
អគ្គិភ័យឆាប់ឆេះម៉ាស៊ីនបូមសាំង បណ្តាលឱ្យរបួសធ្ងន់មនុស្ស៣នាក់ និងបំផ្លាញអូប័រ២គ្រឿង នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីរសៀលថ្ងៃទី១៣ ខែមេសា។ រូបថត នគរបាលជាតិ
កំពតៈ យ៉ាងហោចណាស់បុរសចំនួន៣នាក់បានទទួលរងរបួសធ្ងន់ធ្ងរ និងអូប័រចំនួន២គ្រឿងត្រូវបានបំផ្លាញ ដោយសារតែអគ្គិភ័យ នៅវេលាម៉ោង ជាង៤រសៀល កាលពីថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនាថ្ងៃចន្ទ ទី១៤ ខែមេសានេះថា ករណីអគ្គិភ័យឆាបឆេះអូប័រមួយកន្លែងនេះ បានកើតឡើងនៅចំណុចភោជនីយដ្ឋាន ហេងរស្មី ដែលស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង កំពត ខេត្តកំពត។
ជនរងគ្រោះទាំង៣នាក់នោះរួមមានឈ្មោះ យូ សុះ អាយុ ៤០ ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់ កណ្តាល ក្រុងកំពត, ឈ្មោះ ជិន រត្ន័ធី អាយុ ៣៥ ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត និង ឈ្មោះ ផន ភក្តី អាយុ ២៩ ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

មូលហេតុ ដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ គឺដោយសារតែជាងជួសជុលម៉ាស៊ីនបូមសាំង ដោយដោះយកមកសំអាតរ៉េសាវ័រ ហើយក៏បណ្តាលឱ្យមានការឆាបឆេះកើតឡើង។
កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញប្រតិបត្តិការពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង។ ក្នុងនោះ បានប្រើប្រាស់ទឹកអស់ចំនួន៦ រថយន្ត។ អគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង ៧ និង១៥ នាទីយប់ នាថ្ងៃដដែលនោះ៕

