ភ្នំពេញៈ រាជរដ្ឋាភិបាល​អនុម័ត​ផែនការ​អភិវឌ្ឍន៍​តំបន់​ខ្នងផ្សារ ដោយមានបញ្ចូលស្ថាបត្យកម្មខ្មែរ និងប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បី​លើកកម្ពស់ជីវភាពរស់នៅរបស់​សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។

ការប្រកាសពីការសម្រេចអនុម័ត​ផែនការ​អភិវឌ្ឍខ្នងផ្សារ របស់រដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថាននាថ្ងៃទី១១ ខែមេសានេះ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេស​ចរណ៍ធម្មជាតិកម្ពុជា (CSLEP) កាលពីសៀលថ្ងៃទី១០ ខែមេសា។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក ដែលជាអ្នកគាំទ្រគម្រោង CSLEP (the Cambodia Sustainable Landscape and Ecotourism Project) ។

ក្រសួងបញ្ជាក់ថា៖«កិច្ចប្រជុំ​បានធ្វើការពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវជា​យុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍មកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាល​កម្ពុជា​​ប្រកាសអនុម័ត​គ​ម្រោង​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយនេះ»។

ក្រៅ​ពី​ការ​សាងសង់​ផ្លូវ គម្រោង​នេះ​ក៏​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម។

គម្រោងសាងសង់នេះមានការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនីផងដែរ។

បន្ថែមពីនេះ ការដាំដើមឈើឡើងវិញក៏ត្រូវបានបញ្ចូលផងដែរ ដើម្បីបង្កើនសោភ័ណភាពធម្មជាតិនៃតំបន់នេះផងដែរ។

ក្រសួងបានលើកឡើងថា ការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានកំណត់យកគម្រោងអភិវឌ្ឍតំបន់ខ្នងផ្សារ ឱ្យក្លាយជាគោលដៅលំហែបៃតងគំរូដំបូងគេបង្អស់នៅកម្ពុជា។

ក្នុងនោះរាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គម្រោង​អភិវឌ្ឍ​តំបន់​ខ្នងផ្សារ​នេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ទាក់ទាញ​ទេសចរណ៍ ដោយ​នៅ​តែ​រក្សា​បាន​នូវ​តុល្យភាព​នៃ​បរិស្ថាន និង​សោភ័ណភាព​ធម្មជាតិ។

ក្រសួងបរិស្ថានកំពុងសហការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងធនាគារពិភពលោក និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។

លោក​រដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ និងអាទិភាព​នៃគម្រោងអភិវឌ្ឍន៍មួយនេះ ដោយតម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងសហការ​​យ៉ាងជិតស្និត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់និងបន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យ​ប្រយោជន៍សហគមន៍​មូលដ្ឋាន។

គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានបង្កើតឡើង បន្ទាប់ពី លោកនាយករដ្ឋមន្រ្តីបានដឹកនាំក្រសួង និងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យតំបន់ខ្នងផ្សារជាក់ស្តែងកាលពីខែមីនា។ បន្ទាប់មក​ គម្រោងអភិវឌ្ឍឯកជនក៏ត្រូវបានលុបចោលវិញ ដែលក្នុងនោះ ក៏មានការដកហូតដីមកវិញចំនួន៤០ហិកតាផងដែរ៕