ភ្នំពេញ៖ ​យុទ្ធនាការ «​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ​​ចាប់ផ្តើម​ដាក់​ឱ្យ​អនុវត្ដ​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៥​​នេះ ចំថ្ងៃ​ April Fool's Day (ថ្ងៃនៃការ​ភូត​កុហក់​របស់​ពលរដ្ឋ​បស្ចឹម​ប្រទេស​)។ ប៉ុន្ដែ​យុទ្ធនាការ​នេះ​មិនមែន​ជា​រឿងលេង​សើច តែ​ជាការ​ផ្សព្វផ្សាយ​ និង​ចាត់វិធានការ​ចំពោះ​អ្នក​ល្មើស​។

យុទ្ធនាការនេះ នឹង​សំដៅ​ធានា​នូវ​សន្តិសុខ​ព័ត៌មាន​ ដែល​ផ្តោតទៅលើ​គោល​សំខាន់​បី គឺ​ធានា​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ គុណភាព​ព័ត៌មាន ផ្តល់ជូន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់។

លោករដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន នេត្រ ភក្ដ្រា បាន​ថ្លែង​នៅ​ថ្ងៃបើក​យុទ្ធនាការ​ ថ្ងៃទី​១ ខែ​មេសា ថា​៖ «​យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូល​បណ្ដាញទំនាក់​ទំនងសង្គម ដូចជា TikTok, Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត»។

លោក​បាន​អះអាងថា​៖ «​បើសិនជា​មាន​ព័ត៌មាន​ក្លែង​ក្លាយ​ផ្សព្វផ្សាយ​ យើង​នឹង​ចាត់​វិធានការ​ដោយ​ធ្វើការ​ងារ​ផ្ទាល់​ជាមួយ Facebook និង TikTok តែម្ដង ដើម្បី​បិទ​គណនី​នោះ​ចោល ឬ​បើ​ពាក់​ព័ន្ធករណី​ធ្ងន់ធ្ងរ [ម្ចាស់​គណនី] ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់ ពីព្រោះ​នេះ​មិនមែនជា​ពេលវេលា​អប់រំ​ទៀត​ទេ»។

លោកបាន​លើកឡើងថា ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​មិ​ន​មែន​ជា​សេរីភាព​នៃ​សារព័ត៌មាន​នោះទេ​ មិន​មែន​ជាសេរីភាព​នៃការ​បោះ​ពុម្ព​ផ្សាយ​ទេ តែជា​ការ​ប្រព្រឹត្ដិ​ខុស​ច្បាប់​របស់​កម្ពុជា​។

ប្រភពព័ត៌មានក្លែងក្លាយ រួម​មាន បណ្ដាញសង្គម AI, deep fake ប្រពន្ធផ្សព្វផ្សាយ រួមទាំង Key Opinion Leaders (Kol)/ MMO និងជនងាយរងគ្រោះ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា ចារពាក្យពេចន៍ចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ រូបថត សហការី

លោក ភក្ដ្រា បាន​បញ្ជាក់ថា​៖ «​ព័ត៌មាន​ក្លែងក្លាយ​ជះ​ឥទ្ធិពល​ខ្លាំង​គឺ​ក្នុង​ចំណោម​យុវវ័យ ដែល​ចំណេះដឹង​នៅ​មាន​កម្រិត ខ្វះ​ការ​ផ្ទៀង​ផ្ទាត់​ ឬ​ខ្វះការ​អត់ធ្មត់ ដោយ​បន្ដ​ចែករំលែក​ ដែល​ធ្វើ​ឱ្យ​ការ​យល់​ច្រឡំ​»។

លោករដ្ឋមន្ដ្រី បាន​ឱ្យ​ដឹងថា ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន TikTok និង​បន្ដ​ទៅ​ក្រុមហ៊ុន​ Facebook ក្នុងការ​ពង្រឹង​ Community Standard ឬ និយាម​ស្ដង់ដា​សង្គម​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

លោកបាន​ពន្យល់ថា Community Standard គឺជា​និយាមមួយ​សម្រាប់​ប្រើ​ប្រាស់​។ ជាក់ស្ដែង ការ​បង្ហោះ​រូបភាព​អាក្រាត បា​នបំពាន​ទៅលើ​និយាម​ស្ដង់ដា​សង្គម រួមទាំង​រូប​សាកសព ឬ​រូបឈាម​ សន្ទរកថា​បែប​ស្អប់​ខ្ពើម (Hate speech) ការ​រើស​អើង​ពូជសាសន៍​។

ដោយ​លើកឡើងពី​សេរីភាព​សារព័ត៌មាន លោក​បានថ្លែងថា​៖ «​យើងនឹង​ពង្រឹង​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន TikTok និង​​ Facebook ជាមួយ​ Community Standard នេះ​ឱ្យ​បាន​រឹង​មាំ​។ យើង​ក៏​នឹង​ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​ ដើម្បី​ជា​មធ្យោបាយ​បន្ថែម​ក្នុងការ​ចាប់​ព័ត៌មាន​ក្លែងក្លាយ​»។

