
វាចម្បាំងរុស្ស៊ី ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសានេះ។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈដែលនាវាកងទ័ពវៀតណាមមួយគ្រឿងកំពុងចតនៅកំពង់ផែរាមដែលត្រូវបានធ្វើទំនើបកម្ម។
អគ្គលេខាអធិការដ្ឋាននៃគណៈកម្មាធិការជិត សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង បានចូលមកដល់កំពង់ផែនេះនៅម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែមេសានេះ ដឹកនាំដោយលោកវរនាវីឯក Aleksei Antsiferov នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។
នាវាចំនួនទាំង ៣គ្រឿង មាននាវិកសរុបចំនួន ២៦២ នាក់ ហើយនឹងសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។
ក្រុមនាវិកនៃនាវាចម្បាំងរុស្ស៊ីក៏នឹងមានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ។ នេះបើតាម អគ្គលេខាអធិការដ្ឋាននៃគណៈកម្មាធិការជិត សន្តិសុខលម្ហសមុទ្រ។

នាវាកងទ័ពជើងទឹកវៀតណាមចូលចតនៅកំពង់ផែរាម នៅថ្ងៃទី២៧ ខែមេសា។ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
ស្របពេលជាមួយគ្នានេះ កាលពីរសៀលថ្ងៃអាទិត្យ ក៏មានការចូលចតនៃនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន ១គ្រឿង លេខ២៦១ នៅកំពង់ផែរាម ដែលមាននាវិក ៣៧នាក់។ នាវានេះដឹកនាំដោយ វរនាវីឯក បំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។
ការចូលចតនៃនាវាវៀតណាមគឺដើម្បីចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ជាមួយនឹងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមេសា នេះ។ ដំណើរទស្សនកិច្ចរបស់នាវាវៀតណាមនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា។
នាវារបស់វៀតណាមគឺជានាវាបរទេសទី២ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម បន្ទាប់ពីផែរាម និង មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៥ ខែមេសា។
កាលពីសប្ដាហ៍មុន នាវានៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនពីរគ្រឿងបានចាកចេញពីកំពង់ផែដែលទទួលបានជំនួយពីចិនសម្រាប់ការធ្វើទំនើបកម្ម។ ប្រមុខដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាស្វាគមន៍ការស្នើសុំចូលចតនៃនាវានិងធ្វើកិច្ចសហប្រតិបត្តិការពីគ្រប់ប្រទេស៕

