
សិស្សានុសិស្សទទួលបានអាហារពេលព្រឹក កាលពីកន្លងទៅ។ WFP Cambodia
សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា នឹងទទួលបានអាហារក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំរហូតដល់ឆ្នាំ២០២៩ តាមរយៈគម្រោងមួយមានទឹកប្រាក់១០លានដុល្លារ។
ការទទួលបានអាហារក្ដៅៗនេះ មាននៅក្នុងគម្រោងដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃទី២៩ ខែមេសានេះ ដើម្បីបន្តគាំទ្រដល់ការពង្រីក និងពន្លឿនការធ្វើស្ថាប័នូបនីយកម្ម នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលបានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩០,០០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៦៨៦សាលា។ សាធារណរដ្ឋកូរ៉េបន្តកសាងបន្ថែមលើសមិទ្ធផលពីដំណាក់កាលទី១ (២០២០-២០២៤)។
ជំនួយបន្ថែមនេះនឹង ផ្តល់អាហារក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា។ សាលារៀនទាំងនេះនឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលទៅតាមដំណាក់កាលជាបន្តបន្ទាប់រហូតអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៨។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ការបន្តការគាំទ្រពីសំណាក់ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក។
លោកថ្លែងថា៖ «កម្មវិធីផ្តល់អាហារតាមសាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារូបត្ថម្ភ គ្រប់គ្រាន់សម្រាប់កុមារប៉ុណ្ណោះទេ គឺថែមទាំងជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង»។

ពិធីចុះហត្ថលេខាលើកម្មវិធីផ្តល់អាហារតាមសាលារៀន នៅក្រសួងអប់រំ នៅថ្ងៃទី២៩ ខែមេសា។ WFP Cambodia
កម្មវិធីផ្តល់អាហារតាមសាលារៀននេះត្រូវបានបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្ស និង អាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោកស្រី Moon Jung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា៖ «ការគាំទ្រនៅក្នុងដំណាក់កាលទី២នេះ គឺបានបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា តាមរយៈការគាំទ្រប្រព័ន្ធជាតិ ដែលមានតួនាទីផ្តល់នូវការអភិវឌ្ឍន៍យូរអង្វែងក្នុងវិស័យអប់រំ អាហារូបត្ថម្ភ និងជីវភាពរស់នៅតាមទីជនបទ»។
កម្មវិធីផ្តល់អាហារតាមសាលារៀនបានអនុវត្តវិធីសាស្រ្តប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយផ្សារភ្ជាប់ការអប់រំ និងអាហារូបត្ថម្ភជាមួយកសិកម្មក្នុងភូមិ ដោយការបញ្ជាទិញកសិផលផ្សេងៗពីក្រុមកសិករខ្នាតតូចក្នុងសហគមន៍។
លោកស្រី គ្លែរ កូណាន់ តំណាងនិងជានាយិកានៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា ថ្លែងថា៖ «កម្មវិធីស្បៀងអាហារពិភពលោក មានមោទនភាពបំផុត ក្នុងការបន្តគាំទ្រដល់ដំណើររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ភាពជាម្ចាស់យ៉ាងពេញលេញនៃកម្មវិធីផ្តល់អាហារតាមសាលារៀនប្រកបដោយនិរន្តរភាព»។
លោកស្រីបន្តថា៖ «កិច្ចសហការជាថ្មីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និង កីឡាជាឧទាហរណ៍ដ៏មានអានុភាពមួយអំពីរបៀបនៃកិច្ចសហការគ្នា ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារ ការបង្កើនគុណភាពនៃការសិក្សា និងការកសាងសហគមន៍ដែលមានភាពធន់បន្ថែមទៀត»៕
