
ប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ចង្ក្រានសន្សំសំចៃថាមពល ដែលជួយកាត់បន្ថយការប្រើប្រាស់អុស រហូតដល់ទៅជាង៦៥ភាគរយ និងធុងចម្រោះទឹកស្អាត។ រូបថត SIPCO
ភ្នំពេញៈ ចង្ក្រានសន្សំសំចៃថាមពល ដែលជួយកាត់បន្ថយការប្រើប្រាស់អុស រហូតដល់ទៅជាង៦៥ភាគរយ និងធុងចម្រោះទឹកស្អាតជាង៧ម៉ឺន នឹងត្រូវចែកជូនពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅឆ្នាំ២០២៦ខាងមុខ។
ការចែកជូនដោយឥតគិតថ្លៃនេះ គឺស្ថិតក្នុងគម្រោងវិនិយោគទឹកប្រាក់សរុប៤០លាន ដែលមានចង្ក្រាន និងធុងចម្រោះជាង១លាន ដើម្បីចូលរួមសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាផ្នែកមួយជួយដល់គោលដៅកាត់បន្ថយការបំភាយកាបូនរបស់កម្ពុជា។
គម្រោងចែកជូននេះ ត្រូវបានប្រកាសឱ្យដឹង នាពេលថ្មីៗនេះ តាមរយៈការចុះកិច្ចព្រមព្រៀងគម្រោង «បែងចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ» រវាងតំណាងក្រុមហ៊ុនស៊ីបកូ(SIPCO) និងលោកស្រីមាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
អ្នកនាំពាក្យ ក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានបញ្ជាក់ថា៖«ក្រសួងបរិស្ថាន ទទួលបាន ចង្ក្រានសន្សំសំចៃថាមពលចំនួន៣៦ ៥៧៤ចង្ក្រាន និងធុងចម្រោះទឹកស្អាត៣៦ ៥៧៥ធុងទឹក ដើម្បីបែងចែកជូនគ្រួសារសហគមន៍នៅតំបន់កាពារធម្មជាតិ នៅឆ្នាំ២០២៦»។
ក្រសួងបានឱ្យដឹងថា ចង្ក្រានសន្សំសំចៃថាមពលនេះ មានប្រសិទ្ធិភាពស្រូបកំដៅបានជាង៣៨ភាគរយ ដែលបានជួយកាត់បន្ថយការប្រើអុសបានជាង៦៥ភាគរយ បើប្រៀបធៀបទៅនឹងចង្ក្រានដាំអុសបែបប្រពៃណី។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់ឥណទានកាបូន ដែលមានគុណភាពខ្ពស់ដល់ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ។
គម្រោងនេះមានទឹកប្រាក់វិនិយោគសរុបចំនួន៤0លានដុល្លារអាមេរិក ដែលចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺចាប់ពីឆ្នាំ២០២២ ដល់ ២០២៥ និងដំណាក់កាលទី២ គឺចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៧។
គម្រោងនេះ ត្រូវបានអនុវត្តនៅគ្រប់តំបន់ជនបទ នៃប្រទេសកម្ពុជា ដោយមានការរំពឹងទុកថា នឹងចែកចាយចង្ក្រានសន្សំសំចៃថាមពល ចំនួន៦០០ ០០០ និងម៉ាស៊ីនបន្សុទ្ធទឹក ចំនួន៦២០ ០០០។ ការធ្វើវិភាគទាន ដោយឥតគិតថ្លៃនេះ កំពុងតែជួយលើកកម្ពស់សុខភាពពលរដ្ឋ៥លាននាក់។

ក្នុងដំណាក់កាលទី១ គម្រោងកំពុងតែចែកចង្រ្កានប្រភេទនេះចំនួន៣សែន និងធុងចម្រោះទឹក១សែន នៅក្នុងខេត្តចំនួន៨។ ក្នុងនោះរួមមាន ខេត្តកំពត កែប ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ និងកំពង់ចាម។
គម្រោងនេះ កំពុងតែរួមចំណែកសន្សំសំចៃបរិមាណអុសក្នុងការចម្អិនអាហារ និងកាត់បន្ថយការបំភាយឧស្ម័ន។ ម៉ាស៊ីនចម្រោះទឹកកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការប្រើប្រាស់ទឹកស្អាតដែលមានអនាម័យ ដើម្បីកំណត់ការដុត ដើម្បីកាត់បន្ថយបរិមាណអុសដ៏ច្រើនសម្រាប់ទឹកពុះក្នុងគ្រួសារ។
