
រូបឯកសារ៖ ស្ត្រីខ្មែរដែលរងគ្រោះនៅចិន ត្រូវបានសង្គ្រោះកាលពីឆ្នាំ២០២៤។ FB
ក្នុងរយៈជិត ៤ ខែដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃប្រទេសចិនបានបញ្ជូនពលរដ្ឋខ្មែរដែលរងគ្រោះក្នុងអំពើជួញដូរមនុស្សពីប្រទេសចិនឱ្យវិលត្រឡប់មកកម្ពុជាវិញសរុបចំនួន ៩៨នាក់ (ស្រី៩៧នាក់) ក្នុង ៤២ករណី។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសានេះថា ជនរងគ្រោះ ៥៩នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញ ចំណែក ៣៧នាក់ ត្រូវបានប្រគល់ជូននាយកដ្ឋានគាំពារជនរងគ្រោះនិងគាំពារអនីតិជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ចំណែកជនរងគ្រោះ ២នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីបន្តគ្រប់គ្រង។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបដិសេធការលើកឡើងនៅលើបណ្ដាញសង្គមថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការផ្អាកដំណើរពលរដ្ឋខ្មែរមិនឱ្យចាកចេញពីកម្ពុជា ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ទៅរស់នៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
អ្នកនាំពាក្យដដែលបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនបានរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរទៅក្រៅប្រទេសនោះទេ ប៉ុន្តែ បានចាត់វិធានការទប់ស្កាត់អំពើជួញដូរមនុស្ស ដូចជាការសម្ភាសដើម្បីដឹងពីមូលហេតុនៃការចាកចេញពីកម្ពុជា។
ក្នុងរយៈពេល (ជិត) ៤ខែដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនៅតាមច្រកទ្វារអន្តរជាតិនានា បានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេស សរុបចំនួន១០៧នាក់ (ស្រី ៨២នាក់) ក្នុង ៥២ករណី ដែលក្នុងនោះមានពលរដ្ឋខ្មែរចំនួន ៩៣នាក់។ នេះបើតាមអ្នកនាំពាក្យដដែល។
សម្រាប់ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ សមត្ថកិច្ចបានទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេសសរុបចំនួន ៧៥នាក់ ក្នុង ៣៦ករណី ក្នុងនោះមានស្រី ៥៥នាក់។ ក្នុងចំណោមមនុស្សទាំង ៧៥នាក់នោះ មានពលរដ្ឋខ្មែរចំនួន ៦៥នាក់។
ចំណោមពលរដ្ឋខ្មែរ មានតែ ៣នាក់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រៅពីនោះត្រូវបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងស្នងការ ដើម្បីស៊ើបអង្កេតបន្តករណីសង្ស័យជួញដូរមនុស្ស។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា៖ «ការសម្ភាសន៍សាកសួរព័ត៌មាន និងហាមឃាត់ការធ្វើដំណើរចេញរបស់ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស និងអ្នកដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេសនោះ ពុំមែនជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬរារាំងពលរដ្ឋខ្មែរមិនឱ្យទៅធ្វើការងារនៅក្រៅប្រទេស ដូចការយល់ច្រឡំរបស់សាធារណមតិមួយចំនួនដែលបានលើកឡើងឡើយ»។
ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសលើស្ត្រី និងកុមារ និងម្យ៉ាងទៀតគឺដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យចាញ់បោកក្រុមមេខ្យល់។
អ្នកនាំពាក្យដដែលបានថ្លែងថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលលួងលោម បោកបញ្ឆោតផ្សេងៗរបស់ក្រុមមេខ្យល់ និងឧក្រិដ្ឋជនជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ»។