
រូបថតពីសារមន្ទីរ Guimet។
សារមន្ទីរ Guimet ក្នុងទីក្រុងប៉ារីសប្រទេសបារាំង បើកការតាំងពិព័រណ៍ «Angkor Royal Bronzes: Art of the Divine» នៅថ្ងៃទី២៨ ខែមេសា ដែលបង្ហាញវត្ថុបុរាណខ្មែរជាង ២០០រូប ជាពិសេសរូបចម្លាក់ធ្វើព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធ ដែលយកពីប្រាសាទមេបុណ្យខាងលិច។
ពិព័រណ៍នេះនឹងបើកសម្រាប់សាធារណជនចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី៨ ខែកញ្ញា។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចូលរួមក្នុងកម្មវិធីបើកសម្ពោធការតាំងពិព័រណ៍នេះកាលពីថ្ងៃទី២៨ ខែមេសា។
យោងតាមសារមន្ទីរ Guimet មានរូបចម្លាក់ជាង ២០០ដុំនឹងត្រូវដាក់បង្ហាញ ដែលក្នុងនោះមានចម្លាក់ ១២៦ដុំ ដែលត្រូវបានខ្ចីពីសារមន្ទីរជាតិកម្ពុជា។ រួបចម្លាក់ទាំងនេះនឹងបង្ហាញអ្នកទស្សនាអំពីបេតិកភណ្ឌខ្មែរ និងស្វែងយល់ពីការវិវត្តនៃសិល្បៈធ្វើពីសំរឹទ្ធ នៅកម្ពុជា ចាប់ពីសតវត្សរ៍ទី៩ ដល់សម័យទំនើប។

រូបថតពីសារមន្ទីរ Guimet។
Guimet ថ្លែងថា៖ «ពិព័រណ៍នេះស្វែងយល់ជាងលើកដំបូងទៅលើតួនាទីរបស់ព្រះមហាក្សត្រ ដែលបានបញ្ជាឲ្យចាក់លោហធាតុដ៏សំខាន់ចាប់ពីសម័យអង្គររហូតដល់សម័យទំនើប និងលាតត្រដាងថាតើ សិល្បៈនិងអំណាចនៅតែមានទំនាក់ទំនងគ្នាយ៉ាងជាប់លាប់ឥតដាច់»។
Guimet បន្តថា៖ «ពិព័រណ៍នេះប្រមូលផ្ដុំនូវរូបចម្លាក់ វត្ថុ និងបំណែកស្ថាបត្យកម្ម ក៏ដូចជារូបថត ការចាក់ពុម្ព និងឯកសារក្រាហ្វិក ដែលត្រូវបានរៀបចំក្នុងបរិបទមួយទៅតាមលក្ខណៈវប្បធម៌ បុរាណវិទ្យា និង ប្រវត្តិសាស្ត្រ»៕
