ថ្មី​ទៀត​ពី​លោក ដូណាល់​ ត្រាំ ដោយ​ចាប់​ពីខែ​មិថុនា​ខាងមុខ​ សហរដ្ឋអាមេរិក​នឹងដាក់​ពន្ធអាករ​​ថ្មី​លើ​ការ​នាំចូល​បន្ទះសូឡា​​ពី​អាស៊ីអាគ្នេយ៍ ​​រហូត​ដល់​ជាង ៣៥០០​ភាគរយ លើ​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី និង​វៀតណាម​ ​ជា​វិធានការ​មួយ​ក្នុង​គោលបំណង​ប្រឆាំងនឹង​ការឧបត្ថម្ភ​ធន​របស់​ចិន។​

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​ពី​ចេតនា​របស់ខ្លួន​ក្នុងការ​ដាក់​ពន្ធអាករ​​ ៣៥២១​ ភាគរយ​លើ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ពី​អាស៊ីអាគ្នេយ៍​។

យោងតាម​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក អត្រា​ពន្ធដ៏ខ្ពស់ ៣៥២១​ ភាគរយ​ ត្រូវបាន​កំណត់​លើ​ក្រុមហ៊ុន​ពី​​​ប្រទេស​កម្ពុជា ​ខណៈ​ក្រុមហ៊ុន​នៅ​​វៀតណាម​ប្រឈម​មុខ​​ពន្ធ​ ៣៩៥,៩ ភាគរយ ក្រុមហ៊ុន​​ប្រទេស​ថៃជាប់​ពន្ធ​ ៣៧៥,២ ភាគរយ។ អត្រាទូទាំងប្រទេសសម្រាប់ម៉ាឡេស៊ីត្រូវបានប្រកាសជារួម​ចំនួន​ ៣៤,៤​ ភាគរ​យ។

ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន​បានដាក់​ពន្ធ​លើ​ការប្រឆាំង​ការលក់​បង្ខូច​ថ្លៃ និង​ប្រឆាំង​ការឧបត្ថម្ភ​ធន​បឋម​លើ​ឧបករណ៍​ថាមពល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ថៃ និង​វៀតណាម​។​

ករណីនេះ​ត្រូវបាន​ប្ដឹង​ដោយ​ក្រុមហ៊ុន Hanwha Qcells ក្រុមហ៊ុន First Solar Inc ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Arizona របស់​ប្រទេស​កូរ៉េ និង​អ្នក​ផលិត​តូចៗ​ជាច្រើន​ដែល​កំពុង​ស្វែងរក​ការការពារ​ការវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ការផលិត​ថាមពល​ពន្លឺព្រះអាទិត្យរ​បស់​សហរដ្ឋអាមេរិក​។

​ក្រុម​ដែលជា​គណៈកម្មាធិការ​ពា​ណិ​ជ្ជ​កម្ម​នៃ​សម្ព័ន្ធភាព​អាមេរិក​សម្រាប់​ការផលិត​ថាមពលព្រះអាទិត្យ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​ចិន​ធំៗ​ដែលមាន​រោងចក្រ​នៅ​អាស៊ីអាគ្នេយ៍​អំពីការ​លក់​សូឡា​​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ផលិតកម្ម​របស់​ពួកគេ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​មិន​យុត្តិធម៌​ដែល​ធ្វើឱ្យ​ទំនិញ​អាមេរិក​មិនមាន​ការប្រកួតប្រជែង​។​

យោងតាម​ទិន្នន័យ​ពី​ខែមករា ឆ្នាំ ២០២៤ និង​ខែមករា ឆ្នាំ ២០២៥​ ការនាំ​ចូល​ពី​ប្រទេស​ទាំង​បួន​ដែលមាន​គោលដៅ​នៅក្នុង​ញត្តិ (Anti-Dumping Duty) AD និង (Countervailing Duty) CVD​ របស់​សម្ព័ន្ធ​។

​យោងតាម​ទិន្នន័យ​ពន្ធគយ និង​ពាណិជ្ជកម្ម​ពី​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក និង​គណៈកម្មការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក បាន​បង្ហាញថា ការ​នាំចូល​បន្ទះ​សូ​ឡា និង​ម៉ូឌុល (​គិត​ជាត​ម្លៃ​) ពី​វៀតណាម​បាន​ធ្លាក់ចុះ ៩១.៥% ​និង​ការ​នាំចូល​បន្ទះ​សូ​ឡា និង​ម៉ូឌុល (​គិត​ជាត​ម្លៃ​) ពី​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ ៩០%។

ការ​នាំចូល​បន្ទះ​សូ​ឡា និង​ម៉ូឌុល (​គិត​ជាត​ម្លៃ​) ពី​ម៉ាឡេស៊ី​បាន​ថយចុះ ៨៧% និង​​ការ​នាំចូល​បន្ទះ​សូ​ឡា និង​ម៉ូឌុល (​គិត​ជាត​ម្លៃ​) ពី​កម្ពុជា​បាន​ថយចុះ ៩៩.៦៦%។

គួរ​កត់សម្គាល់ថា ទិន្នន័យ​នាំចូល​ថ្មី​បានបង្ហាញ​ពី​ការកើនឡើង​ខ្ពស់​មិនធម្មតា​នៃ​ការនាំ​ចូល​ពី​ឡាវ (២១៤%) និង​ឥណ្ឌូនេស៊ី (៤៧៩៧.៩៦%)​។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន​ឱ្យ​ដឹងថា ការនាំចេញបន្ទះសូឡា​របស់កម្ពុជាបានធ្លាក់ចុះជិត ៦០ ភាគរយមកនៅត្រឹម ៨៣០​ លានដុល្លារក្នុងឆ្នាំ ២០២៤​ ពីជាង ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣​៕

តារាង​ពន្ធអាករ​ដែល​សហរដ្ឋ​អាមេរិក​បានដាក់​ថ្មីលើ​ប្រទេស​កម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី។