កោះកុងៈ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ហើយបានស្លាប់ ដោយសារតែដើមសំរ៉ងរលំសង្កត់លើក្នុងខេត្តកោះកុង ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីជនរងគ្រោះទាំងនោះបានកាប់ដើមសំរ៉ង ដើម្បីយកផ្លៃលក់។

ករណីចុងក្រោយបានកើតឡើងចំពោះប្តីប្រពន្ធ២នាក់កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសានេះ ស្ថិតនៅក្នុងព្រៃ ត្រង់ចំណុចភ្នំកំពង់ប្លូ ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែសាកសពរបស់ជនរងគ្រោះទាំង២នាក់ ទើបតែត្រូវបានរកឃើញ ស្លាប់នៅជិតគ្នា ក្រោមដើមសំរ៉ង នៅល្ងាច ថ្ងៃទី២២ ខែមេសា ក្រោយពីបាត់ដំណឹងចាប់តាំងពីចេញពីផ្ទះមកនោះ។

ជនរងគ្រោះជាប្តីមានឈ្មោះឪ រិទ្ធ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ាន សម្ផស អាយុ៤១ឆ្នាំ មានទីលំនៅ ក្នុង ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ។ បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សាកសពទាំង២នាក់ប្រពន្ធ ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ង ដែលបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ដែលមានជនរងគ្រោះស្លាប់មនុស្ស៤នាក់ នៅក្នុងខេត្តកោះកុង។

ក្រសួងបរិស្ថានសំដែងការសោកស្តាយ ចំពោះគ្រួសារប្តីប្រពន្ធចំនួន២នាក់ ដែលទទួលមរណភាព«ដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ»។

ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែមេសាបានអំពាវនាវពលរដ្ឋកុំឱ្យកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លៃលក់។ លើសពីនោះ ក្រសួងក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យចូលរួមសហការ ក្នុងការចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវស​កម្មភាព កាប់ផ្ដួលដើមសំរ៉ងល្មើសច្បាប់។ ជាពិសេសនៅក្នុងរដូវប្រមូលផលសំរ៉ង ចន្លោះខែមីនា និងខែមេសា ដែលកើតមាននៅតាមសហគមន៍ នៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងឧទ្យានជាតិជាដើម។

ក្រសួងបានចាត់ទុកសកម្មភាពនេះ ថាជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចឈានទៅរកការផ្តាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង។ សកម្មភាពនេះ គឺល្មើសទៅនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

នាថ្ងៃទី២៣ ខែមេសានេះ ក្រសួងក៏បានក្រើនរំលឹកបន្ថែមទៀត ចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ ដែលអាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងតម្លៃសេដ្ឋកិច្ចមូលដ្ឋាន ដ៏សំខាន់សម្រាប់កូនចៅតទៅអនគត។

ក្រសួងបញ្ជក់ថា៖«ជនខិលខូចមួយចំនួនតូច បានចូលប្រមូលផ្លែសំរ៉ង ដោយធ្វើការកាប់រំលំដើម ឬកាប់មែក ដែលបង្កឱ្យបាត់បង់ធ្ងន់ធ្ងរ ដល់ពូជរុក្ខជាតិ ប្រភេទជីវៈចម្រុះ ពិសេសតម្លៃនៃការអភិរក្ស និងការរស់នៅប្រដោយចីរភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន»។

ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន សំណូមពរដល់សមត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍មូលដ្ឋានទាំងអស់ បន្តចូលរួមសហការឱ្យកាន់តែប្រសើរថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសចាត់វិធានការការពារ និងទប់ស្កាត់ការកាប់ដើមសំរ៉ង ឬមែកសំរ៉ង។

ក្រសួងបានលើកឡើងថា អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា ៨៥០ ក្នុងចំណុច«គ» បានចែងថា ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។ លើសពីនេះ គឺពិន័យជាប្រាក់ពី១០០លានរៀល ទៅ៥០០លានរៀលផងដែរ។

ដោយឡែក តាមមាត្រា៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