ព្រះសីហនុៈ ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ប្រើប្រាស់ដាច់ខាត ក្នុងវិស័យសំណង់ ដោយសារតែ ខ្សាច់ប្រភេទនេះមានកំហាប់អំបិលខ្ពស់ ដែលធ្វើឱ្យដែកឆាប់ច្រេះ ប៉ះពាល់ដល់គុណភាពសំណង់ និងគ្មានសុវត្ថិភាព។

រដ្ឋបាលខេត្តព្រះសីហនុ បានជូនអ្នកដំណឹងដល់ម្ចាស់ដេប៉ូខ្សាច់ អាជីវកម្មផលិតបេតុង លាយស្រេច និងសាធារណជនថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់។

ការហាមឃាត់នេះ គឺដោយសារតែខ្សាច់ប្រភេទនេះ មានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យច្រេះ ប៉ះពាល់ដល់គុណភាពបេតុង និងបណ្តាលឱ្យសំណង់គ្មានសុវត្ថិភាព ស្របតាមស្តង់ដាបច្ចេកទេស។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមេសាបញ្ជាក់ថា៖«ក្នុងន័យនេះ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ សំដៅការពារនូវអាយុជីវិតមនុស្ស រក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុហាមដាច់ខាតការលក់ដូរ ឬការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រ​ភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ»។

ក្នុងករណីក្រុមការងាររដ្ឋបាលខេត្ត ពិនិត្យរកឃើញថាមានការ លក់ដូរ ឬមានការប្រើប្រាស់ប្រភេទខ្សាច់នេះ ជាវត្ថុធាតុដើម ក្នុងការលាយបេតុង ឬប្រើប្រាស់ក្នុង វិស័យសំណង់ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

វិធានការទាំងនោះមានដូចជា ការបញ្ឈប់រាល់សកម្មភាពអាជីវកម្ម និងការសាងសង់សំណង់គ្រប់ប្រភេទ និងទទួលរងនូវពិន័យរដ្ឋបាល និង/ឬឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

រដ្ឋបាលខេត្តក៏បានណែនាំដល់ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាល ក្រុង-ស្រុក និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូ​លាយ និងចាត់ចែងអនុវត្ត តាមសេចក្តីជូនដំណឹងនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក ចេង ស្រុង សុំមិនធ្វើអត្ថាធិប្បាយទេទាក់ទងនឹងបញ្ហាការប្រើប្រាស់ខ្សាច់សមុទ្រក្នុងការសាងសង់នេះ ដោយលោកសុំឱ្យទាក់ទងទៅ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ជំនួសវិញ។

លោកឡុង ឌីម៉ង់ ជាប់ប្រជុំ មិនអាចមានប្រសាសន៍បានទេ នាព្រឹកថ្ងៃទី១០ ខែមេសានេះ ៕