
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងនៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២៥។ SHS
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកម្ពុជាវ័យចំណាស់បានរាំកម្សាន្តសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ ដោយមិនបានខ្វល់ខ្វាយអ្វីច្រើនរឿងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនោះទេ «លើកលែងតែអ្នកវិភាគអត់គម្រប់»។
ថ្លែងនៅក្នុងសម័យប្រជុំលើកទី៣ នៃព្រឹទ្ធសភា លោកបានសរសើរដល់ការរៀបចំពិធីបុណ្យចូលឆ្នាំ និងការរក្សាសណ្ដាប់ធ្នាប់ ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ និងបានលើកឡើងពីការរីកចម្រើនរបស់កម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោកលើកឡើងដូច្នេះថា៖ «អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺចាស់ៗគាត់នាំគ្នារាំ ហាក់ដូចជារាំផ្ដាំចាស់តែម្ដង គឺរាំងលេងច្រើន សប្បាយរីករាយជាមួយនឹងជោគជ័យ ហើយហាក់ដូចជាគ្មានអ្នកណាមានកង្វល់រឿងពន្ធឬប៉ុន្មានភាគរយ ដូចជាស្ងប់ស្ងាត់ក្នុងកាលៈទេសៈហ្នឹង លើកលែងតែពួកអ្នកវិភាគអត់គម្របនៅក្រៅប្រទេស។ ប៉ុន្តែ អ្នកក្នុងប្រទេសដូចជាមិនចាប់អារម្មណ៍រឿងពន្ធប៉ុន្មានភាគរយ»។
លោកថ្លែងដូច្នេះ សំដៅទៅលើការដំឡើងពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលនៅដំណាក់កាលដំបូងមានអត្រា ៤៩ភាគរយសម្រាប់ទំនិញកម្ពុជានាំទៅសហរដ្ឋអាមេរិក មុនពេលអត្រានេះត្រូវបានបន្ថយបណ្ដោះអាសន្នមកនៅ ១០ភាគរយ រយៈពេល ៩០ថ្ងៃដើម្បីចរចា។
ពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ត្រូវបានបន្តដោយព្រឹត្តិការណ៍ធំមួយ នោះគឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ពីថ្ងៃទី១៧ដល់ ១៨ ខែមេសា ដែលបានបញ្ចប់ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាជាច្រើន។ កិច្ចព្រមព្រៀងនោះក៏រួមបញ្ចូលទាំងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ ក្នុងទឹកប្រាក់ ១១៥៦លានដុល្លារ។
លោក ហ៊ុន សែន ថ្លែងដែរថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ដល់ផលប្រយោជន៍ច្រើនទៅលើទំនាក់ទំនងកម្ពុជាចិន ជាពិសេសខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ យ៉ាងណាក៏ដោយ លោកអះអាងថា បើទោះបីជាគ្មានជំនួយ ឬ ការវិនិយោគពីចិន ក៏កម្ពុជាត្រូវសម្រេចការសាងសងព្រែកជីកហ្វូណននេះឲ្យខាងតែបាន។
លោកថ្លែងដូច្នេះ៖ «ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោនឹងបន្ត ហើយក៏សូមបញ្ជាក់ថា ព្រែកនេះបើទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើឲ្យបានដែរ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់យើងដែលមិត្តចិនបានប្រកាសនៅក្នុងការផ្ដល់ជំនួយ ក៏ដូចជាឲ្យក្រុមហ៊ុនមកចូលរួមសម្រាប់ដំណាក់កាលព្រែកជីកនេះ ហើយយើងនឹងសម្រេចនូវព្រែកជីកនេះតាមល្បឿនដែលយើងបានកំណត់»៕