ពោធិ៍សាត់ៈ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានព្រមានអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ កុំឱ្យប្រើប្រាស់អំពើហិង្សាបាញ់ប្រហារទៅលើអ្នកអនុវត្តច្បាប់ ហើយលោកបានប្រកាស ការពារកងម្លាំងប្រដាប់អាវុធ ដែលប្រើប្រាស់សិទ្ធិការពារខ្លួន ដោយត្រឹមត្រឹមតាមផ្លូវច្បាប់។

ការព្រមានរបស់ប្រមុខរដ្ឋាភិបាលត្រូវបានធ្វើឡើង នៅថ្ងៃអង្គារ ទី២២ មេសានេះ ក្នុងពិធី «សម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និង រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក» ក្នុងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយក្នុងចំណោម ខេត្តទាំង៦ជាប់បឹងទន្លេសាប។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងការបង្ក្រាបបទល្មើសនេសាទរបស់កងកម្លាងំប្រដាប់អាវុធ ដែលរួមមានកម្លាំងទាហាន អាវុធហត្ថ និងនគរបាលជាដើមនោះ មានជនល្មើសខ្លះបានប្រើប្រាស់ហិង្សាទៅលើអ្នកអនុវត្តច្បាប់ទាំងនេះ ដូចជាការប្រើប្រាស់អាវុធបាញ់ប្រហារ ឬបើកទូកបុកពន្លិច ប៉ុនប៉ងសម្លាប់ជាដើមនាពេលកន្លងមក។

លោកមានប្រសាសន៍ថា៖«អ្នកខ្លះរហូតទៅដល់ចង់ដេញបាញ់កងកម្លាំងទៀត។ អ្នកខ្លះឈានទៅដល់ការបើកទូកបុកចង់សម្លាប់។ កងម្លាំងប្រដាប់អាវុធ មានសិទ្ធិការពារខ្លួន ខ្ញុំប្រាប់។ យើងអនុវត្ត យើងមិនប្រើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែបើសិនជាមានការបាញ់ប្រហារមកលើកងទ័ព ឬមួយក៏មានចេតនាធ្វើសកម្មភាពគ្រោះថ្នាក់ណាមួយ កងទ័ព ឬកងកម្លាំងប្រដាប់អាវុធមានសិទ្ធិការពារខ្លួន ខ្ញុំនិយាយឱ្យច្បាស់»។

លោកបានបន្តដូច្នេះថា៖«ព្រោះប្រជាជនធម្មតាគ្មានកាំភ្លើងទេ»។ អ៊ីចឹងអ្នកដែលប្រព្រឹត្តខុស ស្តាប់ឱ្យច្បាស់ កុំចង់សាកយកកាំភ្លើងបាញ់កងទ័ព បាញ់ប៉ូលិស​ បាញ់ប៉េអឹម។ កុំឱ្យសោះ។ កុំយកទូកមកចង់បុកពន្លិចទូករបស់កងកម្លាំងនៅកណ្តាលទន្លេ ព្រោះកន្លងទៅមាន...តែយើងមិនប្រើហិង្សាដាច់ខាត លើកលែងតែការការពារខ្លួនទេ»។

កងកម្លាំងចុះបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីខែមីនាកន្លងមក។ រូបថត កងទ័ពជើងគោក

លោកនាយករដ្ឋមន្រ្តីបានថ្លែងថា កងកម្លាំង ដែលអនុវត្តច្បាប់ មានសិទ្ធិការពារខ្លួន ហើយលោកចេញមុខការពារ ប្រសិនបើ ការអនុវត្តវិធានការនោះត្រឹមត្រូវទៅតាមផ្លូវច្បាប់។

លោកបានថ្លែងថា៖«បងប្អូនសួរយោបល់មកខ្ញុំ។ ខ្ញុំថា បើគេបំពានបែបនេះ ប្រើសិទ្ធិការពារខ្លួន ខ្ញុំទទួលខុសត្រូវ ព្រោះខ្ញុំបញ្ជាឱ្យអនុវត្តច្បាប់ ខ្ញុំត្រូវការពារបងប្អូន បើមិនអ៊ីចឹងទេ អ្នកអនុវត្តច្បាប់ មានទឹកចិត្ត មានភាពក្លា​ហានឯណាទៅធ្វើ បើគេបាញ់ហើយ អត់មានអ្នកណាការពារ។ តែសុំឱ្យអនុវត្តច្បាប់ ត្រឹមត្រូវតាមច្បាប់ ហើយសុំអ្នកដែលបំពានច្បាប់ កុំលេងសើច»។

ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការអនុវត្តច្បាប់ លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកងកម្លាំង ឱ្យមានភាពច្បាស់លាស់ ​ម៉ឺងម៉ាត់ និងបង្ក្រាបឱ្យចំគោលដៅ រវាងប្រជាពលរដ្ឋនេសាទធម្មតាស្របច្បាប់ និងក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។

លោកបានបញ្ជាក់ថា៖«យើងបង្រ្កាបអ្នកខុសច្បាប់ តែពលរដ្ឋយើងទុកឱកាស ឱ្យគាត់ប្រកបរបរចិញ្ចឹមជីវិតតាមជាលក្ខណៈស្របច្បាប់ ដើម្បីបានរួមគ្នារស់។ ជាពិសេស រួមគ្នាដើម្បីរស់ ចែកម៉ាប្រទេសតែម្តងនៅតាមបណ្តោយទន្លេ ព្រោះបើអ្នកនៅខាងលើបង់យកអស់ហើយ អ្នកនៅខាងក្រោមអត់បានទេ។ បើបង់យកទាំងអាកូនត្រី គឺអស់តែម្តង។ ចឹងគឺចែកគ្នារស់ទាំងអស់ តាមរយៈការធានានូវការនេសាទ ដោយត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ»។

ក្នុងឱកាសនោះ លោកយករដ្ឋមន្រ្តី ក៏បានលើកឡើង និងព្រមាន ក្រុមជនល្មើសបរបាញ់សត្វព្រៃ ដែលបានបាញ់ប្រហារទៅលើក្រុមមន្រ្តីឧទ្យានុរក្សបរិស្ថាន ក្នុងខេត្តមណ្ឌលគិរី នៅដើមខែមេសានេះផងដែរ។

គណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក បាន ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់ ក្នុងនោះមានជនជាតិវៀតណាម៤៧នាក់ ក្នុងត្រីមាស១ ឆ្នាំ២០២៥នេះ។ ក្រៅពីនោះ ឡុកចំនួន ៧ ២២៥គ្រឿង, ស្បៃមុងគ្រប់ប្រភេទជាង២លានម៉ែត្រ និងបង្គោលចម្រឹង ជាងកន្លះលានដើមជាដើម ក៏ត្រូវបានរកឃើញ រឹបអូស និងបំផ្លាញផងដែរ។

បន្ថែមពីនោះ ក៏បានប្រលែងត្រីចំនួន ២៧ ៣៦៥គីឡូក្រាម និងលៀសជាង៧២០តោន ខណៈដែល ប្រជាពលរដ្ឋចំនួន ១១ ៨៧នាក់ ត្រូវបានអប់រំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងបានធ្វើកិច្ចសន្យាជាមួយប្រជានេសាទចំនួន ៤៤១នាក់ ដែលមានទូកចំនួន៩៨គ្រឿង៕