ក្នុង​ស្ថាន​ភាព​ដែល​នយោបាយ និង​សេដ្ឋកិច្ច​​ពិភពលោក​កំពុង​មាន​ការ​ប្រែ​ប្រួល​ខ្លាំង បាន​ធ្វើ​ឱ្យស្ទើ​រគ្រប់​អាជីវកម្ម ពិសេស​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម(SME)​​ជួប​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​ចរន្ត​នេះ​ទាម​ទារ​ឱ្យម្ចាស់​អាជីវកម្ម​នីមួយ​ៗ​ត្រូវ​ខិតខំ​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ធន់ និង​អាច​បន្ត​និរន្តរភាព​ជា​បន្ត​ទៀត​។

បដិវត្តន៍ឧស្សាហកម្ម​ជំនាន់​ទី​៤.០ បានរុញ​​ឱ្យ​ពិភពលោក​ងាក​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​បំពេញ​ការងារ ជា​ពិសេស​ការ​ធ្វើ​ពាណិជ្ជកម្ម​ ដែល​មាន​លក្ខណៈ​កាន់​តែ​ទូលំទូលាយ និង​ឆាប់​រហ័ស​ជាង​មុន​។

ក្នុង​​គោល​បំណង​រួម​ចំណែក​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល​នៅ​កម្ពុជា មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​«តេជោ» (Techo Startup Center) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា នៅសណ្ឋាគារ សុខា ភ្នំពេញ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ស្តី​ពី​«​នីតិវិធី​រួម​នៃ​ការ​គ្រប់​គ្រង​កម្ម​វិធី​បរិវត្តកម្ម​ឌីជីថល​សហគ្រាស»ក្រោម​ប្រធានបទ«​តស់! ចាប់​យក​ឌីជីថល»(Time to go Digital) ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ឌីជីថល ព្រម​ទាំង​ម្ចាស់​អាជីវកម្មជា​ច្រើនរូប​។​​

នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី«តេជោ» លោក តាំង ងួនលី បាន​លើក​ឡើង​ថា ​គោល​បំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​​​ជួយ​ជំរុញ​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​​​ទាំង​អស់​នៅ​កម្ពុជា ជា​ពិសេស​អាជីវកម្ម​ខ្នាតតូច និង​មធ្យម(SME)​ ឱ្យ​ឆាប់​រួស​រាន់​​ក្នុង​ចាប់​យកនូវ​កាលានុវត្ត​ភាព​ថ្មី​ៗ​នៃ​ក្នុង​បរិបទ​នៃ​ពិភព​លោក​ដែល​កំពុង​ប្រែ​ប្រួល​ដ៏​ឆាប់​រហ័ស​នា​ពេល​នេះ​​។

លោក​បន្ត​ថា មនុស្ស​ភាគ​​ច្រើន​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ​គឺ​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​(បណ្តាញ​សង្គម) ដូច​ជា ហ្វេសបុក តិកតុក និង​អ៊ីនស្តាក្រាម ជា​ដើម​ ដូច្នេះ​ប្រសិន​បើ​គេ​(ម្ចាស់​អាជីវកម្ម​)​អាច​ ​ប្រើ​មធ្យោបាយ​ទាំង​អស់​នេះ​ធ្វើ​ការ​​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន ​គឺ​អាច​​នឹង​ងាយ​​ជ្រួត​ជ្រាប​ទៅ​ដល់​អតិថិជន​​របស់​ខ្លួនបាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ទៀត​ផង​​​។​ នេះ​ជា​ឥរិយាបទ​មួយ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ។​​

លោក​​បញ្ជាក់ថា៖​«​ការ​ចាប់​យក​​ឌីជីថល គឺមាន​ន័យ​ថា​គាត់​(ម្ចាស់​អាជីវកម្ម)បាន​ចាប់​យក​ភាព​ធន់​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​ និង​អាច​ជួយ​បង្កើត​ផលិតភាព ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គាត់​ផងដែរ​»។​

