នាវា​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន (JMSDF) ចំនួន​ពីរ​គ្រឿង​ឈ្មោះ​ Bungo និង​ Etazima  កំពុង​ចូល​ចត​នៅ​កំពង់​ផែ​កង​ទ័ព​ជើង​ទឹក​រាម។ នាវា​ទាំង​ពីរ​គឺ​ជា​នាវា​ដំបូង​គេ​ដែល​ចូល​ចត​នៅ​កំពង់​ផែ​នេះ​បន្ទាប់​ពី​​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​​ក្រោម​ជំនួយ​របស់​ចិន។

នាវា​ Bungo និង​ Etazima​ ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​បេសកកម្ម​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​ ១១ ចាប់​ពីទ្វីប​អាហ្វ្រិក មជ្ឈិមបូព៌ា រហូត​ដល់​អាស៊ីខាង​ត្បូង និង​អាស៊ីអាគ្នេយ៍​ ដែល​បាន​ចេញ​ដំណើរ​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៥។

លោកស្រី ​Miyoshi Asagi ​ទីប្រឹក្សា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា៖ «ការ​ចូល​ចត​នៃ​នាវា​ទាំង​ពីរ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​គឺ​ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ទំនាក់ទំន​ងជប៉ុន-កម្ពុជា»។
 
លោក​ស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នាវា​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន ទាំង​ពីរ​នឹង​ចត​នៅ​កំពង់​ផែ​រាម​រហូត​ដល់​ថ្ងៃ​ទី២២ ខែ​មេសា ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​កម្មវិធី​អ្វី​ទេ​នោះ។

លោកស្រី​បន្ត​ថា៖ «ដំណើរ​នៃ​នាវា​ជប៉ុន​ទាំង​ពីរ​នេះ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ សណ្តាប់​ធ្នាប់​អន្តរជាតិ​បើក​ចំហ និង​សេរី​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ព្រម​ទាំង​ការ​អភិវឌ្ឍ​នៃ​សណ្ដាប់​ធ្នាប់​និង​ច្បាប់​ទាំង​នេះ»។

យោង​តាម​លោក​ស្រី Miyoshi កង​នាវិក​នៃ​នាវា​ទាំង​ពីរ​បាន​ធ្វើសមយុទ្ធមិត្តភាព​ ផ្លាស់​ប្តូរ​ទស្សនៈ និង​សកម្មភាព​ផ្សេង​ទៀត​ជាមួយ​ប្រទេស​ដែល​បាន​ទៅ​ទស្សនា ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយសម​ភាគី។

លោក​ស្រីប​ន្ថែម​ថា៖ «យើង​ជឿ​ជាក់​ថា គំនិតផ្តួច​ផ្តើមបែប​នេះនឹង​ផ្តល់​ផលប្រយោជន៍​ដល់​គ្រប់​ប្រទេស រួមទាំងជប៉ុន និងកម្ពុជា ដោយ​បង្កើន​ទំនុកចិត្ត និង​សេចក្តីទុក​ចិត្ត​គ្នា​ក្នុង​ចំណោម​ប្រជាជន​ពាក់ព័ន្ធ។ វា​នឹងនាំ​ទៅ​ដល់​ការ​ធានា​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និង​សហគមន៍​អន្តរជាតិ»។

លោកស្រី មីយ៉ូស៊ី បាន​លើក​ឡើង​ថា ទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​ការពារជាតិ បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយសារ​ការ​ប្តេជ្ញាចិត្ត និង​ឆន្ទៈ​ដ៏​មុតមាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកស្រីបាន​និយាយ​ថា៖ «យើង​រីករាយ​ដែល​បាន​ឃើញ​ការទស្សនកិច្ច​នៅមូលដ្ឋានកងទ័ព​ជើង​ទឹករាម​ដែល​ត្រូវ​បាន​ជួស​ជុល​នេះ។ យើង​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​បើក​មូលដ្ឋាន​នេះ​សម្រាប់​គ្រប់​ប្រទេស។ ដូច្នេះ យើងសង្ឃឹមថា ការ​ចូល​ចត​នៃ​នាវា​ JMSDF នៅ​ពេលនេះ​នឹង​ក្លាយ​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​គោល​ដៅ​នេះ»។

មូលដ្ឋានកងទ័ព​ជើងទឹករាម​ដែល​បាន​ធ្វើ​ទំនើបកម្ម រួមទាំង​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា-ចិន និង​កំពង់​ផែរាម​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ទំនើប​ ទទួល​បាន​ការ​គាំទ្រ​ពី​ភាគី​ចិន។ មូលដ្ឋាន​ទ័ព​ជើង​ទឹក​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី៥ ខែមេសា​កន្លង​ទៅ។​ រដ្ឋាភិបាលកម្ពុជា​បានសន្យា​អនុញ្ញាតឱ្យ​នាវា​ជប៉ុន​ចូល​ចត​មុន​គេ និង​នឹង​បើក​ទទួល​សំណើ​សុំ​ចូល​ចត​ពី​សំណាក់​ប្រទេស​ទាំង​អស់៕