ភ្នំពេញៈ តំបន់៣ជាអាយុជីវិតរបស់បឹងទន្លេសាប ដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋប្រមាណជា ២ពាន់លានដុល្លារ ក្នុង១ឆ្នាំ ប៉ុន្តែអ្នកមានដីស្រែសិកម្ម ក្នុងតំបន់២ ប៉ុនប៉ងបំផ្លាញព្រៃលិចទឹក នៅតំបន់៣ ដើម្បីយកទៅធ្វើស្រែបន្ថែមទៀតទៅវិញ។

នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ នៅក្នុងសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ការកំណត់តំបន់ព្រំដីនៅតំបន់ទន្លេសាប ត្រូវបានបញ្ចប់ ដែលបានបែងចែកតំបន់យ៉ាងច្បាស់លាស់។ ក្នុងនោះ​ តំបន់១ ជាតំបន់​លំនៅដ្ឋាន ឬ​ភូមិ​ករ និង​ជា​តំបន់​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់។ តំបន់២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផលស្រូវ​ឡើង​ទឹក ​និង​ប្រដេញ​ទឹក និង​តំបន់៣ តំបន់​ព្រៃលិចទឹក ដែលហាម​ប៉ះពាល់​ដាច់​ខាត និង​ត្រូវ​ការពារ​ឱ្យ​ខាន​តែ​បាន។

ទិដ្ឋភាពបឹងទន្លេសាប បង្ហាញពីតំបន់២ ដែលជាកន្លែងសម្រាប់ពលរដ្ឋធ្វើស្រែ និងតំបន់៣ ដែលជាព្រៃលិចទឹកត្រូវអភិរក្ស។រូបថត អាជ្ញាធរទន្លេសាប

លោកមានប្រសាសន៍ថា៖«ដីនៅតំបន់ទេន្លេសាប គឺយើងបានបញ្ចប់ដែរ។ តំបន់១, ២, ៣ ការកំណត់គឺត្រូវ គ្រាន់តែថា យើងមិនឯកភាពគ្នា ព្រោះដោយសារតែការធ្វើហ្នឹង វាមិនមែនឆកល្វែងអីទេ គ្រាន់តែការធ្វើហ្នឹង អ្នកភាគច្រើនគាត់មិនយល់ថា អាហ្នឹងហេតុអ្វីបានអ៊ីចឹង? ត្រូវធ្វើអ៊ីចឹង? ហេតុអីបានត្រូវមានតំបន់១, ២ និងតំបន់៣?»។

លោកថ្លែងបន្តដូច្នេះថា៖«តំបន់៣ គឺជាព្រៃលិចទឹក ជាជម្រកត្រី ដែលជាអាយុជីវិតនៃបឹងទន្លេសាប​ ជា​មួយនឹងកម្ពស់ទឹក។ ទុកវាទៅ។ ក៏ប៉ុន្តែ អ្នកមានដីនៅតំបន់២ ដែលធ្វើស្រែបានលុយបានកាក់ គាត់ចំណេញ ហើយគាត់ចេះតែចង់យកតំបន់៣ មកធ្វើជាកន្លែងដាំស្រូវទៀត»។

ទោះយ៉ាងណា រដ្ឋ ដែលជាឪពុក ម្តាយជារបស់ប្រជាពលរដ្ឋមានតួនាទីពន្យល់ណែនាំ ដល់ពួកគាត់ ដើម្បីធានាអាយុជីវិត នៃបឹងទន្លសាប ក៏ដូចជាធានាបាននូវអាយុជីវិតការងាររបស់អ្នកនៅបឹងទន្លេសាបផងដែរ។

ទិដ្ឋភាពបឹងទន្លេសាប បង្ហាញពីតំបន់២ ដែលជាកន្លែងសម្រាប់ពលរដ្ឋធ្វើស្រែ និងតំបន់៣ ដែលជាព្រៃលិចទឹកត្រូវអភិរក្ស។រូបថត អាជ្ញាធរទន្លេសាប

