គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះសល់​ពី​សង្គ្រាម ​បន្ត​គំរាម​កំហែង​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ឧប្បត្តិហេតុ​ចុង​ក្រោយ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៣នេះ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​បន្ទាយ​មាន​ជ័យ។

នៅ​ព្រឹក​ថ្ងៃ​ទី២៣​ខែ​មេសា​នេះ​ មាន​ករណី​ផ្ទុះ​គ្រាប់​មីន​តោន ​បណ្តាល​ឱ្យ​អ្នក​បើកបរ​ត្រាក់ទ័រ​រង​របួស​ជា​ទម្ងន់​ ខណៈ​ដែល​ត្រាក់ទ័រ​បាន​ខូច​ខាត​ទាំង​ស្រុង។ ជនរងគ្រោះ​មាន​ឈ្មោះ ហែម កៅ ភេទប្រុស អាយុ ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​ថ្លាត ស្រុក​អន្លង់វែង ខេត្ដឧត្ដរ​មានជ័យ។

ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ។​ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​​ពេល​​អ្នក​បើកបរ​កំពុង​ភ្ជួរ​ដី​ចម្ការ​នៅ​ក្នុង​ភូមិ​អូរ​ជីក ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ នេះ​បើ​តាម​​អាជ្ញាធរ​មីន។

អាជ្ញាធរមីនអំពាវនាវនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

លោក ឡាង កុសល្យ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ១៧នាក់។ តួលេខនេះបានថយចុះ ២៦ ភាគ​រយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមាន​ជនរងគ្រោះចំនួន ២៣នាក់។

លោក​ថា ក្នុងចំណោមជនរងគ្រោះចំនួន ១៧នាក់ រួមមាន ជនរងគ្រោះដោយសារមីន ៧នាក់ និងជនរងគ្រោះដោយសារសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​១០នាក់។ ជនរងគ្រោះ​ទាំង ១៧​នាក់ មាន​ស្លាប់ ៥នាក់ របួស ១១នាក់ និងពិការអវយវៈ ១នាក់។

លោក​បន្ត​ថា ជនរងគ្រោះជាបុរស ៩នាក់ ជាស្ត្រី ២នាក់ ជាក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ៥នាក់ និងជាក្មេងស្រីអាយុក្រោម១៨ឆ្នាំ ១នាក់៕