កោះកុងៈ ស្ពានឈើ៤កន្លែង និងជណ្តើរឡើងទៅកាន់«ភ្នំម្រេចកង្កែប» នៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង នឹងត្រូវរៀបកែលម្អឡើងវិញ ដើម្បីសម្រួលដល់អ្នកទេសចរបែបផ្សងព្រេង។

ផែនកែលម្អឡើងវិញនេះនឹងត្រូវធ្វើឡើងតាមរយៈគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេស​ចរណ៍ធម្មជាតិកម្ពុជា» (CSLEP) ដែលគាំទ្រថវិកាដោយធនាគាពិភពលោក។ នេះបើយោងតាម ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគ្រប់គ្រងគម្រោងCSLEP លោកឃិន ម៉េងឃាង។

គម្រោងCSLEPនេះមានគោលបំណង កែលម្អការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងទន្លេសាប (CMTS)។ ផែនការជួលជុលនេះ ត្រូវបានប្រាប់ឱ្យដឹង បន្ទាប់ពីលោកម៉េងឃាង និងក្រុមការងារបានចុះពិនិត្យផ្ទាល់ជាលើកដំបូង នៅ«ភ្នំម្រេច​កង្កែប» ដែលត្រូវបានគេចាត់ទុកថា ជា«ឋានសួគ៌អារ៉ែង» កាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា៖«ទេសភាពក៏ស្អាត តែយើងមានបញ្ហាស្ពានឈើហ្នឹង៤កន្លែង ដែលយើងត្រូវរៀបចំកែលម្អឡើងវិញ ជណ្តើរបាក់បែកខ្លះត្រូវកែលម្អ។ អញ្ជឹងក្នុងក្របខណ្ឌគម្រោង CSLEPនេះ យើងគិតថា យើងអាចជួយបាន រួមទាំងស្លាកសញ្ញា ឬ កន្លែងឈប់សម្រាក  ព្រោះយើងឡើងទៅហត់ មិនអាចឡើងបន្តទៀតបាន ហើយយកន្លែងណាស្រួល ហើយអាចសម្រកបាន»។

«ភ្នំម្រេចកង្កែប» មានចម្ងាយជាង៣គីឡូម៉ែត្រ ពីជើងភ្នំ រហូតដល់កំពូលភ្នំ។ ភ្នំនេះកំពុងតែទាក់ទាញអ្នកទេសចរបែបផ្សងព្រេង។ ពួកគេអាចធ្វើដំណើរដោយថ្មើរជើង ឡើងទៅលើកំពូលភ្នំនេះ ដើម្បីគយ​គន់ទេសភាពខៀវស្រងាត់ ដ៏ស្រស់ត្រកាល អមដោយពពកស​លើកំពូលភ្នំ និងសំលេងសត្វយំឆ្លើយឆ្លងគ្នា នាពេលព្រឹកព្រលឹម។ ការធ្វើដំណើរឡើងទៅលើកំពូល«ភ្នំម្រេចកង្កែប» គឺត្រូវចំណាយពេលជាង១ម៉ោង ហើយការចុះវិញប្រមាណតែ១ម៉ោងប៉ុណ្ណោះ។

លោកម៉េងឃាងក៏បានឱ្យដឹងផងដែរថា ដោយសារតែតំបន់នោះ មិនមានភ្ញៀវទៅច្រើន។ ហេតុនេះ ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម គឺអាចគ្រប់គ្រងសំរាម។ រីឯ បញ្ហាបន្ទប់ទឹកអនាម័យនៅកន្លែងនោះ គម្រោងនឹងអាចជួយរៀបចំឱ្យបានល្អជាងមុនផងដែរ។

ដើម្បីការពារសុវត្ថិភាពអ្នកទេសចរកុំឱ្យធ្លាក់ របងឈើមួយក៏ត្រូវបានកសាងឡើង នៅលើថ្មនៃកំពូលភ្នំ។ ប៉ុន្តែអ្នកទេសចរ និងអ្នកនាំភ្ញៀវខ្លះបានស្នើឱ្យមានការកែសម្រួលឡើងវិញ ព្រោះថា របងនោះ វាបានធ្វើឱ្យបាត់លក្ខណៈធម្មជាតិពិតរបស់ទេសភាព ដែលពួកគេប្រាថ្នាចង់ឃើញ និងផ្តិតយករូបភាព។

