
ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមេសា។ STPM
កម្ពុជាបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ «ចិនមួយ» និងចាត់ទុកថា កោះតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ ការប្ដេជ្ញាជាថ្មីនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជា ដែលបញ្ចប់នៅថ្ងៃទី១៨ ខែមេសានេះ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះថា៖ «កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ»។
ជាមួយគ្នានេះ ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី។ ចិនក៏អះអាងនូវការគាំទ្រកម្ពុជាក្នុងការដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
តំបន់ ស៊ីនជាំង ត្រូវបានចោទប្រកាន់ដោយប្រទេសលោកខាងលិចថា មានការរំលោភសិទ្ធិមនុស្ស ជាពិសេសពាក់ព័ន្ធនឹងជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur) ខណៈដែលតំបន់ស៊ីចាង ដែលត្រូវគេហៅម្យ៉ាងទៀតថា តំបន់ទីបេ មានជាប់ពាក់ព័ន្ធនឹងចលនាផ្ដាច់ខ្លួនដូចកោះតៃវ៉ាន់ដែរ។
ចំណែកទីក្រុងហុងកុងក៏មានភាពចម្រូងចម្រាស់ផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានចលនាគាំទ្រប្រជាធិបតេយ្យធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន៕