លោកបាននិយាយថា យុទ្ធនាការ​នេះ​មានគោលបំណង​អប់រំ​ដល់​សាធារណៈ​ និង​ព័ត៌មាន​ពិត​ ក៏ដូចជា​ចំណេះដឹង​ដល់​ពលរដ្ឋ​អំពី​លក្ខណៈ​សម្គាល់​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ វា​ប៉ះពាល់​យ៉ាង​ដូចម្ដេច និង​ត្រូវ​ដូច​ម្ដេច​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ។

លោកបាន​ពន្យល់ថា ដើម្បី​សម្គាល់​ព័ត៌មាន​ពិត ឬ​ក្លែងក្លាយ​ថា តើ​ព័ត៌មាន​នោះ​មាន​ប្រភព​ច្បាស់​លាស់​ឬ​អត់​ ចេញ​ពី​ប្រភព​អង្គភាព​ព័ត៌មាន​ណា គ្រាន់តែ​គណនី​ Facebook មួយ​ចុះ​ផ្សាយ សារ​ព័ត៌មាន​ផ្សេង​ទៀត​បាន​ផ្សព្វផ្សាយទេ។

អ្នក​ប្រើ​ប្រាស់​ ឬ​អ្នក​ទទួល​ព័ត៌មាន​ក្លែងក្លាយ​មិនត្រូវ​ចែក​រំលែក​បន្ដ​ និង​អាច​វាយ​ការណ៍​នៅលើ​បណ្ដាញ​សង្គមនៃ​ប្រភេទ​ព័ត៌មាន​មិនពិត​ (Community Standard) ដែល​មាន​នៅក្នុង​ Facebook រួច​ស្រេច​។

លោក​ទទួល​ស្គាល់ថា ​​ព័ត៌មាន​ក្លែងក្លាយដែលត្រូវបាន​រក​ឃើញ​ក្នុង​ឆ្នាំ​២០២៤​ ចំនួន ៣​៦៥១ មិន​ទាន់​ឆ្លុះ​បញ្ចាំងពី​តួលេខ​ជាក់ស្ដែង​នោះទេ ដោយ​លោក​បាន​អះអាងថា ក្នុង​មួយ​ថ្ងៃ ព័ត៌មាន​ក្លែងក្លាយជាច្រើន​ប្រភេទ​ត្រូវបាន​បង្ហោះ ឬ​ផ្សព្វផ្សាយ​ក្នុង​មួយ​ថ្ងៃ​ៗ​។

ប៉ុន្ដែលោក​បាន​បង្ហាញ​ព័ត៌មាន​ក្លែងក្លាយដែល​គួរ​ឱ្យ​កត់សម្គាល់ និង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម និង​សុវត្ថិភាព​។

លោក ភក្ដ្រា បាន​ថ្លែងថា​៖ «​​ព័ត៌មាន​ក្លែងក្លាយ​មួយ​ចំនួន​សំដៅ​ដល់​​​កិច្ចការងារ​នយោបាយ ការ​ទូត យោធា ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោលបំណង​បំផ្លាញ​ប្រទេស​តែម្ដង ឬទាញ​ទម្លាក់​នូវ​ជំនឿ​ទុក​ចិត្ដ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​ដឹកនាំរបស់​រាជ​រដ្ឋាភិបាល​ បំផ្លិច​បំផ្លាញ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង​ បង្កើត​ឱ្យ​មាន​ការ​យល់​ច្រឡំ​»។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងបន្ដរហូតដល់ ៣៥ រាជធានី-ខេត្ដលើរយៈពេល ១២ខែ។ រូបថត ហុង រស្មី

លោកបន្ដថា ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ​មាន​ចរិត​ញុះញង់ បំភ្លៃ បំភាន់ និង​បំផ្លើស ដែល​​បញ្ឆេះ​កំហឹង​ប្រជាជន ដើម្បី​​​បង្កើតឱ្យមាន​កា​រ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​​ការរើសអើង​។

ព័ត៌មាន​ក្លែងក្លាយបាន​ឈាន​មួយ​ដំណាក់​កាល​ទៀត​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ជា​ទំនោរថ្មី​នៃ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ គឺ Cyber Bully ជាការ​បង្កើត​ឡើង​ដើម្បី​វាយ​ប្រហារ​លើ​ផ្លូវចិត្ដ ផ្លូវ​អារម្មណ៍​របស់​បុគ្គល​ផ្សេង​ទៀត​។ បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ជនរងគ្រោះ​ធ្វើ​អត្ដឃាត​។

