
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង នៅថ្ងៃទី១ ខែមេសា។ អាជ្ញាធរមីន
ប្រទេសលុចសំបួ ផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ ២លានអឺរ៉ូ ឬប្រមាណ២,១៦លានដុល្លារសម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលជាគម្រោងគ្រប់គ្រងរួមគ្នាដោយអាជ្ញាធរមីន និង អង្គការ UNDP ក្នុងការកិច្ចការបោសសម្អាតមីននៅកម្ពុជា។
ជំនួយឥតសំណងនេះត្រូវបានប្រគល់នៅថ្ងៃទី១ ខែមេសានេះ ក្រោមវត្តមានរបស់ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន និងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃអាជ្ញាធរមីន បានថ្លែងថា ជំនួយឥតសំណងនេះនឹងជួងពង្រឹងដល់ភាពជោគជ័យលើសកម្មភាពមីនរបស់កម្ពុជា។
លោកថ្លែងថា៖ «ការរួមចំណែករបស់ប្រទេសនិងប្រជាជនលុចសំបួ នឹងផ្ដល់ផលផ្ទាល់ទៅដល់មនុស្សរាប់ពាន់នាក់ ជួយឲ្យមនុស្សជាង ២៣ ៩០០នាក់ទទួលបានដីពួកគេដោយសុវត្ថិភាព ពង្រឹងការស្ដារនីតិសម្បទាមជ្ឈមណ្ឌលអ្នករួចជីវិត និងពន្លឿនបេសកកម្មរបស់យើង»។
លោកបន្តថា៖ «ការគាំទ្ររបស់ប្រទេសលុចសំបួ បង្ហាញពីភាពជាដៃគូអន្តរជាតិ ដែលទទួលស្គាល់ថា ការបោសសម្អាតមីនមិនមែនត្រឹមតែជារឿងសប្បុរសធម៌ប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគទោលើសក្ដានុពលរបស់មនុស្សផងដែរ»។
លោកក៏បានលើកឡើងពីឆន្ទៈនិងការប្ដេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការធានាសុខសុវត្ថិភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ ដែលឆន្ទៈនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា នៅក្នុងសកម្មភាពមីននៅកម្ពុជ និងការប្រែក្លាយកម្ពុជាពីប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងសកម្មភាពមីន ទូទាំងពិភពលោក។
យោងតាមអាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាបានបោសសម្អាតដីមានគ្រាប់មីន ៣២៩៧គីឡូម៉ែត្រការ៉េ និងបានបំផ្លាញសំណល់ជាតិផ្ទុះជាង ៤លានគ្រាប់ ដែលផ្ដល់ផលដល់មនុស្សជាង ១០លាននាក់។ ទាំងនេះគឺដោយសារតែជំនួយរបស់ដៃគូអន្តរជាតិ និង កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល៕