ជាការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្លាស្ទិក​នៅ​តំបន់​ជីផាត​ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បង្កើត​នូវ​យុទ្ធនាការ​ជីផាត​គ្មាន​ប្លាស្ទិក ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី២៨ ខែមេសា ខាង​មុខ​នេះ​ នៅ​ជីផាត ខេត្ត​កោះកុង។

យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោលដៅ​ថ្នាក់​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​សំណល់​ប្លាស្ទិក និង​លើកកម្ពស់​ទេសចរណ៍​និរន្តរភាព និងស្របទៅ​តាមកិច្ចខិតខំប្រឹង​ប្រែង​ជាសកល​ក្នុង​ការ​ទប់​ស្កាត់ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ដែល​គាំទ្រ​យុទ្ធនាការ​នេះ។​

បើ​តាម​អង្គការ​នេះ ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​ដែល​គ្មាន​ការ​គ្រប់​គ្រង​បាន​ត្រឹម​ត្រូវ កំពុង​បង្ក​នូវ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​របស់​តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ជីផាត ដែល​ជា​តំបន់​ទេសចរណ៍​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ជាតិ​និង​អន្តរជាតិ​ទៅ​លើ​គំរូ​ដ៏​ជោគជ័យ​នៃ​វិស័យ​អេកូ​ទេសចរណ៍​ធម្មជាតិ​នៅ​ក្នុង​សហគមន៍។

សំណល់​ប្លាស្ទិក​បង្ក​ឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹក និង​ផ្លូវទឹក ​បង្ក​គ្រោះថ្នាក់​ទៅ​ដល់​សត្វ ជាពិសេស សំណល់​ប្លាស្ទិក​ត្រូវ​ការ​ពេល​រាប់​រយ​ឆ្នាំ​ដើម្បី​រំលាយ។

លោក អន សុវណ្ណ ប្រធាន​ស​ហគមន៍​អេកូ​ទេសចរណ៍​ជីផាត​បាន​លើក​ឡើង​ថា៖ «សហគមន៍​អេកូ​ទេសចរណ៍​ជីផាត​ ជា​គំរូ​ទេសចរណ៍​និរន្តរភាព​មួយ​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​បរិស្ថាន​ដោយសារ​ការ​បោះ​ចោល​សំរាម​គ្មាន​ការគ្រប់គ្រង​បាន​ត្រឹម​ត្រូវ ជាពិសេស​ដប និង​ថង់​ប្លាស្ទិក។ បញ្ហា​នេះ​កើត​ចេញ​មក​ពី​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​យល់​ដឹង​នៅ​មាន​កម្រិត​របស់​សហគមន៍»។

លោក​បន្ត​ថា បញ្ហាប្លាស្ទិក​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សោភណភាព​តំបន់​ទេសចរណ៍​ធម្មជាតិ គំរាម​កំហែង​ដល់​ជីវចម្រុះ និង​សុខភាព​របស់​សហគមន៍​ ក៏ដូចជា​ប៉ះពាល់​ដល់​បទពិសោធន៍​របស់​ភ្ញៀវទេសចរណ៍។ ប្រសិន​មិន​មាន​ដំណោះ​ស្រាយឱ្យ​បានត្រឹម​ត្រូវ​នោះទេ បញ្ហានេះ​នឹងប៉ះ​ពាល់កេរ្តិ៍ឈ្មោះ​សហគមន៍​អេកូទេសចរណ៍​ជីផាត ដែល​ជាតំបន់​អេកូទេសចរណ៍​ធម្មជាតិ និងប៉ះ​ពាល់ដល់​អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចរយៈ​ពេលវែងរបស់សហគមន៍​ទាំងមូល។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និង​ជានាយិកា​ប្រតិបត្តិអង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កំឡុង​ការធ្វើ​សន្និសីទសារព័ត៌​អំពី​យុទ្ធនាការ​នេះ នៅ​ថ្ងៃ​ទី២៤ ខែមេសា​​ថា៖អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មានជំនឿចិត្ត ​និងគាំទ្រចំពោះ​គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់​ប្រជាពលរដ្ឋនៅ​ជីផាត ក៏ដូច​ជាសហគមន៍​អេកូទេសចរណ៍​ក្នុងយុទ្ធនាការ ​“គ្មានប្លាស្ទិក” ខណៈ​យុទ្ធនាការនេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការថែរក្សា​បរិស្ថានឱ្យ​បានស្អាត និងមានសុខភាពល្អ»។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកទឹកចិត្តនិងអំពាវនាវឱ្យប្រជាពលរដ្ឋ​​ទាំង​អស់​ចូលរួម និង​គាំទ្រគំនិត​ផ្តួចផ្តើម​បង្កើត​ឱ្យមាននូវ​យុទ្ធនាការ​គ្មានប្លាស្ទិកនេះ​ឡើងនៅ​សហគមន៍​អេកូទេសចរណ៍​ជីផាត៕