
ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានប្រកាសនៅថ្ងៃទី២៩ ខែមេសា ថាជាខេត្តអស់មីន។ អាជ្ញាធរមីន
ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានប្រកាសនៅថ្ងៃនេះថាជាស្រុកអស់មីន តាមរយៈកិច្ចប្រឹងប្រែងបោសសម្អាតមីនក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។ ប៉ុន្តែអាជ្ញាធរមីនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ច។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បានថ្លែងថា សម្រាប់វិស័យមីនវ កម្ពុជា និងឥណ្ឌា បានចាប់ផ្តើមកិច្ចសន្ទនារវាងគ្នាក្នុងឆ្នាំ២០២១ និងបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័ស (Quick Impact Project) និងគម្រោងជំនួយរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
បើតាមលោក លី ធុជ ស្ថានទូតឥណ្ឌាបានសម្រចជ្រើសយកខេត្តកោះកុង ជាផែនការអាទិភាពរបស់ខ្លួនក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ដែលរហូតមកដល់ពេលនេះ ផ្ទៃដីសរុបចំនួន ២.៣៩៦.១៣៨ ម៉ែត្រក្រឡា ស្ថិតក្នុងខេត្តកោះកុង ទទួលបានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ដែលបានបញ្ចប់ និងកំពុងធ្វើការបោសសម្អាត។
លោកថ្លែងថា៖ «ស្រុកបុទុមសាគរ គឺជាស្រុកដំបូងគេបង្អស់ក្នុងខេត្តកោះកុង ដែលត្រូវប្រកាសអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីបោសសម្អាតមីនក្នុងទំហំផ្ទៃដីមានមីនដែលបានដឹងចំនួន ១.៤៧៥.០៨៧ ម៉ែត្រក្រឡា ដែលមានអ្នកទទួលផលសរុប ២៣.៥៦០ នាក់។ ស្រុកដទៃទៀត រួមទាំងស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង នឹងត្រូវប្រកាសជាស្រុកអស់មីនបន្តបន្ទាប់ទៀត ក្នុងឆ្នាំ២០២៥»។
លោកថ្លែងអំណរគុណភាគីពាក់ព័ន្ធសម្រាប់កិច្ចប្រឹងប្រែងនេះ ដូចជាកងកម្លាំងដោះមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) និងប្រតិបត្តិករផ្សេងទៀត ដែលបានចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ។
លោកក៏អរគុណដល់ប្រទេសឥណ្ឌាសម្រាប់ជំនួយដោះមីននៅស្រុកនេះ និងលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់រាប់ពាន់ឆ្នាំ នៃបេតិកភណ្ឌ សាសនា វប្បធម៌ អរិយធម៌ និងភាសារួម។ លោកថា ទំនាក់ទំនងនេះនៅតែបន្តឈរយ៉ាងរឹងមាំ ក្នុងរយៈពេល ៧៣ឆ្នាំចុងក្រោយ នៅពេលទំនាក់ទំនងការទូតផ្លូវការត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២។

ពិធីប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាខេត្តអស់មីន។ អាជ្ញាធរមីន
បើតាមលោក លី ធុជ លទ្ធផលនៃសង្រ្គាមទាំងនេះ បានបន្សល់នៅគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមពាសពេញផ្ទៃប្រទេស បណ្តាលឲ្យប្រជាជនស្លូតត្រង់ប្រមាណជាង ៦៥.០០០ នាក់ បានបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងរងរបួស។ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣.២៩៧ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលនូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានចំនួនជាង ៤,៥ លានគ្រាប់។
លោកថា កម្ពុជា នៅសល់ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១.៦៩៧ គីឡូម៉ែត្រក្រឡាទៀត ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា។
រដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ត្រូវរំដោះផ្ទៃដីដែលដឹងថាមានមីនឱ្យអស់ត្រឹមឆ្នាំ២០៣០ ផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោម និង តំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមដែលបានចាត់អាទិភាពត្រឹមឆ្នាំ២០៣៥។
លោក លី ធុជ ក្រើនរំលឹកថា ទោះបីការបញ្ចប់ការងារបោសសម្អាតមីនដែលបានដឹង ក្នុងស្រុកបុទុមសាគរ ប៉ុន្តែគ្រោះថ្នាក់នៅតែអាចកើតមានឡើងជាយកថាហេតុណាមួយ ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅរាយប៉ាយទូទាំងស្រុក និងតំបន់មួយចំនួន ដែលតម្រូវឱ្យមនុស្សទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់។
លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ជំនួយឥតសំណងត្រូវបានប្រកាសថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ប្រទេសឥណ្ឌាចំពោះសកម្មភាពកម្ចាត់មីននៅកម្ពុជា។ ការគាំទ្រនេះមានគោលបំណងប្រកាសស្រុកចំនួនបី គឺស្រុកបទុមសាគរ ស្រែអំបិល និងស្រុកថ្មបាំង និងឃុំត្រពាំងរូង ជាតំបន់អស់មីន។
លោកថ្លែងថា៖ «នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយចំពោះអ្វីដែលយើងអាចសម្រេចបាន តាមរយៈគោលបំណងរួម និងភាពជាដៃគូដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែងកន្លងមក»។
បើតាមលោក Vanlalvawna ឥណ្ឌាក៏បានចូលរួមជួយជនរងគ្រោះដោយសារគ្រាប់មីនតាមរយៈការបង្កើតកម្មវិធីបំពាក់អវយវៈសិប្បនិមិត្តរយៈពេលមួយខែនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឥណ្ឌាដើម្បីមនុស្សជាតិក្នុងខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ៦៥០នាក់៕