ពោធិ៍សាត់ៈ ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្នហើយនៅ វេលាម៉ោង៦ព្រឹក នាថ្ងៃទី១១ ខែមេសានេះ ដែលការបើកនេះមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់១៧ ខែមេសា នៅមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា៖«ការអនុញ្ញតបើកឱ្យឆ្លងកាត់នេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ៦ល្ងាច និងមិនអនុញ្ញាតឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល»។

ស្ពានខ្ពស់ជាងគេនេះ គឺជាស្ពានទី២៨ ក្នុងចំណោមស្ពានទាំង៣២ នៅលើដងផ្លូវជាតិលេខ១០។ ស្ពាននេះមាន​ប្រវែង៥៣៨ម៉ែត្រ, ទទឹងប្រវែង១០ម៉ែត្រ និងកំពស់៩០ម៉ែត្រ ដែលត្រូវបានកសាងឡើងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅចំណុចកណ្តាល​សងខាង នៃស្ពានមានទីធ្លាសម្រាប់ថតរូបអនុស្សាវរីយ៍។ នាពេលបច្ចុប្បន្ននេះ ការសាងសង់ស្ពាននេះសម្រេចបានជាង៩៨ភាគរយហើយ ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានចាក់បេតុងតភ្ជាប់ មុខ​តំណក្បាល​ស្ពាននេះ កាលពីព្រឹកថ្ងៃអង្គារ ទី៨ ខែមេសានេះ ដើម្បីបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ។

ក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រោយថ្ងៃទី១៧ ខែមេសា ការអនុញ្ញាតឆ្លងកាត់ស្ពានជាបណ្តោះអាសន្ននឹងត្រូវបញ្ចប់ ហើយការងារសាងសង់នឹងធ្វើបន្ត ដើម្បីបញ្ចប់ការសាងសង់ទាំងស្រុងតាមលក្ខណៈបច្ចេកទេស ដោយមានរៀបចំផ្លាកសញ្ញាចរចរណ៍ត្រឹមត្រូវ។

លោកបញ្ជាក់ថា៖«ស្ពាននេះ បើកឱ្យប្រើប្រាស់ពីម៉ោង៦ ព្រឹកដល់ម៉ោង៦ល្ងាច។​សួរថាហេតុអ្វីមិនបើកដល់យប់? អត់ទេ ព្រោះមិនទាន់មានផ្លាកសញ្ញាត្រឹមត្រូវ គំនូសចរាចរណ៍ត្រឹមត្រូវ អ៊ីចឹងខ្លាចបងប្អូនមានគ្រោះថ្នាក់។ មានផ្លាកសញ្ញាត្រឹមត្រូវ ទើបយើងអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះ នៅដើមខែ៥ខាងមុខ»។

លោកក៏បានឱ្យដឹងផងដែរថា ដោយសារតែមានពលរដ្ឋចង់ឈប់ដើម្បីថតរូបលើស្ពាននេះ នៅពេលសាងសង់ រដ្ឋាភិបាលបានស្នើសុំក្រុមហ៊ុនសាងសង់ចិន ឱ្យពង្រីកកន្លែងនោះ២ម៉ែត្រកន្លះថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចថតរូបបាន ព្រោះនៅទីនោះមានទេសភាពល្អណាស់។

ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានអំពាវនាវថា ជៀសវាងការកកស្ទះនៅលើស្ពាន សូមឱ្យប្រជាពលរដ្ឋកុំចតយានយន្តនៅលើស្ពាន ដើម្បីថតរូប ឬមើលទេសភាពឱ្យសោះ ប៉ុន្តែត្រូវចតនៅខាងក្រៅស្ពានវិញ។

ក្រៅពីនោះ លោកក៏បានអំពាវនាវឱ្យមានការគោរពច្បាប់ចរាចរណ៍ផងដែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រ​ពៃណី​ជាតិ ឬបុណ្យទានធំផ្សេងៗ ដើម្បីកុំឱ្យ«ថ្ងៃសប្បាយ ក្លាយជាថ្ងៃកើតទុក្ខ» ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

គម្រោងសាងសង់ផ្លូវជាតិលេខ១០មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ នេះ។ គម្រោងសាងសង់នេះ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០៕