ប្រទេសចិនបានចេញការព្រមានអំពីហានិភ័យសម្រាប់ភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក​ដោយ​សារតែ​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់​ទំនង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌​និងទេសចរណ៍​ចិន។

ក្រសួង​វប្បធម៌​និងទេសចរណ៍​ចិន​បាននិយាយថា ខ្លួនបានរំឭក​អ្នកទេសចរចិនឱ្យវាយតម្លៃហានិភ័យនៃការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងធ្វើដំណើរដោយប្រុងប្រយ័ត្ន ដោយលើកឡើងអំពី «ការធ្លាក់ចុះនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងស្ថានភាពសន្តិសុខក្នុងស្រុកនៅសហរដ្ឋអាមេរិក»។

រីឯក្រសួងអប់រំរបស់ចិនក៏បានចេញការព្រមានអំពីការសិក្សានៅបរទេសបន្ទាប់ពីការអនុម័តច្បាប់ស្តីពីការអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងរដ្ឋ Ohio របស់សហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងបទប្បញ្ញត្តិដែលត្រូវបានគេមើលឃើញថាមិនអំណោយផលសម្រាប់ប្រទេសចិន និងការដាក់កម្រិតលើការផ្លាស់ប្តូរការសិក្សារវាងស្ថាប័នចិន និងសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងអប់រំ​ចិន​បានណែនាំដល់និស្សិតចិនដែលគ្រោងនឹងទៅសិក្សានៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ឱ្យ​ធ្វើការវាយតម្លៃហានិភ័យសុវត្ថិភាពឱ្យបានហ្មត់ចត់ និងរក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយជំរុញឱ្យសិស្សានុសិស្សយល់ដឹងអំពីបញ្ហាប្រឈមដែលអាចកើតមានដោយច្បាប់ថ្មី និងចាត់វិធានការប្រុងប្រយ័ត្នជាចាំបាច់។

ការព្រមាននេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងប៉េកាំង និង​រដ្ឋធានី​វ៉ាស៊ីនតោន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការសិក្សា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិត និងបញ្ញវន្ត​ចិននៅសហរដ្ឋអាមេរិកបានប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើង ដោយមានអ្នកខ្លះចោទប្រកាន់ថាមានការរើសអើង ឬប្រព្រឹត្តិដោយអយុត្តិធម៌ក្រោមគោលនយោបាយសន្តិសុខ និងការស្រាវជ្រាវដែលរឹតបន្តឹង៕