
រដ្ឋមន្ត្រីក្រសួងធនធានទឹក ធ្វើជាអធិបតីភាព បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែមេសានេះ។ វេទិកានេះ មានការចូលរួមពីគណៈប្រតិភូពីប្រទេសអាស៊ានទាំង១១។ រូបថត ក្រសួងធនធានទឹក
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋាបានលើកឡើងពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរទិន្នន័យ បច្ចេកវិទ្យា និងចំណេះដឹង ក្នុងការដោះស្រាយបញ្ហាប្រឈមនឹងអាកាសធាតុ។ កិច្ចសហការនេះ ជួយធ្វើឱ្យការព្យាករកាន់តែមានភាពត្រឹមត្រូវជាងមុន ការយល់ដឹងកាន់តែប្រសើរឡើង អំពីការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបដោយសមស្រប ចំពោះបាតុភូតធម្មជាតិនានា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ការគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការនេះ ធ្វើឡើង ក្នុងពេលដែល លោករដ្ឋមន្រ្តីធ្វើជាអធិបតីភាព បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែមេសានេះ នៅសណ្ឋាគារសាន់&មូន ក្នុងរាជធានីភ្នំពេញ។
វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ ចាប់ពីថ្ងៃទី២២ដល់ទី២៥ ខែមេសា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ ក៏រួមមានវគ្គបណ្ដុះបណ្តាល និងកិច្ចប្រជុំបច្ចេកទេស ស្តីពីវិទ្យាសាស្ត្រអាកាសធាតុ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព។
វេទិកានេះមានការចូលរួមពី គណៈប្រតិភូតំណាងអង្គការឧតុនិយមពិភពលោក (WMO) មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន(ASMC) អង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់សមាហរណកម្មពហុមហន្តរាយ(RIMES) ការិយាល័យឧតុនិយមចក្រភពអង់គ្លេស(UKMO) ព្រមទាំងគណៈប្រតិភូបណ្តាប្រទេសអាស៊ានទាំង១១ ជាច្រើនរូប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។

ក្នុងឱកាសបើកវេទិកានោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់ នៃការស្រាវជ្រាវ និងការសិក្សាអំពីអាកាសធាតុ និងការស្វែងរកមូលហេតុ ឫសគល់នៃបាតុភូតធម្មជាតិ ដើម្បីដោះស្រាយជាមួយនឹងគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុរយៈពេលវែង និងបញ្ហាប្រឈមជាច្រើនពីគ្រោះមហន្តរាយធម្មជាតិ ដូចជា ព្យុះត្រូពិក ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម។
លោកបានសង្កត់ធ្ងន់ថា៖«បម្រែបម្រួលអាកាសធាតុ គឺជាកង្វល់ដ៏ធំមួយ ហើយដែលមានការទាក់ទងដោយផ្ទាល់ទៅនឹងការអភិវឌ្ឍទីក្រុង កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ជាពិសេសបានបង្កការរំខាន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពហុវិស័យ»។
ទោះយ៉ាងណា លោករដ្ឋមន្រ្តីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ នឹងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីជាមូលដ្ឋាន និងជាជំហាន ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាក់ស្តែងសម្រាប់គ្រប់វិស័យពាក់ព័ន្ធ និងពហុភាគី។ លើសពីនោះ វានឹងអាចលើកកម្ពស់ចំណេះដឹង និងសមត្ថភាព ក្នុងវិទ្យាសាស្ត្រអាកាសធាតុ ការប្រែប្រួលអាកាសធាតុ និងការបន្សាំអាកាសធាតុផងដែរ៕

