ភ្នំពេញៈ បញ្ហាគ្រឿងញៀន និងការទាញយក App NoDrug ទៅប្រើប្រាស់ ត្រូវបានបង្កើនការផ្សព្វផ្សាយ ដល់ពលរដ្ឋ ទៅលេងអង្គរសង្ក្រាន្តខេត្តសៀមរាប និងដល់អ្នកធ្វើដំណើរ តាមរថយន្តក្រុង ទៅស្រុកកំណើត នៅមុនពេល និងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដើម្បីទទួលបានចំណេះដឹងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ( អ.ជ.ប.គ.ញ ) ក្រោមកិច្ចសហការ ជា​មួយ​នឹងក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប និងវិស័យឯកជនជាច្រើន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃ អ.ជ.ប.គ.ញ បានឱ្យដឹងថា ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅក្នុងអង្គរសង្រ្កាន្ត គឺចាប់ពីថ្ងៃទី១៣និងទី១៤ ខែមេសានេះ។

ក្នុងរយៈពេល២ថ្ងៃនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលចូលរួមទស្សនាខេត្តសៀមរាប ក៏ដូចជាចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានសម្ដែងការចាប់អារ​ម្មណ៍ជាខ្លាំង ចំពោះការតាំងពិព័រណ៌របស់ អ.ជ.ប.គ.ញ ទាំងនៅតំបន់អង្គរ ក៏ដូចជានៅមាត់ស្ទឹងសៀមរាប។

លោកបញ្ជាក់ថា៖«ពួកគាត់ឆ្លៀតពេលចូលស្វែងយល់ ក៏ដូចជាទទួលយកនូវបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការងារគ្រឿងញៀន ក៏ដូចជា App NoDrug: https://nodrugsnacd.com/download_kh ដែលជាប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ដល់ចំណេះដឹងកាន់តែរហ័សនិងរាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍»។

ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំពីការទាញយក និងប្រើប្រាស់ App NoDrug ដល់ពលរដ្ឋទៅលេងអង្គរសង្ក្រាន្តខេត្តសៀមរាប។ រូបថត NACD

នាឱកាសនោះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់, លោកឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជាតំណាងឱ្យក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាគឺជាគោលដៅទេសចរណ៍បែបវប្បធម៌ បែបវប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ «ដោយគ្មានគ្រឿងញៀន»។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ អ.ជ.ប.គ.ញ បានលើកឡើងថា​ ការផ្ដល់នូវកិច្ចសហការចូលរួមរៀបចំការតាំងពិព័រណ៌នេះ ទទួលបានការចាប់អារម្មណ៍ពីមហាជនទូទៅជាច្រើន។

លោកបញ្ជាក់ថា៖«ការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងតែធ្វើការសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកៀរគរការចូលរួម ដែលធ្វើឱ្យសកម្មភាពនេះប្រព្រឹត្តទៅជាលក្ខណៈពហុវិស័យ និងជាចលនាជាតិរួមមួយ»។

ក្រៅពីនោះ អ.ជ.ប.គ.ញ និងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជូនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតផងដែរ តាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា។

បញ្ហាគ្រឿងញៀន ត្រូវបានផ្សព្វផ្សាយ ដល់ពលរដ្ឋ ដែលធ្វើដំណើរ តាមរថយន្តក្រុង ទៅស្រុកកំណើត នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ។ រូបថត NACD

ក្នុងនោះ ស្ទីកឃ័រ QR Code App NoDrug ៦០០ផ្ទាំង ត្រូវបានបិទផ្សាយនៅលើរថយន្តក្រុង ដែលដឹកជញ្ជូន ព​លរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីទាញយក និងប្រើប្រាស់ ក្នុងការចូលរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ លោក កែវ ចាន់ណារិទ្ធក៏បានជំរុញឱ្យអ្នកបើកបរ ក៏ដូចជាអ្នកបម្រើការនៅលើរថយន្តទាំងអស់ ឱ្យជួយផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋទាញយក App NoDrug : https://nodrugsnacd.com/download_kh ប្រើប្រាស់បន្ថែមទៀតផងដែរ។

បញ្ហាគ្រឿងញៀន ត្រូវបានផ្សព្វផ្សាយ ដល់ពលរដ្ឋ ដែលធ្វើដំណើរ តាមរថយន្តក្រុង ទៅស្រុកកំណើត នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ។ រូបថត NACD

លោកតុងហួត បានបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំពុងតែធ្វើកិច្ចសហការជាមួយនឹងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីបញ្ហាគ្រឿងញៀន នៅក្នុងកម្មវិធីជាច្រើន។

ក្នុងនោះរួមមាន ការផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀនក្នុងពិធីប្រគំតន្ត្រី រាំកំសាន្ត, ការដាក់បញ្ចាំងផ្ទាំងរូបភាពជំរុញការប្រើប្រាស់ App NoDrug នៅលើផ្ទាំងប៉ាណូអេឡិចត្រូនិកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាសាខាតាមបណ្ដាខេត្ត និងការដាក់តាំងបដាតាមទីតាំងសំខាន់ៗជាដើម។

កម្មវិធី​ទូរស័ព្ទ​ដៃ App NoDrug នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ២០២៤​កន្លង​មក ដើម្បីឱ្យសាធារណជនទាញយកទៅប្រើប្រាស់ ក្នុងការ​ចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុស​ច្បាប់។

អ.ជ.ប.គ.ញ ក៏បានលើកឡើងផងដែរថា App NoDrug របស់កម្ពុជានេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តារដ្ឋអាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំលើកទី១៨ នៃបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (18th ASEAN Drug Monitoring Network Meeting)នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៨ ដល់១០ខែមេសានេះ កម្ពុជាបានចែករំលែកពីលទ្ធផលលេចធ្លោរបស់ខ្លួន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេលមួយឆ្នាំនេះ។ លើសពីនោះ ក៏បានលើកយកមកបង្ហាញ នូវអត្ថប្រយោជន៍ នៃការប្រើប្រាស់ App NoDrug របស់អ.ជ.ប.គ.ញផងដែរ។

អ.ជ.ប.គ.ញ បានគូសបញ្ជាក់ថា៖«តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃបណ្ដាប្រទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំនោះ​ មានការចាប់អារម្មណ៍ខ្លាំងពីApp NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដោយគ្មានអត្តសញ្ញាណ ខុសប្លែកពីបណ្ដាប្រទេសនានាដែលមានតែប្រព័ន្ធទូរសព្ទHotlineប៉ុណ្ណោះ»៕