
សិប្បកម្មផលិតស្បែកជ្រូក មួយកន្លែង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោងជាង៩ ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ រូបថត នគរបាលរាជធានីភ្នំពេញ
ភ្នំពេញៈ យ៉ាងហោចណាស់មានគ្រោះថ្នាក់អគ្គិភ័យបានកើតឡើងចំនួន១០លើក នៅទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ដែលបណ្តាលឱ្យមានអ្នករបួសចំនួន៤នាក់ ប៉ុន្តែមិនមានករណីស្លាប់នោះទេ។ នេះបើយោងតាម នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែមេសានេះ។
បើធៀប ក្នុងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០២៤កន្លងមក គ្រោះថ្នាក់អគ្គិភ័យមានការថយចុះចំនួន១០លើក។
គ្រោះថ្នាក់អគ្គិភ័យទាំង១០លើកនោះ បានបំផ្លាញផ្ទះ២០ខ្នង បន្ទប់ចំនួន២ ឃ្លាំង១ រថយន្ត៣គ្រឿង និងភោជនីយដ្ឋាន១ផងដែរ។ មូលហេតុនៃ គ្រោះថ្នាក់ទាំងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចំនួន៥លើក ភ្លើងឆេះព្រៃរាល ១លើក ធ្លាយទុយោហ្គាស១លើក និងក្រៅពីនោះ កំពុងតែស្ថិតក្នុងការស្រាវជ្រាវ។
រាជធានីភ្នំពេញ បានកើតឡើងគ្រោះអគ្គិភ័យច្រើនជាងគេ គឺចំនួន៤ករណី, សៀមរាប២ករណី, រតនៈគិរី២ករណី, មណ្ឌលគិរី១ករណី និងកំពង់ស្ពឺ ១ករណីផងដែរ៕