ស្ថានទូត​បារាំង​នៅ​ទីក្រុង​ភ្នំពេញ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​រំឭក​​ខួប៥០​ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ​​រយៈ​ពេល ៣​ខែ​កន្លះ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម និង​រក្សាការចងចាំអំពីហេតុការណ៍​ចូល​កាន់​កាប់​ទីក្រុង​ភ្នំ​ពេញ​របស់​ក្រុមខ្មែរ​ក្រហម។

ព្រឹត្តិ​ការណ៍​​នេះ​នឹង​ធ្វើ​ឡើង​ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា តាមរយៈពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធី​​បញ្ចាំង​​ភាព​យន្ត ដើម្បី​លើកកម្ពស់ការបញ្ជ្រាបការចងចាំ​​ដល់​មនុស្ស​ជំនាន់​ក្រោយ ក៏​ដូច​ជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនង​ជាមួយកម្ពុជា ដែលផ្អែក​លើ​​កា​រ​ទទួល​​ស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។ នេះ​បើ​តាម​សេចក្ដី​ប្រកាសព័ត៌មានរបស់​ស្ថានទូត​បារាំង។

ព្រឹត្តិការណ៍​នេះ រួម​មាន​ការ​តាំង​ពិព័រណ៍ និង​ការ​ចាក់​បញ្ជាក់ភាព​យន្ត​ឯកសារ​ដែល​ពាក់​ព័ន្ធ។

កាលពី៥០ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ​ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពី​សង្រ្គាម​​​ស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ វា​ជា​ថ្ងៃ​ដែល​ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុង​សម័យ​កាល​ដ៏​ខ្មៅ​​ងងឹត​​បំផុ​តមួយនៃ​ប្រវត្តិ​សាស្រ្តរបស់ខ្លួន។

ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុង​ភ្នំពេញ មនុស្ស​ជាច្រើនរយនាក់បាន​នាំគ្នាមក​ជ្រកកោននៅក្នុងស្ថានទូតបារាំង ដោយសង្ឃឹមថាទទួលបាន​ការ​ការពារនៅ​​ទី​នោះ។ ជាក់ស្តែង ពលរដ្ឋបារាំង​ជាង​៥០០នាក់ត្រូវបានទទួលឱ្យស្នាក់នៅក្នុងស្ថានទូត រួមជា​មួយ​ពល​រដ្ឋ​ប្រមាណ​១០០​នាក់​នៃប្រទេសចំនួន​២០ផ្សេងទៀត (រួម​មានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និង​វៀត​ណាម)។

បើ​តាម​ស្ថានទូត​​បារាំង គេប៉ាន់ប្រមាណថា ​ជន​ជាតិ​ខ្មែរប្រហែល៦០០នាក់​ក៏​បានមកជ្រក​កោននៅក្នុង​ស្ថានទូត​បារាំងផង​ដែរ។ ក្នុង​រយៈ​​ពេល​ជាងពីរសប្តាហ៍ បរិវេណស្ថាន​ទូត​​បាន​​ក្លាយទៅជា​ទី​​កន្លែង​​ហ៊ុំព័ទ្ធមួយ ដែល​ចុងក្រោយ​បានជួបវាសនាដ៏សោកសង្រេង ជាមួយ​ការចាក​ចេញ​របស់​ពលរដ្ឋកម្ពុជា បន្ទាប់​មក​ការ​​ជម្លៀស​ជនបរទេស​ទៅ​កាន់​​ប្រទេស​ថៃ​តាម​ក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែ​មេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ​១៩៧៥។

កម្មវិធី​លម្អិត​មានលើគេហ​ទំព័រ​វិទ្យាស្ថា​ន​បារាំង​​នៅ​កម្ពុជា តាម​រយៈ institutfrancais-cambodge.com