លោកឧបនាយករដ្ឋមន្ត្រីមានប្រសសន៍ថា៖«បើឱ្យគាត់កាប់ព្រៃលិចទឹកហ្នឹងធ្វើស្រែ គាត់កាប់មែន ហើយកាប់ទាំងអស់តែម្តង។ គាត់អាចធ្វើបាន កាប់ព្រៃហ្នឹងចោលទាំងអស់ តែរួចចប់ គឺចប់។ បឹងទន្លេសាបអស់។ តែខ្ញុំ ខ្ញុំសុខចិត្ត​ថា ជាម្តាយ ជាឪពុកថាមិនឱ្យធ្វើទៀតទេ ឱ្យតែប៉ុណ្ណឹ»។

ក្រសួងធនធានទឹក និង​ឧតុនិយមបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពផែនទី នៃទំហំផ្ទៃដីតំបន់ទាំង៣ ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និង​ចុះ​ផ្ទៀង​ផ្ទាត់​ទី​តាំង​ជាក់ស្តែងនៅដំណាក់កាលទី៣ឃើញថា ទំហំផ្ទៃដីតំបន់១មានជាង ៤៣៦ ៨៧៩ ហិកតា, តំបន់២មានជាង ៤១៣ ៤៨៨ ហិកតា និង តំបន់៣មានជាង ៥៦១ ៦៣៤ហិកតា។

លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើង ទន្លេសាប និងទន្លេមេគង្គបានកំពុងតែផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រមាណ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការប្រមូលទិន្នផលត្រី និងការដឹកជញ្ជូនតាមផ្លូវទឹកជាដើម។

ទិដ្ឋភាពបឹងទន្លេសាប បង្ហាញពីតំបន់២ ដែលជាកន្លែងសម្រាប់ពលរដ្ឋធ្វើស្រែ និងតំបន់៣ ដែលជាព្រៃលិចទឹកត្រូវអភិរក្ស។រូបថត អាជ្ញាធរទន្លេសាប

លោកមានប្រសាសន៍ថា៖«ខ្ញុំរក្សាប្រយោជន៍ឱ្យទាំងអស់គ្នា មិនមែនតែគាត់ទេណា។ ទន្លេមេគង្គនិងទន្លេសាបនេះ ១ឆ្នាំ ២ពាន់លានដុល្លារសម្រាប់ប្រជាជនខ្មែរ។ អ៊ីចឹងអ្វីដែលយើងគួរត្រូវធ្វើគឺ ថែទៅ។ តែប៉ុណ្ណឹង។ អ៊ីចឹងយើងដឹងថា កន្លែងណាជាដែនកំណត់របស់យើង។ អ៊ីចឹងឥលូវគាត់យល់ដឹងបណ្តើរៗហើយ»។

លោកឧបនាយករដ្ឋមន្រ្តីក៏បានសំដែងក្តីបារម្ភពីការប្រើប្រាស់ជី និងថ្នាំកសិកម្មរបស់ប្រជាកសិករនៅតំបន់ទន្លេសាប ព្រោះថា ផលិតផលមួយចំនួនបាននឹងកំពុងតែធ្វើឱ្យខូចដី និងប៉ះពាល់ដល់ជីវៈច្រុះផងដែរ។

លោកថ្លែងថា៖«ជីដែលគាត់ប្រើជីខ្លះមិនមែនដាក់ទៅឱ្យមានជីវជាតិក្នុងដីហ្នឹងទេ ខ្លះគឺជាថ្មាំកសិកម្ម​ធ្វើម៉េចឱ្យស្រូវហ្នឹង បឺតជីកាន់តែខ្លាំង ហើយអ៊ីចឹងទិន្នផលខ្ពស់។ ក៏ប៉ុន្តែ ៣, ៤ឆ្នាំក្រោយ អស់ភក់ហើយ សល់តែខ្សាច់ ហើយបើសល់តែខ្សាច់ហើយ លែងធ្វើអីកើតហើយ។ ដាក់ជីក៏មិននៅ ដាំអីក៏អត់កើតដែរ»។

ទិដ្ឋភាពបឹងទន្លេសាប បង្ហាញពីតំបន់២ ដែលជាកន្លែងសម្រាប់ពលរដ្ឋធ្វើស្រែ និងតំបន់៣ ដែលជាព្រៃលិចទឹកត្រូវអភិរក្ស។រូបថត អាជ្ញាធរទន្លេសាប

