
«ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ចំនួន ៣ ឃ្លាត្រូវបានសម្ពោធចាក់ផ្សាយនៅថ្ងៃទី១៧ ខែមេសានេះ ក្នុងឱកាសដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅកម្ពុជា។
ប្រយោគទាំង ៣នោះរួមមាន «រសជាតិសម្លឆ្ងាញ់អាស្រ័យលើគ្រឿងទេសខុសៗគ្នាលាយបញ្ចូលគ្នា», «គន្លឹះនៃការធ្វើអភិបាលកិច្ចជាតិគឺចាប់ផ្ដើមពីការបង្កើនប្រាក់ចំណូលប្រជាជន» និង «អ្វីដែលប្រជាជនចូលចិត្តត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»។
ការសម្ពោធផ្សព្វផ្សាយប្រយោគបុរាណចិនទាំងនេះ ធ្វើឡើងដោយក្រសួងព័ត៌មាន ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា។
យោងតាមឃ្លីបវីដេអូចំនួន ៣ ភាគដែលផ្សព្វផ្សាយដោយរាជបណ្ឌិត្យសភាកម្ពុជា ប្រយោគ «រសជាតិសម្លឆ្ងាញ់អាស្រ័យលើគ្រឿងទេសខុសៗគ្នាលាយបញ្ចូលគ្នា» សំដៅទៅលើភាពចម្រុះនៃអរិយធម៌មនុស្សជាតិ ដែលជាលក្ខណៈពិសេសជាមូលដ្ឋានរបស់ពិភពលោក និងជាប្រភពនៃការអភិវឌ្ឍរបស់មនុស្សជាតិ។
ចំណែក «គន្លឹះនៃការធ្វើអភិបាលកិច្ចជាតិគឺចាប់ផ្ដើមពីការបង្កើនប្រាក់ចំណូលប្រជាជន» សំដៅទៅលើការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដែលតម្កល់ប្រយោជន៍ប្រជាជនជាសំខាន់, ដើរតាមមាគ៌ាវិបុលភាពរួមដោយម៉ឺងម៉ាត់ឥតងាករេ និងប្រកាន់ខ្ជាប់នូវជំហររបស់ប្រជាជន, ផ្ដោតលើការលុបបាត់ភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជន និងការបម្រើប្រជាជន ដែលកម្មវត្ថុរបស់បក្សកុម្មុយនីស្តចិន។
រីឯឃ្លាទី៣ «អ្វីដែលប្រជាជនចូលចិត្តត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់» សំដៅទៅ លើការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជីវភាពប្រជាជន ការការពារបរិស្ថានអេកូឡូស៊ីដើម្បីជីវភាពប្រជាជន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា៖ «តាមរយៈកម្មវិធីនេះយើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»។
ថ្លែងក្នុងពិធីនេះដែរ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងកម្ពុជាចិនមានជាយូរមកហើយ ដូចមានឆ្លាក់នៅលើជញ្ជាំងប្រាសាទមួយចំនួន ហើយទំនាក់ទំនងនេះរឹតតែរឹងមាំនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា តាមរយៈការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» គឺពិតជាចលករមួយដ៏សំខាន់ណាស់ក្នុងការជំរុញដល់ការស្វែងយល់ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតរវាងប្រទេសយើងទាំងពីរ ទាំងក្នុងមជ្ឈដ្ឋាន ប្រជាជន ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ»៕