដិយសពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ រូបថត សហការី
ក្នុងចំណោម ១៨ខេត្ដ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុក និងឃុំថ្នាក់មូលដ្ឋាន កម្មវិធី ទឹកស្អាតនិងអនាម័យ (WASH) របស់អង្គការទស្សនៈពិភពលោកកំពុងបង្កើតផលផ្លាស់ប្តូរទូទាំងខេត្តចំនួន៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប ដោយមានផលជះវិជ្ជមានដល់ប្រជាជនជាង ៩៩៥០០០នាក់។
តាមកម្មវិធីនេះកំពុងជំរុញការផ្លាស់ប្តូរយូរអង្វែងដោយផ្តល់ឱ្យមានការប្រើប្រាស់ទឹកស្អាត អនាម័យប្រសើរឡើង និងការអប់រំអនាម័យ។
តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងអណ្តូងទឹក បង្គន់ និងស្ថានីយលាងដៃ កម្មវិធីនេះកំពុងបង្កើនសុខុមាលភាពសហគមន៍ និងលើកកម្ពស់ជីវិតដែលមានសុខភាពល្អ និងធន់ជាងមុន៕