អាជ្ញាធរទន្លេសាប និងភាគីពាក់ព័ន្ធក៏កំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ ទៅលើធ្វើការវិភាគសំណាកទឹក និងពិនិត្យសកម្មភាពបង្កផលប៉ះពាល់មកលើគុណភាពទឹក នៅតាមចំនុចគោលដៅសំខាន់ៗមួយចំនួននៅក្នុងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត។

អាជ្ញាធរទន្លេសាបបានលើកឡើងថា ការបង្កផលប៉ះពាល់មកលើគុណភាពទឹកបឹងទន្លេសាប កើតឡើងដោយសារតែ ភាពគ្មានអនាម័យ ដូចជាការបន្ទោបង់ បោកគក់ លាងសំអាត វិចខ្ចប់ជាដើម។ ក្រៅពីនោះមានការចោល បង្ហូរកាកសំណល់រឹងរាវ (ប្រេងទូកម៉ាស៊ីន ស្ថានីយប្រេង ចំណីត្រី/បែរចិញ្ចឹមត្រី អាជីវកម្មលក់ដូរ សំណល់ពីលំនៅឋានជាដើម។

ក្តីកង្វល់ដ៏ធំមួយផ្នែកទៀត គឺការប្រើប្រាស់​ ឬបង្ហូរជីគីមី-ថ្នាំសម្លាប់សត្វល្អិតដំណាំកសិកម្មគ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងការបង្ហូរទឹកកខ្វក់ពីរោងចក្រសិប្បកម្មគ្មានការចម្រោះជាដើម។

ទិដ្ឋភាពបឹងទន្លេសាប បង្ហាញពីតំបន់២ ដែលជាកន្លែងសម្រាប់ពលរដ្ឋធ្វើស្រែ និងតំបន់៣ ដែលជាព្រៃលិចទឹកត្រូវអភិរក្ស។រូបថត អាជ្ញាធរទន្លេសាប

អាជ្ញាធរទន្លេសាបបញ្ជាក់ថា៖«ការទទួលរងផលប៉ះពាល់ជាអវិជ្ជមានមកលើគុណភាពទឹកបឹងទន្លេសាប តែងតែកើតឡើងធ្ងន់ធ្ងរនៅរដូវប្រាំង ជាពិសេសតាមបណ្តាតំបន់ប្រជុំជនភូមិបណ្តែតទឹក និងតំបន់មានការប្រើប្រាស់​ជីគីមី-ថ្នាំសម្លាប់សត្វល្អិតគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ»។

អាជ្ញាធរទន្លេសាបបានអំពាវនាវឱ្យមានការចូលរួម គិតគូរ រួមគ្នាពិនិត្យ វិភាគ និងដាក់វិធានការដោះស្រាយលើគុណភាពទឹកនៃបឹងទន្លេសាប ដើម្បីរក្សាលំនឹងអេកូឡូស៊ី សុខុមាលភាពបឹង និងមុខងារនៃប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបទាំងមូល ដើម្បីធ្វើយ៉ាងណាបន្តរក្សាទុកដល់កូនចៅជំនាន់ក្រោយ៕

សៀវភៅគោលនយោបាយបឹងទន្លេសាបមួយក៏ត្រូវបានរៀបចំធ្វើឡើងផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានឱ្យដឹងផងដែរថា ការរៀបចំគោលនយោយបាននេះ គឺដើម្បី«សន្តិសុខស្បៀង» ដែលរៀបចំបឹងទន្លេ​សាប​​ឱ្យក្លាយទៅជាកន្លែងផលិត និងបម្រុងម្ហូបអាហារសម្រាប់កម្ពុជា​ និងដើម្បី«សុវត្ថិភាពម្ហូបអាហារ» សម្រាប់ផលិតម្ហូបអាហារដោយខ្លួនឯង និងជាអាហារដែលមានសុវត្ថិភាព និងសុខភាពសម្រាប់ប្រជាជាតិ។ ចុងក្រោយគឺ«ខ្លួនទីពឹងខ្លួន» ដែលជាការពារកម្ពុជាពីការប្រែប្រួលនៃកត្តាខាងក្រៅដែលអាចប៉ះពាល់ លើផ្នែកផ្គត់ផ្គង់អាហារប្រចាំថ្ងៃ៕