ភ្នំពេញៈ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេស សរុបចំនួន១២៤ ៧៣៤នាក់ ដែលមានចំនួនទឹកប្រាក់ជាង២៦ពាន់លានរៀល នៅក្នុងឆ្នាំ២០២៤កន្លងមក។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ការអនុវត្តការកាត់ពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី ៨ពិន្ទុនោះឡើយ។

នគរបាលជាតិបានពន្យល់ពី ការកាត់ពិន្ទុបណ្ណបើកបរនេះ ដោយយោងតាមប្រការ៤ នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។

គ្រប់បណ្ណបើកបរមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវបានកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោក។

ករណីកាត់១ពិន្ទុ​ គឺកាត់ទៅលើ អ្នកដែលមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយាន​មកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី ១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង  បើកបរនៅពេលយប់ ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និង ផ្ទុកមនុស្សលើសកំណត់។

ចំពោះ ករណីកាត់២ពិន្ទុវិញ គឺទៅលើអ្នក ដែលបើកបរលើសល្បឿនចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌ នៃបណ្ណបើកបរ និងបត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែង ឬចៀសមិនបានត្រឹមត្រូវ។

ក្រៅពីនោះ មានការបើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដែលបង្កឱ្យមានគ្រោះថ្នាក់ បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ ផ្ទុកទំនិញមិនបានត្រឹមត្រូវ ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ។

នគរបាលខណ្ឌកំបូល ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ រូបថត នគរបាល

ករណីកាត់២ពិន្ទុនេះ ក៏រួមមាន ការដាក់កុមារអាយុក្រោម ១០ឆ្នាំ ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខ នៃរថយន្ត មិនបានដាក់កុមារអាយុក្រោម ៥ឆ្នាំ ឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយ ឬដេកក្នុងរថយន្ត និងគេចពីមន្ត្រីនគរបាលចរាចរណ៍ ដែលធ្វើការត្រួតពិនិត្យ។

ដោយឡែក ករណីកាត់៣ពិន្ទុ គឺទៅលើអ្នកបើកបរណា ដែលឈប់ ឬចតនៅកន្លែងដែលគ្រោះថ្នាក់ ជែងដោយគ្រោះថ្នាក់ បើកបរជែងគ្នានៅកន្លែងហាមឃាត់ ប្តូរទិសគ្មានឱ្យសញ្ញាជាដំណឹង បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្តាលទ្រូងផ្លូវ បើកបរលើសកល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០ ទៅ ០,៧៩ ក្រាមក្នុងមួយលីត្រឈាម។

បន្ថែមពីនោះ គឺការបើកបរប្រណាំងគ្នាតាមផ្លូវ ដោយគ្មានច្បាប់អនុញ្ញាត កំហុសនៃការឈប់ ឬការមិនផ្តល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់  មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។

រីឯករណីកាត់៤ពិន្ទុ គឺទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ បើកបរទន្ទឹមគ្នា ធ្វើឱ្យស្ទះចរន្តចរាចរណ៍ មិនបានផ្តល់សិទ្ធិអាទិភាពឱ្យយានយន្តមានសិទ្ធិអាទិភាព ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ បើកបរបញ្ច្រាសទិសចរាចរណ៍ បើកបរបង្ហោះ រេចុះឡើង ឆាប ឬកៀរ។

ចំពោះ ករណីកាត់៦ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ  បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពល គ្រឿងញៀន រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានយន្តក្លែងក្លាយ។

លើសពីនោះ គឺការបើកបរល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបង្កឱ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់ កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន  បដិសេធមិនឱ្យធ្វើតេស្តជាតិអាល់កុល ឬសារធាតុញៀន និងផ្ទុកមនុស្សលើទំនិញ។

គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងទូទាំងប្រទេសកាលពីឆ្នាំ២០២៤ មាន ២ ៨៤៤លើក ដែលបណ្ដាលឱ្យស្លាប់១ ៥០៩នាក់ និងរបួស៣ ៧៣០នាក់៕