
A private vehicle passes by a Phnom Penh gas station. Pump prices have been reduced by 150 riel per litre for the next ten days.
ក្តីបារម្ភពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល បានធ្វើឱ្យតម្លៃប្រេងនៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសកម្ពុជា បន្តធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលជាង ១ សប្តាហ៍កន្លងមកនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងថ្ងៃទី១១ ខែមេសា នេះបានឱ្យដឹងថា តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានធ្លាក់ចុះ ១៥០រៀល ក្នុង ១លីត្រព្រមគ្នា សម្រាប់ការអនុវត្តរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ២០ ខែមេសា ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មាន តម្លៃលក់រាយប្រេងសាំងធម្មតា គឺ ៣ ៧៥០ រៀល ក្នុង ១លីត្រ ធ្លាក់ចុះ ពី ៣ ៩០០រៀលកាលពី ១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៣ ៥៥០រៀល ធ្លាក់ចុះពី ៣ ៧០០ រៀល។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា អនុវត្តតាមគោលការណ៍ដែលបានដាក់ចេញដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភាបានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តម្លៃសាំងធម្មតា ត្រូវបានលក់ក្នុងតម្លៃ ៣ ៩៥០រៀលក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ៣ ៨០០រៀល៕