ព័ត៌មាន​ក្លែង​ក្លាយ មាន ៣ គឺ​ព័ត៌មាន​ក្លែងបន្លំ (Disinformation) គឺជា​ប្រភេទ​ព័ត៌មាន​មិន​ពិត​ដែល​បាន​បង្កើតឡើង ហើយ​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ ឬ​ចែកចាយ​ដោយ​ចេតនា​ដើម្បី​បំភាន់ ឬ​បោកប្រាស់​សាធារណជន​ក្នុង​គោលបំណង​បង្ក​ផលប៉ះពាល់​ដល់​ជនណាម្នាក់ អង្គការ​ណាមួយ ឬ​ប្រទេស​ណាមួយ​។

ទី​២ ព័ត៌មាន​បំភ្លៃ  (Malinformation) គឺជា​ប្រភេទ​ព័ត៌មាន​មិន​ពិត​ដែល​ត្រូវបាន​គេ​កែច្នៃ​ពី​ព័ត៌មាន​ពិត ហើយ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ ឬ​ចែកចាយ​ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍ កិត្តិយស​បុគ្គល អង្គការ ស្ថាប័ន ឬ​ប្រទេស​ណាមួយ​។

ចំណែក​ទី​៣ គឺ​ព័ត៌មាន​ភាន់ច្រឡំ (Misinformation) ជា​ប្រភេទ​ព័ត៌មាន​មិន​ពិត​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ ឬ​ចែករំលែក​តៗ​គ្នា​ដោយ​ចេតនា ឬ​អ​ចេតនា​ធ្វើឱ្យមាន​ការយល់ច្រឡំ ហើយ​ជួនកាល​អ្នក​ចែករំលែក​មិនដឹង​ច្បាស់​ពី​ប្រភព​នៃ​ព័ត៌មាន​ដែល​ខ្លួន​ទទួលបាន​ដោយ​គ្មាន​បំណង​ធ្វើឱ្យ​ខូចខាត ឬ​ប៉ះពាល់​ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬ​ប្រទេស​ណាមួយ​ឡើយ​។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងថា យុទ្ធនាការ​ «​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ចាប់​ផ្ដើម​ពី​រាជធានី​ភ្នំពេញ និង​ខេត្ដកណ្ដាល​​ក្នុង​ខែមេសា និងបន្ដទៅកំពង់ស្ពឺ កំពង់ឆ្នាំង​នៅ​ខែ​ឧសភា ជាបន្ដ​បន្ទាប់​រហូតដល់​ ២៥ រាជធានី​-ខេត្ដ​រយៈ​ពេល​មួយ​ឆ្នាំពេញ​។

លោកបាន​ឱ្យ​ដឹងថា៖ «​ក្រោយបិទបញ្ចប់​យុទ្ធនាការនៅខែមីនា ឆ្នាំ​២០២៦ យើង​នឹង​បូក​សរុប​លទ្ធផល​ពី​ការ​អនុវត្ដ​»។

លោកបាន​ថ្លែងថា យុទ្ធនាការ​ត្រូវបាន​ផ្សព្វផ្សាយ​គ្រប់​បណ្ដាញ​សារព័ត៌មាន​ទាំង​បុរាណ និង​សម័យ​ឌីជីថល បណ្ដាញ​ទំនាក់ទំនង​សង្គម​​ រួមទាំង​សំឡេង​រោទ៍​ទូរស័ព្ទ ដែល​បច្ចុប្បន្ន​គ្រប​ដណ្ដប់​ ២០​លាន​ស៊ីមកាត​។

ស្របពេលនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ដែលជាសមាគមឯករាជ្យនៃអ្នកសារព័ត៌មានកម្ពុជាដែលប្តេជ្ញាចិត្តវិជ្ជាជីវៈ បាន​ផ្សាយ​របាយការណ៍​ពី​ស្ថានភាព​សារព័ត៌មាន​ឆ្នាំ​២០២៤​។

(CamboJA) បាន​ឱ្យដឹងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនាថា នៅឆ្នាំ២០២៤ មានរបាយការណ៍ចំនួន ៤១ ករណីនៃការយាយីមកលើអ្នកសារព័ត៌មានយ៉ាងតិច ៦៤ នាក់ក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្ត្រី ២នាក់។

របាយការណ៍​បាន​បន្ដថា​៖ «​នេះតំណាងឱ្យការកើនឡើង ២៨ភាគរយ​ពីឆ្នាំ ២០២៣​ ដែលមាន ៣២​ ករណីដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ៥៩នាក់​។ ករណីបៀតបៀនផ្លូវច្បាប់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយកើនឡើង ៨៧ភាគរយ​ ពី ១៥​ ករណីក្នុងឆ្នាំ ២០២៣​ ដល់ ២៨ ករណីក្នុងឆ្នាំ ២០២៤»៕