ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) គ្រោង​​នឹង​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​រវាង​​​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ជា​មួយ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​កាន់សៃ(Kansai) នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ​នាអំឡុង​​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ បន្ទាប់​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្នែក​​អាកាសចរណ៍​​នៃប្រទេសទាំងពីរ​បានឯកភាពតាម​ការស្នើសុំរបស់ក្រុមហ៊ុនរួចមក​​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ​បានប្រាប់ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​ស្ថាប័នមានសមត្ថកិច្ច​ផ្លូវ​អាកាស​នៃប្រទេស​ទាំង ២ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​កន្លងមក ​ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia គ្រោង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ហោះហើរ​របស់​ខ្លួន​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​តេជោ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កាន់សៃ​(Kansai)​ នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់ទី​ក្រុង​ហ្វូចូវ(Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH – ហ្វូចូវ/FOC – កាន់សៃ/KIX)។ តាម​គម្រោង​ គឺ​ប្រតិបត្តិការនេះ​នឹងធ្វើ​ឡើង​ចំនួន ៤ជើងក្នុង ១​សប្តាហ៍ គឺថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

លោក​បាន​ថ្លែង​ថា៖«ប្រសិនបើគ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា​​អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ​របស់ខ្លួននៅអំឡុង​ខែ​តុលា ឆ្នាំ២០២៥ ​ខាងមុខ»។

ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៦,៧​លាន​នាក់ កើន​ឡើង ២២,៩​ ភាគរយ​បើធៀប​ឆ្នាំ​២០២៣ ក្នុង​នោះ​ជន​ជាតិ​ជប៉ុន មាន​ចំនួន​ ១១២ ៧១៨​នាក់ កើន​ឡើង ៣០,៤​ភាគ​រយ។

បើ​តាម​លោក ស៊ីន ចាន់សិរីវុត្ថា នៅ​ខែឧសភាខាង​មុខ ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) នឹង​ទទួល​បាន​យន្តហោះ​ថ្មី ប្រភេទ ATR 72-600 MSN 1716 ដែលបាន​​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​​បារាំង សម្រាប់មក​​បន្ថែម​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​​។

លោក​បាន​ប្រាប់​ទៀត​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) លោក ម៉ៅ ហាវណ្ណាល់ ក៏​នឹងត្រូវ​​ធ្វើ​​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ខែ​ឧសភា ខាង​មុខផងដែរ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន ATR លើ​ការ​ងារ​​ពង្រឹង​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​អាកាសយាន​ប្រភេទ ATR និង​ចូល​រួម​កម្ម​វិធី​ប្រគល់ និង​ទទួល​យក​អាកាស​យាន​ប្រភេទ ATR 72-600 MSN 1716 នៅ​ទីក្រុង​ទូលូ(Toulouse) ប្រទេស​បារាំង​។​

ក្នុង​ឆ្នាំ​២០២៤ កន្លងមក​ប្រតិបត្តិការ​របស់ Air Cambodia បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​នោះ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន បាន​កើន​ឡើងប្រមាណ ២៩ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២៣។ សម្រាប់​ចំនួន​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ គឺ​កើន​ឡើង​ ១៩​ភាគរយ និង​ការ​ដឹក​ជញ្ជូន​ទំនិញ កើន ៤៩​ភាគរយ​។​

សម្រាប់​ឆ្នាំ​២០២៥ នេះ ក្រុមហ៊ុន​បានព្យាករណ៍ថា ប្រាក់​ចំណូល​នឹង​អាច​កើនឡើង ៤៣,៤​ភាគរយ ក្នុង​នោះ​អ្នក​ដំណើរ​​អាច​កើន​ឡើង ៤៩​ភាគរយ និង​ចំនួន​ជើងហោះហើរ អាច​កើន ២៩,៥​ភាគរយ​។

យោងតាមក្រុមហ៊ុន Air Cambodia បច្ចុប្បន្ន​ក្រៅ​ពី​គោលដៅ​ក្នុង​ស្រុក ក្រុមហ៊ុនកំពុង​មាន​ប្រតិបត្តិការ​ហោះហើរ​ទៅ​កាន់​​ប្រទេស​ចំនួន ៤ រួម​មាន ប្រទេសចិន(គ័ងចូវ, ស៊ិនចូវ, ណាននីង, ហុងកុង) ប្រទេស​វៀតណាម(ទីក្រុង​ហូជីមិញ, ដាណាង, ហាណូយ, ភូគុក) ថៃ(បាងកក) និង​ប្រទេស​ឥណ្ឌា(ញ៉ូដេលី)។

យោងតាមរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានជើងហោះហើរចំនួន ១៧ ៤៣៤ ជើង កើន ១៩ ភាគរយ ក្នុងនោះអ្នក​ដំណើរ​ចំនួន ១ ៩៦០ ៦៣៥ នាក់ កើន ១៩ ភាគរយ និងទំនិញចេញ-ចូលជិត ២ ម៉ឺនតោន ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។

អ្នក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៩ ខែ​មេសា ​ថា ​ការ​បើក​ដំណើរការ​ជើងហោះហើរអន្តរជាតិ គឺ​មិន​ត្រឹម​តែ​ចូលរួម​ចំណែក​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរអន្តរជាតិធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ជំរុញ​កំណើនពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​ផងដែរ​។ ​ការ​បង្កើត ឬ​បន្ថែម​ចំនួនជើងហោះហើរ​នៅ​តាម​​គោលដៅនានា គឺ​សុទ្ធតែ​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​ និង​ការ​ប្រមើល​មើលឃើញ​ពី​ភាព​វិជ្ជមាន​នា​ពេល​អនាគត​របស់​ក្រុមហ៊ុន។

លោក​បាន​ថ្លែង​ថា៖​«​ការ​បើក​ជើងហោះហើរ​ថ្មី​ គឺ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ការ​ចាប់​យក​ឱកាស​ និង​​ជួយ​ផ្សព្វផ្សាយ​​ទៅ​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​បរទេស​ឱ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត​»។​

ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ជប៉ុន ក្នុង​ឆ្នាំ​២០២៤ មាន​ទឹក​ប្រាក់​សរុប ​​២,១៦ ពាន់​លាន​ដុល្លារ កើន​ឡើង ២០,១​ភាគរយបើ​​ធៀប​ឆ្នាំ​២០២៣ ដោយ​ក្នុង​នោះកម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន ១,៤១ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,៨​ភាគរយ ចំណែក​​ជប៉ុន​នាំ​ចូល ៧៥២ លាន​ដុល្លារ កើន​ឡើង ២០,៧​ភាគរយ​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ចន្លោះ​ពី​​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦ រហូត​ដល់​មុន​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ​១៩ ការ​ធ្វើ​ដំណើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ត្រូវ​បាន​ធ្វើ​ឡើង​​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន All Nippon Airline (ANA)។ ទោះយ៉ាង​ណា ការ​ហោះហើរ​របស់ ANA មក​កម្ពុជា ត្រូវ​បាន​ផ្អាក​ចាប់​ពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២០ រហូត​ដល់​ពេល​បច្ចុប្បន្ន​៕