
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងផ្នែកឯកជនទៅទស្សនកិច្ចតំបន់ខ្នងផ្សារ។ ក្រសួងទេសចរណ៍
ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានលើកឡើងថា «តេ ទឹកពុះ និងខ្នងផ្សារ» គឺរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលដែលនឹងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់សិទ្ធិឱ្យប្រជាសហគមន៍មូលដ្ឋានធ្វើការអភិវឌ្ឍ។
លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមីនា បានធ្វើដំណើរថ្មើរជើងឡើងខ្នងផ្សារ ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងបានប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគពីវិស័យឯកជននៅតំបន់នោះឡើយ ពោលគឺទុកឱ្យសហគមន៍អាចរកចំណូលពីដំណើរទេសចរណ៍របស់ភ្ញៀវទៅកម្សាន្ត។
លោកបានបន្ថែមថា ការវិនិយោគចំគោលដៅ នឹងជួយឱ្យប្រជាសហគមន៍ផ្លាស់ប្តូរជីវភាពក្រោយទទួលបានទេសចរច្រើន។ កន្លងមកមានក្រុមហ៊ុនមួយចំនួនចង់វិនិយោគលើការកសាងផ្លូវ និងកន្លែងស្នាក់នៅតំបន់ទេសចរណ៍ធម្មជាតិទាំងអស់នោះ។
លោកបានថ្លែងថា៖«ពេលយើងពិនិត្យជាក់ស្តែង វាអត់សមស្រប។ ទុកកន្លែងហ្នឹង ឱ្យសហគមន៍ធ្វើទៅ។ ប្រសិនបើសហគមន៍មិនមានសមត្ថភាពធ្វើការ គឺត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី។ កុំធ្វើការជំនួសសហគមន៍។ កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី និងកុំត្រឹមបង្កើតការងារ។ កន្លែងណាសហគន៍គាត់ចេះរកស៊ី ត្រូវបង្រៀនគាត់ ជួយគាត់បង្កើនសមត្ថភាពឱ្យចេះធ្វើធុរកិច្ច»។
ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១ ខែមេសា ថា «តេ ទឹកពុះ និងខ្នងផ្សារ» គឺជារមណីយដ្ឋានដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ដោយនៅទីនោះមានធនធានធម្មជាតិស្រស់បំព្រង រួមជាមួយនឹងបរិស្ថានដ៏ល្អទៀតផង។
ទីតាំងទាំង ២ ប្រៀបបានទៅនឹងឋានសួគ៌នៅក្នុងរឿងព្រេងដែលមានសម្រស់ធម្មជាតិល្អមិនអាចរៀបរាប់បាន។
លោកបន្តថា ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីក្នុងការផ្តល់សិទ្ធិឱ្យប្រជាជននៅមូលដ្ឋានធ្វើជាម្ចាស់ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចទៅទីនោះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ។
លោកអះអាងថា៖«តេ ទឹកពុះ និងខ្នងផ្សារ គឺប្រៀបបានទៅនឹងដុំពេជ្រមួយដែលគេមើលរំលងកាលពីពេលកន្លងមក។ តាមពិតទៅទីតាំងទាំង ២ គឺមានសារៈសំខាន់ និងសក្តានុពលយ៉ាងខ្លាំងសម្រាប់វិស័យទេសចរណ៍»។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងទេសចរណ៍ ព្រមទាំងតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដូចជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) សហព័ន្ធទេសចរណ៍កម្ពុជា(CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងក្រុមហ៊ុនវីរៈប៊ុនថាំ ក៏បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ និងតេ ទឹកពុះផងដែរ។
គោលបំណងក្នុងការចុះទៅទីតាំងទាំង ២ ខាងលើ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
បើយោងតាមគេហទំព័រ https://demo.cambodia.gov.kh/ «តេ ទឹកពុះ» គឺជាតំបន់មួយមានទឹកក្តៅផុសចេញពីដី មានបន្ទាត់ផ្ចិតប្រវែង ១០០ម៉ែត្រ។ ផ្ទៃទឹកខាងក្រៅ មានទំហំ ៨០ម៉ែត្រការ៉េដែលចេញមកពីប្រភពចំនួន ៦ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ និងមានសីតុណ្ហភាពទឹក ៧០អង្សាសេ។
អ្នកភូមិទីនោះ ភាគច្រើនជាជនជាតិសួយ ដែលពួកគេជឿថាទឹកក្តៅនេះស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺស្បែកផ្សេងៗ ពិសេសអ្នកភូមិជឿថា លាងមុខជាមួយទឹកក្តៅនេះ នឹងនាំមកនូវសំណាងល្អ។
ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចទស្សនាវប្បធ៌មទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ និងទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀត។ តេ ទឹកពុះ មានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំណែក «ខ្នងផ្សារ» គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ មានវាលស្មៅដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនាដើមឆ្នាំ ២០២០៕