លោកបានថ្លែងដូច្នេះថា៖«អ៊ីចឹងចំណុចអស់ហ្នឹង យើងក៏ត្រូវគិតឡើងវិញ ដែលជា មតិយោបល់ពីអ្នកប្រើប្រាស់សេវា។ អ្នកផ្តល់សេវា ក៏ត្រូវតែគិតដែរ។ អ៊ីចឹងយើងនឹងពិភាជាមួយសហគមន៍ថា រៀបចំយ៉ាងម៉េច ដើម្បីឱ្យកាន់តែប្រសើរឡើង សម្រាប់អ្នកទេសចរ ដែលចូលចិត្តដំណើរផ្សងព្រេង»។

ប្រធានសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង លោកឡុង កយ បានឱ្យដឹងថា «ភ្នំម្រេចកង្កែប» គឺជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ក្នុងចំណោមតំបន់ជាច្រើនផ្សេងៗទៀតជាច្រើនសម្រាប់ ទៅលំហែកាយកម្សាន្តនៅអារ៉ែង។ បើចង់ទៅកម្សាន្ត នៅតំបន់ទាំងអស់នោះ ភ្ញៀវទេសចរត្រូវចំណាយពេលរហូតដល់ទៅ​២សប្តាហ៍ឯនោះ តាមរយៈការជិះម៉ូតូ ជិះកង់ ឬ ដើរថ្មើរជើងជាដើម។

ស្ពានឈើមួយកន្លែង ក្នុងចំណោមស្ពានឈើចំនួន៤ ឡើងទៅលើកំពូល«ភ្នំម្រេចកង្កែប» ដែលនឹងត្រូវធ្វើការកែលម្អឡើងវិញ។ រូបថត ក្រសួងបរិស្ថាន

លោកកយបានទទួលស្គាល់ថា បញ្ហាស្ពាន ជណ្តើរឡើង និងបង្កាន់ដៃ គឺឧបសគ្គចំបងសម្រាប់ភ្ញៀង ក្នុងការឡើងទៅលើ«ភ្នំម្រេចកង្កែប» នាពេលបច្ចុប្បន្ននេះ។

អភិបាលរងខេត្តកោះកុង លោកអន សុធារិទ្ធ បានលើកឡើងថា ខេត្តកោះកុងសម្បូរទៅដោយសក្តានុពលទេសចរណ៍ ដែលរួមមានតំបន់ឆ្នេរ និងតំបន់ភ្នំជាដើម។ ក្នុងចំណោមខេត្តឆ្នេរទាំង៤ កោះកុងមានឆ្នេរវែងជាងគេបំផុត គឺរហូតទៅដល់ ២៥៧គីឡូម៉ែត្រ ក្នុងចំណោម ជាង៤០០គីឡូនៅកម្ពុជា។ ឆ្នេរនេះសម្បូរដោយព្រៃកោងកាង ច្រើនជាងគេនៅក្នុងអាស៊ាន។

លោកមានប្រសាសន៍ថា៖«អ៊ីចឹង នេះជាសក្តានុពលមួយ សម្រាប់អភិវឌ្ឍវិស័យអេកូទេសចរណ៍។ ថ្មបាំងមានទាំងទេសចរណ៍ធម្មជាតិ ដំណើរផ្សងព្រេង និងទេសចរណ៍បែបវប្បធម៌ ដែលមានមឈូស និងពាងបុរាណ មានជនជាតិភាគតិច»។

គម្រោង CSLEP(២០២០-២០២៧) ត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាន និងអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅជួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

គម្រោងនេះបាននិងកំពុងប្រើប្រាស់ទេសចរណ៍ធម្មជាតិជាកត្តាជំរុញ សេដ្ឋកិច្ចសហគមន៍ជនបទឱ្យរីកចម្រើន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា នៅជួរភ្នំក្រវាញ-ទន្លេសាប។

តំបន់ការពារសំខាន់ៗ ទាំងនេះរួមមាន ឧទ្យានជាតិភ្នំគូលែន ឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃពាមក្រសោប, តាតៃ, ឱរ៉ាល់ និងដែនជម្រកសត្វព្រៃភ្នំសំកុស។ តំបន់ទេសភាព CMTS គ្របដណ្ដប់លើផ្ទៃដីជាង ៣,៨ លានហិកតា រួមទាំងជលផលទឹកសាប ដែលមានផលិតភាពខ្ពស់បំផុតរបស់ពិភពលោក និងព្រៃការពារដ៏ធំបំផុតនៅឥណ្ឌូចិនផង៕