
មន្រ្តីអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនឯកជន ដឹកទឹកចែកជូនពលរដ្ឋ ដែលកំពុងតែជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៅក្នុងរដូវប្រាំងនេះ។ រូបថត រដ្ឋបាលខេត្តកោះកុង
កោះកុងៈ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនឯកជន កំពុងតែអន្តរាគមន៍ដឹកទឹកចែកជូនពលរដ្ឋមួយចំនួន ដែលកំពុងតែជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៅក្នុងរដូវប្រាំងនេះ។
អភិបាលស្រុកមណ្ឌលសីមា លោក សុខ ភិរម្យ បានកំពុងតែសហការជាមួយក្រុមហ៊ុន L.Y.P Group ដើម្បីដឹកទឹកតាមឡានចំនួន៤គ្រឿង ចុះចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះទឹកស្អាតប្រើប្រាស់ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ នេះគឺជាវិធានការផ្គត់ផ្គង់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នក្នុងមូលដ្ឋាន នៅក្នុងរដូវប្រាំងខ្វះខាតទឹកនេះ។
ដោយឡែក នៅក្នុងឃុំពាមក្រសោប នៃស្រុកមណ្ឌលសីមាដូចគ្នានេះ លោកស៊ុយ ស៊ុនហេង អភិបាលរងស្រុក និងក្រុមហ៊ុន L.Y.P Group ក៏បានរៀបចំទឹកស្អាតចំនួន២ឡាន ដើម្បីចុះចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះទឹកស្អាតប្រើប្រាស់ ជាបណ្ដោះអាសន្នផងដែរ។
លោកហេង គីមឆន នាយកទីចាត់ការរដ្ឋបាល នៃសាលាខេត្តកោះកុងបានឱ្យដឹងថា ចំនួនពលរដ្ឋដែលកំពុងតែខ្វះខាតទឹកប្រើប្រាស់មិនទាន់ដឹងនៅឡើយនោះទេ។ ប៉ុន្តែលោកបានអះអាងថា មិនមានចំនួនច្រើនប៉ុន្មាននោះទេ។ លោកថា ពលរដ្ឋមួយចំនួន ដែលខ្វះខាតទឹកនោះ គឺដោយសារតែពួកគាត់មិនបានស្តាប់តាមការជូនដំណឹងរបស់ ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង ពីម៉ោង ដែលបើក និងបិទទឹកនៅក្នុងរដូវប្រាំងនេះ។
លោកបានបញ្ជាក់នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមេសាថា៖«រដ្ឋាករទឹកបានជូនដំណឹងថា បើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន។ អ្នកខ្លះ គាត់អត់បានត្រងទឹកទុកទេ រវល់ទៅធ្វើការ។ អ៊ីចឹងហើយបានខ្វះ ហើយរដ្ឋបាលស្រុកចាត់ចែងចែកទឹកជូន។ មិនជាខ្វះប៉ុន្មានទេ ឱ្យតែគាត់ព្យាយាមបើកទឹកតាមការជូនដំណឹង»។
លោកក៏បានឱ្យដឹងផងដែរថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក៏កំពុងតែត្រូវបានរៀបចំថ្មីផងដែរ ដែលក៏ជាហេតុធ្វើឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ទឹកដល់ពលរដ្ឋប្រើប្រាស់ផងដែរ។
លោកថ្លែងថា៖«យើងរៀបចំដូរប្រព័ន្ធថ្មី ដោយសារតែទុយោនៅក្នុងក្រុង វាចាស់ៗ ហើយខ្លះដាច់ទៅ វាធ្លាយទុយោអស់។ យើងកំពុងតែខួងកាត់ផ្លូវ ដើម្បីរៀបចំប្រព័ន្ធថ្មីឡើងវិញ»។
ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង កាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់ ពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាថា បាតុភូតធម្មជាតិ នារដូវប្រាំងឆ្នាំនេះ ធ្វើឱ្យអាកាសធាតុមានសភាពក្តៅហួតហែងខ្លាំង ស្របនឹងតម្រូវការប្រើប្រាស់ទឹក ក៏មាន ការកើនឡើងជាងមុន ដែលបានធ្វើឱ្យប្រភពទឹកមួយចំនួន ដូចជា ស្រះ បឹង អូរ ប្រឡាយ និងអណ្តូង ត្រូវបាន រឹងស្ងួតជាបណ្តើរៗ។
ម្យ៉ាងវិញទៀតប្រភពទឹកនៅទំនប់ស្ទាក់ទឹកតំបន់ទឹកជ្រោះតាប៉ន និងស្រះទឹកនៅភូមិចាំយាម ក៏មានការ ស្រកយ៉ាងគំហុក ដែលជាបញ្ហាប្រឈមខ្លាំងចំពោះមុខ។
ហេតុដូច្នេះ ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឱ្យជួយប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត និងកាត់បន្ថយការប្រើប្រាស់ទឹក ដែលមិនចាំបាច់ ដើម្បីទប់ស្កាត់ការរីង ស្ងួត គ្មានទឹកប្រើប្រាស់មុនពេលរដូវវស្សាឈានមកដល់។
ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុងក៏បានជូនដំណឹងពីការបែងចែកម៉ោង បិទ-បើកទឹកស្អាត ជូនប្រជាពលរដ្ឋ ប្រើប្រាស់ផងដែរ។ ក្នុងនោះ ក្រុងខេមរភូមិន្ទ ចាប់ផ្តើមបិទទឹកពីម៉ោង ២០:០០ នាទី ដល់ ០៥ : ០០ នាទីព្រឹក, ស្រុកមណ្ឌលសីមា ចាប់ផ្តើមបិទទឹកពីម៉ោង ២០:០០ នាទី ដល់ ០៥:០០ នាទីព្រឹក និង នៅផ្សារផ្លែឈើ និងភូមិថ្មី ក៏ចាប់ផ្តើមបិទទឹកពីម៉ោង ២០:០០ នាទី ដល់ ០៥:០០ នាទីព្រឹកផងដែរ៕