ភ្នំពេញៈ តម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ ត្រូវបានលើកលែង សម្រាប់បងប្អូនពលករខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រ​ពៃណីជាតិ ដែលចូលមកដល់នៅ២សប្តាហ៍ខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៣១ ខែមីនាបានឱ្យដឹងថា ការលើកលែងតម្លៃសេវានេះគឺ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដោយយោងទៅតាមស្មារតីព្រមព្រៀងរួម រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការងារ នៃប្រទេសទាំង២នាពេលកន្លងមក។

ក្រសួងបានឱ្យដឹងថា ការលើកលែងតម្លៃសេវានេះ គឺផ្តល់ជូនតែមួយដងគត់ ដល់ពលករខ្មែរដែលមានលិ​ខិតឆ្លងដែន/លិខិត ធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការលើកលែងនេះ ក៏បូករួមទាំងកូនក្រោមអាយុ ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃឡង់ដ៍ លើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងបានណែនាំថា ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន ពលករខ្មែរ ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD ដែលមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាត ចេញ-ចូលប្រទេសថៃ (Re-Entry Permit)។

ពលរដ្ឋខ្មែរនៅប្រទេសថៃឡង់ដ៏ ត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាងតិប៉ោយប៉ែត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលកន្លងមក។ រូបថត សហការី

បន្ថែមពីនោះ ក៏ត្រូវត្រូវធ្វើដំណើរចូលប្រទេសថៃវិញ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ករណីធ្វើដំណើរ ចូលប្រទេសថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ពលករត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃ សេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) មុនធ្វើដំណើរចេញពីប្រទេសថៃ ដោយគិតតម្លៃសេវាជាធម្មតា។ បើមិនដូច្នេះ ទិដ្ឋាការការងារ (Non-Immigration L-A Visa) របស់បងប្អូនពលករខ្មែរនឹងអស់សុពលភាព។

ក្រៅពីនោះ ក្រសួងការងារ ក៏បានសហការជាមួយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថានឯកអគ្គរាជទូតកម្ពុជា/អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួលដល់ពលករខ្មែរ ដែលវិលត្រឡប់មកស្រុកកំណើត អំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

ក្នុងជំនួបជាមួយ លោកណារុត សូន្ថរោត្តម(Narut Soontarodom) អគ្គកុងស៊ុលប្រទេសថៃឡង់ដ៍ ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនានេះ អភិបាលខេត្តបាត់ដំបង លោកសុខ លូ ក៏បានស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរក្នុងការវិលត្រឡប់មកលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