កំពង់ឆ្នាំងៈ ក្រុមហ៊ុន​ទឹក​ស្អាតក្នុងក្រុងកំពង់ឆ្នាំងបានសន្យាធ្វើការ​កាយទំនប់ប្រវែងប្រមាណ៧០ម៉ែត្រ ដែលខ្លួនបានចាក់ចូលបឹងទន្លេសាបនោះ​ចេញវិញ ក្នុងរយៈពេល១៥ថ្ងៃ ហើយនឹងស្នើ​សុំ​ទៅ​ក្រសួង​ជំនាញ ដើម្បី​កំណត់​ទីតាំង​បូម​ទឹក​ឆៅតាមលក្ខណៈបច្ចេកទេស​ យកទៅ​ផលិត​ទឹក​ស្អាតសម្រាប់ពលរដ្ឋប្រើប្រាស់។

ការសន្យាកាយនេះ ធ្វើឡើងទៅតាមលទ្ធផលនៃកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារទី២២ ខែមេសានេះ ទៅតាមការណែនាំចង្អុលបង្ហាញ ពីរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោកថោ ជេដ្ឋា។

កិច្ចប្រជុំបច្ចេកទេសនេះ មានការចូលរួមដឹកនាំដោយ លោកហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប, លោកអ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក, អគ្គលេខាធិការ អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប, លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញ និង តំណាង​ក្រុមហ៊ុន​ទឹក​ស្អាតជាដើម។

ប្រជុំ​នេះ ធ្វើឡើង ដើម្បីពិនិត្យ​ និង​ពិភាក្សា​រក​ដំណោះស្រាយ​ករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង កាលពីថ្ងៃ១៩ ខែមេសា។

បន្ថែមពីនោះ ក៏បានប្រជុំពិភាក្សាដោះស្រាយ ចំពោះករណីក្រុមហ៊ុនទឹកស្អាត ដែលបានចាក់ដីបំពានចូលទន្លេសាប ដែល​ជាបទល្មើស មាន​ចែងក្នុងបទប្បញ្ញត្តិក្នុងមាត្រាទី ១២ និងមាត្រាទី ៣៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃ២១ ខែមេសា ឆ្នាំ២០២៥ ក្រុម​ការងារបច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ ក៏​បានប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក ដើម្បីពិនិត្យលក្ខណៈបច្ចេកទេសបន្ថែម ឱ្យបានហ្មត់ចត់មុននឹងប្រជុំសម្រេចនេះ ការពារកុំឱ្យបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប។

លទ្ធផលអង្គប្រជុំនៅថ្ងៃទី២២ ខែមេសានេះ បានសម្រេច និងឯកភាពគ្នា ឱ្យក្រុមហ៊ុនទឹកស្អាត​ ធ្វើ​ការ​កាយដីទំនប់​យក​អាចម៌ដីចេញពីទន្លេសាបវិញ​ស្រប​តាម​ច្បាប់​ និង​លក្ខណៈ​បច្ចេកទេស។

អាជ្ញាធរទន្លេសាបបានបញ្ជាក់ថា៖«ក្រុម​ហ៊ុន​ស្នើ​សុំ​រយៈពេល​ ១៥​ ថ្ងៃ​ ដោយ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​កាយ​ចេញ​ជាបណ្តើរៗក្នុង​រយៈពេល​ពេល​ ៧​ ថ្ងៃ​ ចាប់​ពី​ពេល​នេះ​ទៅ​ និង​រៀបចំ​ប្លង់​បច្ចេកទេស​តាម​ការ​ចង្អុល​បង្ហាញ​របស់​ក្រសួង​ និង​មន្ទីរ​ពាក់ព័ន្ធ»។

លទ្ធផលចុងក្រោយ គឺ​ក្រុមហ៊ុន​ទឹកស្អាត​ត្រូវ​​ស្នើ​សុំ​ទៅ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដើម្បីកំណត់​ទីតាំង​បូម​ទឹក​ឆៅ​ក្នុង​ការ​ផលិត​ទឹក​ស្អាត​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ អាជ្ញាធរ​ទន្លេ​សាប​ និង​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ស្រប​តាម​ច្បាប់​ជាធរមាន​។

លោកហ៊ែល តូនី បានឱ្យដឹងថា ការកាយដីចេញវិញនោះ គឺ ដើម្បីរក្សានូវលំហូរទឹកតាមលក្ខណៈធម្មជាតិរបស់ទន្លេសាប ក៏ដូចជាចូលរួមការពារប្រព័ន្ធអេកូឡូស៊ីផងដែរ។ បន្ថែមពីនោះ ក៏ដើម្បីធ្វើទៅតាមគោលការណ៍ច្បាប់ ដែលមានជាធរមាន និងលក្ខណៈបច្ចេកទេសផងដែរ។ លើសពីនោះ វាក៏ពាក់ព័ន្ធទៅនឹងការគោករាក់របស់ទន្លេសាប នាពេលអនាគតផងដែរ៕