គម្រោង ដែលត្រូវបានចុះបញ្ជីនៅទីភ្នាក់ងារ Verra ដោយមាន VCS 2925និង VCS 3052 ID ត្រូវបានអនុម័តដោយមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការណែនាំអំពីការអនុវត្តប្រការ៦ នៃកិច្ចព្រមព្រៀមទីក្រុងប៉ារីស ដែលចេញដោយកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានអនុញ្ញាតក្នុងការផ្ទេរឥណទានអន្តរជាតិ(ITMOS)។
ក្រុមបច្ចេកទេសរបស់Verra តំណាងក្រុមហ៊ុនស៊ីបកូ និងក្រុមការងារសមាគមនារីថ្នាក់កណ្តាលបានធ្វើការរួមគ្នា ក្នុងការចុះពិនិត្យមើលការប្រើប្រាស់ចង្ក្រានសន្សំសំចៃ ថាមពលនិងធុងចម្រោះទឹកស្អាត ដើម្បីទទួលបាននូវពត៌មានត្រឡ ប់ពីការប្រើប្រាស់ និងតាមដានលើគុណភាពផលិត ក្នុងខេត្តដែលបានអនុវត្តគម្រោង។
ការអវុត្តការចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានការសប្បាយរីករយ និងយកទៅប្រើប្រាស់ដើម្បីលើកកម្ពស់សុខភាពជីវភាព កាត់បន្ថយការចំណាយ សន្សំសំចៃថវិកា ថាមពល កាត់បន្ថយការកាប់ព្រៃ និងការបំពុលបរិស្ថាន។
លើសពីនេះ វាក៏រួមចំណែកជាមួយរាជដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូលក្នុងការខិតខំប្រឹងប្រែងក្នុងការការពារការប្រែប្រួលគេអាកាស និងកាត់បន្តបោកពក្រីក្ររបស់ប្រជាពលរដ្ឋ។
ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែមីនាកន្លងមក លោកស្រីម៉ុម ថានី រដ្ឋលេខាធិការ, លោកស្រីងិន លីណា រដ្ឋលេខាធិការ និងលោកស្រី ឯម ចាន់លីតា អនុប្រធាននាយកដ្ឋាននៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំស្ដីពី«ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ មេរៀន និងសកម្មភាពបន្ទាន់សម្រាប់អនាគត» និងចុះកិច្ចព្រមព្រៀងគម្រោង«បែងចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ»។
ពិធីនេះ ត្រូវបានដឹកនាំដោយលោកស្រីមាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
កម្មពិធីនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត តំណាងសមាគមនារីថ្នាក់កណ្ដាល ខេត្តស្ទឹងត្រែង មណ្ឌលគិរី កំពង់ចាម កំពង់ធំ សៀមរាប និងក្រុមហ៊ុនអ៊ីនត្រាកូ(INTRACO) សរុបចំនួន២៤នាក់ នៅទីក្រុងដាណាង សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃអំពីការអនុវត្ត គម្រោង «បែងចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ» នៅដំណាក់កាលទី១។ ក្រៅពីនោះ ក៏ដើម្បី បន្តពិភាក្សាលើការអនុវត្តគម្រោង ដំណាក់កាលទី២ និងចុងក្រោយ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង នៅដំណាល់កាលទី២។
ក្នុងដំណាក់កាលទី២ គម្រោងនឹងបន្តបែងចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដល់ប្រជាសហគមន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ ព្រមទាំងគាំទ្រនិងការពារបរិស្ថាន តាមរយៈ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កាកបាតក្រហមកម្ពុជា និងក្រសួងបរិស្ថាន៕