លោក​បានបន្ថែម​ថា​៖​«​សម្រាប់​ម្ចាស់​សហគ្រាស​ប្រសិន​បើ​គាត់​​នៅ​តែ​បន្ត​អនុវត្ត​អាជីវកម្ម​បែប​ប្រពែណី ​ដោយ​មិនបាន​ភ្ជាប់​ខ្លួន​បន្តិចសោះ​ទៅ​ក្នុង​ខ្សែ​ចង្វាក់​នៃ​ប្រព័ន្ធ​ឌីជីថល​ គឺ​ឱកាស​នៃ​​ការ​ប្រកួត​ប្រជែង ឬ​សមត្ថភាពរបស់​គាត់​ធៀប​ជាមួយ​នឹង​ដៃ​គូ​អាជីវកម្ម​ដទៃ​ទៀត​ដែល​ចាប់​យក​ឌីជីថល គឺប្រាកដ​ជា​ទាប​ជា​ង​គេ​ ហើយ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ទ្វារ​អាជីវកម្ម​ទៀត​ផង​»។

លោក តែ តាំង​ប៉រ ប្រធាន​ FASMEC ផ្តល់​បទសម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន។ ហ៊ឹន ពិសី

ប្រធាន​សម្ព័ន្ធ​សមាគម​សហ​​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា( FASMEC ) លោក តែ តាំង​ប៉រ បាន​និយាយ​ថា សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​(SMEs) នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​ បាន​និង​កំពុង​ជួប​​បញ្ហា​ប្រឈម​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល ពិសេស​នៅ​តំបន់​ជនបទ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ និង​ផ្នែក​ជំនាញ​ក្នុង​វិស័យ​ឯកជន​ត្រូវ​រួម​គ្នា​បើក​វគ្គបណ្តុះ​បណ្តាល ឬ​​សិក្ខាសាលា​ផ្សព្វផ្សាយ​ចែក​រំលែក​​ចំណេះ​ដឹង​ ដើម្បី​បង្រៀន​ម្ចាស់​អាជីវកម្ម ព្រម​ទាំង​បុគ្គលិក​បម្រើ​​ការ​ឱ្យ​​មាន​សមត្ថភាព​ចូល​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​​ក្នុង​មុខ​ជំនួញ​របស់​ពួក​គេ​​កាន់​តែ​ច្រើន​។

លោក​បន្ត​ថា៖​«​ប្រសិន​បើ​កម្ពុជា​មិន​ខិតខំ​ធ្វើ​កិច្ច​ការ​នេះ​គេ គឺ​ម្ចាស់​អាជីវកម្ម និង​អ្នក​ពាក់​ព័ន្ធ​​មិន​អាច​ដើរ​ទាន់ ឬ​អាច​ពិបាក​ក្នុង​ការ​​ធ្វើ​អាជីវកម្មជា​មួយ​អតិថិជន​របស់​ខ្លួន​ជា​មិន​ខាន»។

លោក​បន្ត​ថា ការ​ពង្រឹង​ចំណេះ​ដឹង​ផ្នែក​​ឌីជីថល ក៏​ជួយ​ជំរុញ​ឱ្យ​អាជីវកម្ម​រីក​ចម្រើន​កាន់​តែ​ឆាប់​រហ័ស និង​ឈាន​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​បាន​កាន់​តែ​លឿន​ផងដែរ​។​ បច្ចុប្បន្ននិន្នាការ​នៃ​​ការផ្សព្វផ្សាយ ឬ​​ទិញ​ លក់​ទំនិញ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​កាន់​តែ​ច្រើន​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​។​

បើ​​តាម​លោក តាំងប៉រ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ សរុប​ប្រមាណ ៧០​ម៉ឺន​ កើន​ពី​ជាង ៥០​ម៉ឺន កាល​ពី​អំឡុង​ឆ្នាំ​២០១១៕